កាលពីថ្ងៃអាទិត្យទី០៨ខែមករាឆ្នាំ២០២២ លោក Shi Yi អ្នកនាំពាក្យនៃទីបញ្ជាការភូមិភាគខាងកើត បាននិយាយថា កងទ័ពរំដោះប្រជាជនចិន (PLA) បានធ្វើសមយុទ្ធយោធានៅក្នុងដែនទឹក និងដែនអាកាស
របស់តៃវ៉ាន់ ដើម្បីសាកល្បងប្រសិទ្ធភាពប្រយុទ្ធរបស់កងទ័ពចិន។

អ្នកនាំពាក្យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កាលពីថ្ងៃទី០៨ខែមករា ទីបញ្ជាការភូមិភាគខាងកើត PLA បានរៀបចំការល្បាតប្រយុទ្ធរួមគ្នានៃប្រភេទ និងសាខារបស់កងទ័ព និងធ្វើលំហាត់យោធា
ជាក់ស្តែងនៅក្នុងសមុទ្រ និងដែនអាកាសជុំវិញកោះតៃវ៉ាន់”។
ហើយសេចក្តីថ្លែងការណ៍ក៏បានបន្តថា គោលបំណងនៃសមយុទ្ធនេះ គឺដើម្បីពិនិត្យមើលសមត្ថភាពប្រយុទ្ធរួមគ្នារបស់កងទ័ព ហើយប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពបង្កហេតុរបស់កងកម្លាំងខាងក្រៅ និង
ផ្តាច់ខ្លួនដែលតស៊ូមតិទាមទារឯករាជ្យរបស់កោះតៃវ៉ាន់។

សូមបញ្ជាក់ថា ៖ ស្ថានការណ៍ជុំវិញកោះតៃវ៉ាន់ បានឡើងកម្តៅខ្លាំង ចាប់ផ្តើមតាំងពីប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ធ្វើទស្សនកិច្ចកោះនេះកាលពីដើមខែសីហា។ ទីក្រុងប៉េកាំងបានថ្កោលទោស
ដំណើរទស្សនកិច្ចនោះ ខណៈខ្លួនចាត់ទុកថាជាកាយវិការគាំទ្រចំពោះការបំបែកខ្លួន ហើយបានចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំនៅតំបន់ជុំវិញកោះនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសមួយចំនួន រួមទាំងបារាំង អាមេរិក ជប៉ុន អង់គ្លេស និងប្រទេសដទៃទៀត បានបញ្ជូនគណៈប្រតិភូរបស់ពួកគេទៅកាន់កោះនេះ ហើយចាប់តាំងពីពេលនោះមក ភាពតានតឹង
នៅក្នុងច្រកសមុទ្រតៃវ៉ាន់ បានឡើងកម្តៅខ្លាំងមួយកម្រិតទៀត៕






