Connect with us

ព័ត៌មានជាតិ

ខេត្តកំពង់ឆ្នាំង ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៤ទិវាបុណ្យជ័យជម្នះ៧ មករា

កំពង់ឆ្នាំង ៖ ខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាបុណ្យជ័យជម្នះ ថ្ងៃ៧ មករា(៧ មករា១៩៧៩ -៧ មករា ២០២៣) ត្រូវបានធ្វើឡើងយ៉ាងមហោឡាឫកនៅខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច ចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និង មានការអញ្ជើញចូលរួមពី សំណាក់សមាជិកសមាជិការាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្រ្តីរាជការ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខត្តកំពង់ឆ្នាំង បានអានសុន្ទរកថារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយគូសបញ្ជាក់ថា ថ្ងៃនេះជាថ្ងៃគម្រប់ខួបលើកទី៤៤ នៃទិវាជ័យជម្នះ៧មករា ឆ្នាំ១៩៧៩ ជាប្រវត្តិសាស្រ្តដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត សង្រ្គោះជាតិនិងប្រជាជនកម្ពុជា ឲ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការសម្លាប់រង្គាលរបស់របបដ៍សាហាវ យង់ឃ្នងបំផុតនេះ បានទាន់ពេលវេលា និងបានបញ្ចប់សករាជដ៏ខ្មៅងងឹតបំផុតនៃប្រទេសកម្ពុជា ហើយបើក ឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គម។

រយៈពេល៤៤ឆ្នាំកន្លងទៅនេះ ផ្តើមចេញពីជ័យជម្នះ៧មករា ប្រជាជនកម្ពុជាបានសម្រេចផ្លាស់ប្តូរសង្គមយ៉ាងធំធេង ដែលពិភពលោក ទាំងមូលនឹកស្មានមិនដល់ថា កម្ពុជាបានប្រែក្លាយពីវាលពិឃាដនៃរបបប្រល័យពូជសាសន៍, ពីសង្រ្គាមរ៉ាំរ៉ៃ រាប់ទសវត្សរ៍,ការបាក់បែកជាតិ,បែងចែកទឹកដី ក្លាយជាប្រទេសមួយដែលមានសុខសន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍ តាំងពីបាតដៃទទេរហូតដល់មានការរីកចម្រើនលើគ្រប់វិស័យ ធ្វើឲ្យប្រជាជនមានជីវភាពធូរធារ និង មានកំណើនសេដ្ឋកិច្ច កើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ។

ឆ្នាំ២០២២ដែលទើបតែកន្លងផុតទៅនេះ សភាពការណ៍ទូទៅរបស់កម្ពុជា មានការវិវឌ្ឍន៍យ៉ាងល្អ ដែលផ្តល់ ភាពអនុគ្រោះដល់ការសម្រេចគោលដៅរបស់យើងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ទោះបីជាសភាពការណ៍ អន្តរជាតិ នៅតែបន្តប្រែប្រួលយ៉ាងស្មុគស្មាញក្តី។ នៅក្នុងរយៈពេលនេះ រាជរដ្ឋាភិបាលបានខិតខំអនុវត្ត កម្មវិធីនយោបាយនិងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ សម្រេចបានសមិទ្ធផលធំៗ ថ្មីៗជាច្រើន ប្រកបដោយមោទនភាព ។ សារអរគុណសន្តិភាព ពិតជាមានតម្លៃមិនសាបសូន្យ មិនថាកន្លងមក ថ្ងៃនេះ ឬ ថ្ងៃក្រោយ មនុស្សទាំងអស់គ្នាត្រូវការសន្តិភាព ។

ប្រជាពលរដ្ឋមន្រ្តីរាជការ ដែលបានចូលរួមក្នុងមិន្ទិញអបអរសសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃ ទិវាជ័យជំនះ៧មករានាពេលនេះ បានលើកឡើងថា នៅក្នុងរបបវាលពិឃាដអស់រយៈកាល៣ឆ្នាំ ៨ខែនិង ២០ថ្ងៃ ដែលប៉ុលពតកាន់អំណាច ប្រជាពលរដ្ឋស្លូតត្រង់ត្រូវរបបអាវខ្មៅបង្អត់អាហារ បង្ខំឲ្យធ្វើការជាទម្ងន់ ធ្វើទារុណកម្មយ៉ាងព្រៃផ្សៃនិងកាប់សម្លាប់យ៉ាងរង្គាល។

ប្រជាពលរដ្ឋបញ្ជាក់ទៀតថា ក្នុងរយៈពេលជាង៤៤ឆ្នាំកន្លងមកនេះ ប្រទេសជាតិមានការអភិវឌ្ឍន៍ ជាបន្ត បន្ទាប់ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ហើយ ខេត្តកំពង់ឆ្នាំង ក៍មានការអភិវឌ្ឍន៍ស្ទើរគ្រប់ទីកន្លែងពីក្រុងរហូតដល់ជនបទផងដែរ ។ ទាំងអស់នេះដោយសារមានថ្ងៃ៧មករា ទើបប្រជាពលរដ្ឋ បានរស់រានមានជីវិតឡើងវិញនិងមានអ្វីៗទាំងអស់ នៅថ្ងៃនេះ អរគុណសន្តិភាព ។ ក្នុងឱកាសនោះសម្តេច ឯកឧត្តម ជាគណអធិបតី បានអញ្ជើញរាប់បាត្រ ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជនដែលបានបូជាជីវិតដើម្បីជាតិមាតុភូមិ នាពេល កន្លងទៅ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook