រាជរដ្ឋាភិបាល បានណែនាំឱ្យភាគីពាក់ព័ន្ធ ពង្រឹងបន្ថែមលើការងារគ្រប់គ្រងសកម្មភាពមីន ដើម្បីសម្រេចជោគជ័យ ផែនការយុទ្ធសាស្ត្រ ឆ្នាំ២០២៥ ជាឆ្នាំដែលកម្ពុជាគ្មានមីន ជាពិសេសចូលរួម ដល់ការជួយសង្រ្គោះជីវិតមនុស្ស ចូលរួមកាត់បន្ថយភាពក្រីក្រ និងជួយការកសាងជីវភាពរស់នៅ របស់ ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។
តាមរយៈសារាចរស្តីពីការពង្រឹងបន្ថែមលើការងារគ្រប់គ្រងសកម្មភាពមីន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សកម្មភាពបោសសម្អាតមីន ត្រូវបានរាជរដ្ឋាភិបាលកំណត់យកជាអាទិភាពចម្បង ដើម្បីរួមចំណែក ក្នុងការកាត់បន្ថយភាពក្រីក្រ និង ជំរុញការអភិវឌ្ឍ។ ព្រះរាជាណាចក្រកម្ពុជាបានកំណត់នូវចក្ខុវិស័យយ៉ាង ច្បាស់លាស់ថា ប្រទេសកម្ពុជា ជាប្រទេសដែលគ្មានមីន ការគំរាមកំហែងដោយសំណល់ជាតិផ្ទុះពីសង្គ្រាម ត្រូវបានកាត់បន្ថយឱ្យនៅកម្រិត អប្បបរមា ហើយការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងការអភិវឌ្ឍមនុស្សអាចប្រព្រឹត្តទៅដោយសុវត្ថិភាព។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ដោយកំណត់យក ឆ្នាំ២០២៥ ជាឆ្នាំ ដែលកម្ពុជាគ្មានមីន។
សម្តេចតេជោបានបន្តថា ដើម្បីសម្រេចបានជោគជ័យតាមផែនការយុទ្ធសាស្ត្រនេះ រាជរដ្ឋាភិបាលធ្វើការ ណែនាំដូចជា ស្នើបន្តកិច្ចសហប្រតិបត្តិការគាំទ្ររបស់ដៃគូអភិវឌ្ឍ ប្រទេសជាមិត្ត វិស័យឯកជន និង សប្បុរសជន ទាំងផ្នែកបច្ចេកទេស ថវិកា និងសម្ភារ ក្នុងបេសកកម្មបោសសម្អាតមីននៅកម្ពុជា ដើម្បីឈាន ដល់ការសម្រេចបាននូវគោលបំណងនៃផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន២០១៨-២០២៥ និងការ សម្រេចបានគោលដៅ កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០២៥។
សម្តេចតេជោ បានបន្តទៀតថា ក្រសួង ស្ថាប័ន ដែលអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអភិវឌ្ឍន៍ ត្រូវសហការជាមួយ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយសារមីន ដើម្បី ពិគ្រោះយោបល់ អំពីស្ថានភាពនៃការគម្រាមដោយសារគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះលើទីតាំងដែលត្រូវ អនុវត្តគម្រោង ក៏ដូចជាកំណត់នូវវិធានការចាំបាច់ និងវិធីសាស្ត្រដើម្បីបញ្ចៀសនូវហានិភ័យនានា ដែលអាច កើតមាន។ ការចុះកិច្ចសន្យា ត្រូវធ្វើឡើងតែជាមួយប្រតិបត្តិករបោសសម្អាតមីន ដែលមានអាជ្ញាបណ្ណ និង បណ្ណទទួលស្គាល់នៅមានសុពលភាពពីអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការ ដោយសារមីនប៉ុណ្ណោះ ដើម្បីលើកកម្ពស់ និងធានានូវការគោរពស្តង់ដារនៃការបោសសម្អាតមីន និងសំណល់ ជាតិផ្ទុះពីសង្គ្រាម ប្រកបទៅដោយគុណភាព និងធានាបាននូវសុវត្ថិភាពពេញលេញ។
សម្តេចតេជោ បានបន្ថែមទៀតថា គ្រប់ក្រុមហ៊ុនអាជីវកម្ម និងអ្នកសាងសង់គម្រោងឯកជន ត្រូវសហការ និងពិភាក្សាជាមួយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយសារមីន ដើម្បីកំណត់អត្តសញ្ញាណពិត ប្រាកដនៃទីតាំងដែលមានការគំរាមដោយសារមីននិងសំណល់ជាតិផ្ទុះ ពីសង្គ្រាម និងចាំបាច់ត្រូវបោសសម្អាតជាមុន មុននឹងចាប់ផ្តើមអនុវត្តការសាងសង់ឬធ្វើសកម្មភាពនានា របស់ខ្លួន។ បន្ថែមពីនោះទៀត អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយសារ មីន ត្រូវធ្វើការសិក្សាអំពីលទ្ធភាពនៃការកាត់បន្ថយផ្ទៃដីដែលមានការគំរាមដោយសារមីន តាមវិធីសាស្ត្រ មិនបច្ចេកទេសប្រកបទៅដោយសុវត្ថិភាព ប្រសិទ្ធភាព និងប្រសិទ្ធផលឱ្យបានពេញលេញតាមតែអាចធ្វើ ទៅបាន សំដៅបង្កើនល្បឿនការបោសសម្អាតមីននៅកម្ពុជា៕