នៅព្រឹកថ្ងៃទី៨ ខែ មករា ឆ្នាំ២០២៣នេះ នៅវត្តប្រាសាទគោកបេង ស្ថិតក្នុងភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ មានរៀបចំពិធីក្រុងពាលី លើកសសរ ព្រះវិហារ៥០០ដើម និងពិធីបើកវគ្គបដិបត្តិសមាធិ រយៈពេល ៣ថ្ងៃ ក្រោមអធិបតីភាព ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះអគ្គាធិការង ពុទ្ធិកសិក្សាជាតិ និងជាព្រះអនុប្រធានថេរៈសភា នៃព្រះពុទ្ធសាសនា ព្រះរាជាណាចក្រកម្ពុជា ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះពោធិ៍វង្សកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃ នាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា

ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត លោក លោកស្រី អភិបាលរង ខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំង៣ មន្ត្រីរាជការ ព្រះសង្ឃ លោកតាជីយាយជី និងពុទ្ធបរិស័ទជាច្រើនរូប។

ព្រះអង្គ ឡុង សុមុនី ព្រះមេគណខេត្តព្រះវិហារ មានសង្ឃដីកាឱ្យដឹងថា ខេត្តព្រះ វិហារមានវត្តសរុបចំនួន ១១៥ វត្ត មានព្រះសង្ឃចំនួន ៨៧៦ អង្គ មានសាលាពុទ្ធិកសិក្សាចំនួន ៦ និងកម្រងសាលាពុទ្ធិកបឋមសិក្សាចំនួន១ ដែលមានសមណៈសិក្សាពុទ្ធិកចំនួន ៣១៨អង្គ សមណៈសិស្សសិក្សាធម៌វិន័យមានចំនួន ៣១៨អង្គនៅទូទាំងខេត្តព្រះវិហារ។ ព្រះអង្គ ក៏មានសង្ឃដីកាពីរបាយការណ៍រីកចម្រើនរបស់វត្ត ប្រាសាទគោកបេងផងដែរ។

ឯកឧត្តម មាស សុភា បានឱ្យដឹងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ក្រោមគោលនយោបាយ ឈ្នះឈ្នះ របស់សម្តេច និងបានអភិវឌ្ឍន៍ប្រទេសជាតិមានការរីកចម្រើន យ៉ាងឆាប់រហ័សលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រ។

ជាក់ស្តែងថ្ងៃនេះបានរៀបចំពិធីក្រុងពាលី លើកសសរ ៥០០ដើម នៅវត្តប្រាសាទគោកបេង ដែលនឹងក្លាយទៅជា បូជនីយដ្ឋានប្រវត្តិសាស្ត្រដ៏សំខាន់ និងមានសក្តានុពលបំផុត សម្រាប់បម្រើឱ្យផលប្រយោជន៍ដ៏ឧត្ដុងឧត្ដម មិនអាចកាត់ថ្លៃបានដល់ព្រះពុទ្ធសាសនា និងសង្គមជាតិ ពិសេសរិតតែធ្វើឱ្យខេត្តព្រះវិហារ រីកមុខមាត់មួយកម្រិតទៀត។ ទាំងនេះក៏ដោយសារតែប្រទេសរបស់យើង មានសុខសន្តិភាព ដូចនេះឯកឧត្តម ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ លោកតា លោក យាយ ទាំងអស់គ្នាចូលរួមថែរក្សានិងការពារនូវសុខសន្តិភាពឱ្យបានយូរអង្វែង ដោយបន្តគាំទ្ររាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោជាបន្តទៀត។

សម្តេចព្រះសង្ឃនាយករងទី១ អំ លីមហេង បានកោតសរ សើរចំពោះការរីកចម្រើនរបស់វត្តប្រាសាទគោកបេង និងបានឱ្យដឹងអំពីអត្ថប្រយោជន៍ នៃការ បដិបត្តិ សមាធិ វិបស្សនាព្រមទាំងបានលើកឡើងអំពី ទំនាក់ទំនងដែលមិនអាចខ្វះបាន រវាង ផ្នែកពុទ្ធចក្រ និងអាណាចក្រផងដែរ៕