Connect with us

ព័ត៌មានជាតិ

សាលារៀនចំនួន៤ក្នុងខេត្តសៀមរាប ជាប់ជាសាលាគំរូផ្នែកផ្តល់សេវាសាធារណៈ

រាជរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ២០១៨ បានចេញអនុក្រឹត្យលេខ៥៤ អនក្រ. បក ស្តីពីការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។ អនុក្រឹត្យនេះមានគោលបំណងជំរុញ និងលើកកម្ពស់ប្រសិទ្ធភាព និងគុណភាព នៃដំណើរការរបស់អង្គភាពផ្តល់សេវាសាធារណៈ ក្នុងវិស័យអប់រំ និងសុខាភិបាល ឱ្យកាន់តែប្រសើរ តាមរយៈការកំណត់ឱ្យមានការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ។

សាលារៀនចំនួន៤ ក្នុងខេត្តសៀមរាប ជាប់ជាសាលាគំរូលើផ្នែកផ្តល់សេវាសាធារណៈ
លោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប បានឱ្យដឹងថា៖ នៅក្នុងខេត្តសៀមរាបអាជ្ញាធរខេត្ត បានបង្កើតគណៈកម្មការថ្នាក់ខេត្តមួយ ដើម្បីពិនិត្យនិងវាយតម្លៃការផ្តល់សេវាសាធារណៈ ទាំងវិស័យអប់រំ និងវិស័យសុខាភិបាល។ ក្នុងនោះឆ្នាំ២០២២ គណៈកម្មការថ្នាក់ខេត្ត បានពិនិត្យនិងវាយតម្លៃសម្រាប់គ្រឹះស្ថានសិក្សា ទាំងកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ ដោយមានសាលារៀនចំនួន៤ ក្នុងចំណោមសាលារៀនចំនួន៣០ បានជាប់ចំណាត់ថ្នាក់ជាសាលាគំរូក្នុងការផ្តល់សេវាសាធារណៈ។

«អង្គភាពផ្តល់សេវាសាធារណៈគំរូនេះ យើងបានរៀបចំជាគណៈកម្មការថ្នាក់ខេត្តមួយ មាន គណៈកម្មការដែលជាសមាជិកពាក់ព័ន្ធចូលរួម ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថ្នាក់ដឹកនាំ ខេត្ត។ ថ្នាក់ដឹកនាំខេត្តបានបង្កើតគណៈកម្មការមួយ ដើម្បីពិនិត្យវាយតម្លៃ អង្គភាពដែលផ្តល់សេវាសាធារណៈរួម ដល់អ៊ីចឹងមានទាំងវិស័យអប់រំ យើងមានទាំងវិស័យសុខាភិបាល ដោយឡែកវិស័យអប់រំយើងមានគណៈកម្មការថ្នាក់ស្រុកដែរ។

ថ្នាក់ស្រុកលោកបានរៀបចំជាបញ្ជីអង្គភាពសាលារៀន ដើម្បីដាក់ស្នើសុំមកធ្វើការប្រកួតប្រជែង។ សម្រាប់វិស័យអប់រំគឺគណៈកម្មការបានសម្រេច សម្រាប់បឋមសិក្សា គឺមានសាលាបឋមសិក្សាវត្តបូណ៌ ហើយនិងសាលាបឋមសិក្សាក្រវាន់ ដែលមានទីតាំងក្នុងក្រុងសៀមរាប។ ដោយឡែកសម្រាប់អនុវិទ្យាល័យ គឺមានអនុវិទ្យាល័យមិត្តភាពខ្មែរជប៉ុនព្រះឥន្ទកោសា ហើយនិងអនុវិទ្យាល័យអង្គរធំ» ។

លោកបានបន្តទៀតថា៖ មុនពេលទទួលស្គាល់សាលារៀនទាំងឡាយណា ឱ្យជាប់ចំណាត់ថ្នាក់ជាសាលាគំរូក្នុងការងារផ្តល់សេវាសាធារណៈ គណៈកម្មការថ្នាក់ខេត្ត ត្រូវពិនិត្យ និងអនុវត្តតាមសូចនាករជាក់លាក់ ដើម្បីវាយតម្លៃសាលារៀននោះជាសាលាគំរូ ។
សំឡេង២«យើងមានសូចនាកររហូតដល់ទៅ៨ចំណុចធំៗ ហើយយើងមានសូចនាកររងតូចៗជាច្រើនទៀត មានដូចជាស្តង់ដារសេវាសាធារណៈគំរូ ការចូលរួមទំនាក់ទំនង ការគ្រប់គ្រងថវិកាអី ខ្ញុំគ្រាន់តែ ជម្រាបជាគោលៗទេ វាមានសូចនាករ៨សំខាន់ៗ ដើម្បីធ្វើការវាស់វែងដាក់ពិន្ទុឱ្យណាស់ ។

បានន័យថាអង្គភាពណាមានពិន្ទុច្រើនជាងគេ អង្គភាពនោះត្រូវបានវាយតម្លៃជ្រើសរើសដើម្បីយើងយកទៅប្រកួតនៅក្នុងកម្រិតថ្នាក់ជាតិ » ។
លោកប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តសៀមរាប បានបន្តទៀតថា៖ នៅពេលទទួលបានចំណាត់ថ្នាក់ជាសាលាគំរូ នៅក្នុងខេត្តហើយ សាលារៀនទាំងនោះ នឹងទទួលបានប័ណ្ណសរសើរលើកទឹកចិត្ត និងត្រូវត្រៀមខ្លួនចូលរួមប្រកួតប្រជែងនៅថ្នាក់ជាតិនាពេលខាងមុខ។មិនតែប៉ុណ្ណោះ ប្រសិនបើទទួលបានជ័យលាភី ពួកគាត់នឹងទទួលបានប័ណ្ណសរសើរ និងថវិកាលើកទឹកចិត្តផងដែរ។

«បើសិនជាជាប់អត់បានអីទេ សម្រាប់សហគមន៍ បានន័យថាសាលាហ្នឹងមានអត្ថប្រយោជន៍ មួយ។ បានន័យថា ត្រូវបានវាយតម្លៃត្រូវបានលើកទឹកចិត្តហើយ ថាសាលានោះបានចូលរួម បានបំពេញនូវស្តង់ដារអីផ្សេងៗហើយ ។ទី២បើសិនគាត់ជាប់ក្នុងកម្រិតថ្នាក់ជាតិ គឺបានរង្វាន់ច្រើន ដូចជាបានដល់៤០លានរៀល ។កាលពីកន្លងមកយើងមានតែអង្គភាពវិទ្យាល័យទេ ធ្វើការវាយតម្លៃសម្រាប់ វិស័យអប់រំសម្រាប់តែគ្រឹះស្ថានកម្រិតវិទ្យាល័យទេ ប៉ុន្តែឆ្នាំនេះមានទាំងកម្រិតបឋមសិក្សា មានទាំងអនុវិទ្យាល័យ» ។

ក្នុងនាមថ្នាក់ដឹកនាំមន្ទីរអប់រំយុវជននិងកីឡា បានខិតខំប្រឹងប្រែងជំរុញយ៉ាងខ្លាំង ទៅដល់គ្រឹះស្ថានសិក្សាសាធារណៈ ឱ្យបង្កើនគុណភាពក្នុងការផ្តល់សេវា ក្នុងនោះគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់នៅក្នុងខេត្តបានប្រតិបត្តិតួនាទីភារកិច្ចរបស់ខ្លួន យ៉ាងល្អប្រសើរគ្រប់គ្រាន់ហើយ។ នេះជាការបញ្ជាក់របស់លោកលី ប៊ុណ្ណា ។

«ពាក់ព័ន្ធនឹងការអនុវត្តន៍គោលនយោបាយការងារអប់រំរបស់យើងហ្នឹង គឺបានន័យថាសាលារៀនគាត់ប្រឹងប្រែងហើយ ប៉ុន្តែវាមានស្ថានភាពដូចៗគ្នា ជាពិសេសលំដាប់ពិន្ទុហ្នឹងហើយ។ បានន័យថាសាលារៀនបានធ្វើហើយ ឱ្យយកសូចនាករយើងទៅវាស់បានពិន្ទុទាំងអស់គ្នា ។

បានន័យថាបានចូលរួមចំណែកក្នុងការប្រតិបត្តិក្នុងកិច្ចការរបស់ខ្លួនរួចរាល់ហើយ។ ចង់បានជាអង្គភាពដែលផ្តល់សេវាសាធារណៈល្អ ជាគំរូហ្នឹងគ្រប់ៗគ្នាទាំងអស់។ បានន័យថាគាត់បានប្រឹងប្រែងហើយតែក្នុងកម្រិត តាមធនធាន តាមលទ្ធភាពជាក់ស្តែង តាមមូលដ្ឋាននីមួយៗ» ។លោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប បានរៀបរាប់បន្តថា៖

ចំពោះកិច្ចការងារវាយតម្លៃសាលាគំរូផ្នែកផ្តល់សេវាសាធារណៈនៅថ្នាក់ខេត្តនេះ គឺយើងមានថ្នាក់ខេត្ត និងមន្ទីរជំនាញ ចុះត្រួតពិនិត្យនិងវាយតម្លៃ រួចបញ្ជូនទៅថ្នាក់ជាតិបន្ត ដើម្បីឱ្យថ្នាក់ជាតិវាយតម្លៃសម្រាប់ប្រកួតប្រជែងទូទាំងប្រទេសតែម្តង។
សំឡេង៥«កិច្ចការងារនេះមានការគាំទ្រ ចូលរួមចំណែកពីមន្ទីរមុខងារសាធារណៈ មានការដឹកនាំពីថ្នាក់ដឹកនាំខេត្ត ដែលលោកយកចិត្តទុកដាក់ក្នុងការអនុវត្តន៍កិច្ចការងារនេះ។

ហើយជំនាញរបស់យើងជាសេនាធិការនោះ គឺមានវិស័យអប់រំនិងវិស័យសុខាភិបាល ។អ៊ីចឹងទៅយើងក៏បានប្រជុំពិនិត្យវាយតម្លៃរួមគ្នា ដើម្បីឯកភាពគ្នា យកកិច្ចការងារនេះ បញ្ជូនទៅថ្នាក់ជាតិ ដើម្បីឱ្យគណៈកម្មាធិការថ្នាក់ជាតិ លោកចុះមកពិនិត្យនិងវាយតម្លៃ ជារួមក្នុងក្របខណ្ឌទូទាំងប្រទេសតែម្តង។ រួចហើយបើសិនយើងជាប់ជាចំណាត់ថ្នាក់យើងក៏អបអរសាទរ ប៉ុន្តែបើមិនបានជាប់លេខទេ យើងក៏ប្រឹងប្រែងតទៅទៀត អាហ្នឹងជារឿងធម្មតា» ។

ជាមួយបញ្ហានេះផងដែរ លោកឌី សំណាង នាយកសាលាបឋមសិក្សាក្រវាន់ ស្ថិតក្នុងសង្កាត់នគរធំ ក្រុងសៀមរាប បានលើកឡើងថា៖ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំមកនេះ ថ្នាក់ដឹកនាំលោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាក្រវាន់ក៏ទទួលបាន ចំណាត់ថ្នាក់ពីកម្មវិធីសាលាមេត្រីបរិស្ថាន ។ហើយថ្មីៗនេះទៀតក៏ទទួលបានចំណាត់ថ្នាក់ជាសាលាគំរូ ក្នុងចំណោមសាលាចំនួន៣ទៀត នៅក្នុងខេត្តសៀមរាប ផ្នែកខាងផ្តល់សេវាសាធារណៈ ដើម្បីត្រៀមខ្លួនទៅប្រកួតប្រជែកនៅថ្នាក់ជាតិបន្តទៀត។

«ដោយយើងជាសាលាដែលទទួលបានកិត្តិយសនៅផ្នែកបរិស្ថានស្អាត កន្លងទៅ ហើយការងារនេះក៏យើងបន្តខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍបន្ត ទាំងបរិស្ថាន ទាំងគុណភាពសិក្សា ស្របតាមចក្ខុវិស័យរបស់សាលារៀន។សាលាបឋមសិក្សាក្រវាន់ជាសាលាមួយដែលផ្តោតទៅលើគុណភាព និងសោភ័ណភាពសិក្សា ហើយទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន។

ចំណុចនេះយើងរៀបចំជាផែនការសកម្មភាព ជាផែនការយុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍបន្តបន្ទាប់ ធ្វើឱ្យយើងក្លាយជាទំនុកចិត្តរបស់សហគមន៍។ អ្វីដែលយើងសន្និដ្ឋានថា ទំនុកចិត្តរបស់សហគមន៍ គឺសិស្សានុសិស្សមានការកើនឡើងជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំស្របតាមបរិបទដែលប្រទេសជាតិយើង គ្រប់គ្រងបានទាំងស្រុងនូវការរាតត្បាតជំងឺកូវីដ-១៩ បានវិលត្រឡប់មកប្រក្រតីភាពនៃដំណើរការសិក្សានៅក្នុងសាលារៀន » ។

អ្នកស្រី ឆាំ លា រស់នៅភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាបបានឱ្យដឹងថា៖ សាលាបឋមសិក្សាក្រវាន់ ជាសាលាគំរូមួយនៅក្នុងមូលដ្ឋានអ្នកស្រី ទាំងការរៀបចំអនាម័យ បរិស្ថាន នៅក្នុងសាលារៀន និង ទំនាក់ទំនងរវាងពលរដ្ឋនិងលោកគ្រូ អ្នកគ្រូជាដើម ទើបអ្នកស្រីមានទំនុកចិត្តក្នុងការបញ្ជូនកូនៗចូលមកសិក្សានៅទីនោះ។

«សាលានេះល្អបានយកចៅមកដាក់នៅសាលានេះ គេមើលថែទាំបានល្អ បង្រៀនបានល្អ អត់មានអីផង មកគាត់ទទួលស្វាគមន៍យើងរីករាយជាមួយរហូត មានទំនុកចិត្តទៅលើគ្រូបានយកមក សាលាគេមានរបងមានអីស្អាត អត់ភ័យខ្លាចថាសិស្សចេញក្រៅអី។សំណូមពរឱ្យសាលាកាន់តែល្អ កាន់តែខ្លាំងក្លាឱ្យរៀបចំបានកាន់តែស្អាត » ។

លោកអ្នកនាងស្តាប់ជាទីមេត្រី!
នៅក្នុងខេត្តសៀមរាប មានគ្រឹះស្ថានសិក្សាសាធារណៈ ចំនួនប្រមាណជាង៦០០ រួមមាន៖ មត្តេយ្យសិក្សាចំនួន១៩សាលា បឋមសិក្សា៥១៤សាលា អនុវិទ្យាល័យ៨២សាលា វិទ្យាល័យចំនួន៤១សាលា និងគ្រឹះស្ថានសិក្សាឯកជនចំនួនប្រមាណ៦០សាលារៀន។
សូមជម្រាបផងដែរថា ការដាក់ឱ្យដំណើរការនៃការវាយតម្លៃនិងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងកម្រិតឬប្រភេទណាមួយខាងលើ អនុលោមតាមបទបញ្ញត្តិនៃអនុក្រឹត្យ ត្រូវបានសម្រេចដោយប្រកាសអន្តរក្រសួងរវាងក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងស្ថាប័នសាមី ។

ការវាយតម្លៃនិងការទទួលស្គាល់ អង្គភាពផ្តល់សេវាសាធារណៈគំរូ ហៅកាត់ថា៖អ.ផ.ស.គំរូ ត្រូវអនុវត្តដោយឈរលើគោលការណ៍សុក្រឹតភាព តម្លាភាព និងសមិទ្ធកម្មរបស់ អ.ផ.ស ដែលស្ថិតនៅក្នុងវិស័យ កម្រិតប្រភេទ និងពេលវេលានៃឆ្នាំត្រូវវាយតម្លៃតែមួយដូចគ្នា ដោយធ្វើការពិនិត្យ និងវាយតម្លៃផ្អែកលើលក្ខណៈវិនិច្ឆ័យគោល ដូចជា៖
– ស្តង់ដារសេវាសាធារណៈដែលមានចែង នៅក្នុងឯកសារណែនាំស្តីពីស្តង់ដារ សេវាសាធារណៈដែលជាឧបសម្ព័ន្ធទី២ នៃអនុក្រឹត្យលេខ៤៥៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិវាយតម្លៃសេវាសាធារណៈ។
– ស្តង់ដារ ឬនិយាមនៃការផ្តល់សេវាតាមវិស័យរបស់ក្រសួងអប់រំយុវជននិងកីឡា ឬក្រសួងសុខាភិបាលផ្អែកលើករណីពាក់ព័ន្ធ។

– ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងអង្គភាព រួមមាន៖ការរៀបចំផែនការថវិកា ការគ្រប់គ្រងចំណូល ការអនុវត្តន៍ចំណាយ ទ្រព្យសម្បត្តិរដ្ឋ និងលទ្ធកម្មសាធារណៈ។
– ការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្សនៅក្នុងអង្គភាព។
– ការរៀបចំនិងកែលម្អបរិស្ថានអង្គភាព។
– ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងការចូលរួមវាយតម្លៃពីអ្នកប្រើប្រាស់សេវាសាធារណៈ។- ការដោះស្រាយបញ្ហាប្រឈមនានាជាមួយមន្ត្រី ប្រជាពលរដ្ឋ ឬសហគមន៍
– ការផ្តួចផ្តើមគំនិតថ្មីៗ និងនវានុវត្តន៍ ដើម្បីធ្វើឱ្យអង្គភាពមានដំណើរការកាន់តែប្រសើរ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook