Connect with us

ព័ត៌មានជាតិ

ខេត្តប៉ៃលិន អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ថ្ងៃជ័យជម្នះ ៧ មករា(៧មករា១៩៧៩-២០២៣)

ប៉ៃលិន៖ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៤ នៃថ្ងៃជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២៣) ក្រោមអធិបតីភាព ឯកឧត្តម អ៊ី ឈាន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន ។

លោកជំទាវ បាន ស្រីមុំ សមាជិកាគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តប៉ៃលិន បានអានសុន្ទរកថារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយគូសបញ្ជាក់ថាៈ ថ្ងៃនេះ ជាថ្ងៃគម្រប់ខួបលើកទី៤៤ នៃទិវាជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ ជាប្រវត្តិសាស្រ្តដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍របស់ប៉ុលពត សង្រ្គោះជាតិប្រជាជនកម្ពុជាឱ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការសម្លាប់រង្គាល នៃរបបដ៏សាហាវយង់ឃ្នង បំផុតនេះ បានទាន់ពេលវេលា និងបានបញ្ចប់ សករាជ ដ៏ខ្មៅងងឹតបំផុត នៃប្រទេសកម្ពុជា ហើយបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

រយៈពេល ៤៤ ឆ្នាំ កន្លងទៅនេះ ផ្តើមចេញពីជ័យជម្នះ៧មករា ប្រជាជនកម្ពុជា បានសម្រេចផ្លាស់ប្តូរសង្គម យ៉ាងធំធេង ដែលប្រទេសនៅលើពិភពលោកទាំងមូល នឹកស្មានមិនដល់ថា កម្ពុជាបានប្រែក្លាយពីវាលពិឃាដ នៃរបបប្រល័យពូជសាសន៍, ពីសង្រ្គាមរ៉ាំរៃ រាប់ទសវត្សរ៍, ការបាក់បែកជាតិ,បែងចែកទឹកដី ក្លាយ ជាប្រទេសមួយដែលមាន សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ តាំងពីបាតដៃទទេ រហូតដល់មានការរីកចម្រើនលើគ្រប់វិស័យ ធ្វើឱ្យប្រជាជនមានជីវភាពធូរធារ និងមានកំណើនសេដ្ឋកិច្ច កើនឡើងឥតឈប់ឈរ ពីមួយឆ្នាំទៅមួយឆ្នាំ ។

ឆ្នាំ២០២២ ដែលទើបតែកន្លងផុតទៅនេះ សភាពការណ៍ទូទៅរបស់កម្ពុជា មានការវិវឌ្ឍយ៉ាងល្អ ដែលផ្តល់ភាពអនុគ្រោះ ដល់ការសម្រេចគោលដៅរបស់ យើង ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ទោះបីជាសភាពការណ៍អន្តរជាតិ នៅតែបន្តប្រែប្រួល យ៉ាងស្មុគស្មាញក្តី ក៍រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា បានខិតខំអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ សម្រេចបានសមិទ្ធផលធំៗ ថ្មីៗជាច្រើនប្រកបដោយមោទនភាព ដូច្នេះសារអរគុណសន្តិភាព ពិតជាមានតម្លៃមិនសាបសូន្យ មិនថាកន្លងមក ថ្ងៃនេះ ឬ ថ្ងៃក្រោយមនុស្សទាំងអស់គ្នាត្រូវការសុខសន្តិភាព ។

នាឱកាសនោះ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ឆ្លងកាត់រយៈពេល ៤៤ឆ្នាំមកនេះ បានបង្ហាញច្បាស់ថាផ្តើមពីជ័យជម្នះ ៧ មករា ប្រទេសកម្ពុជា បាននិងកំពុងឈានទៅមុខឥតឈប់ឈរ តាមទិសដៅដ៏ត្រឹមត្រូវ ដែលឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន ហើយកម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍, ពីសមរភូមិនៃសង្គ្រាមដ៏រ៊ាំរ៉ៃ, ពីការបែកបាក់ជាតិ និងការបែងចែកទឹកដី និងពីទឹកដីមួយដែលខឿនសេដ្ឋកិច្ចជាតិត្រូវបំផ្លាញខ្ទេចខ្ទី ទៅជាទឹក ដីដែលមានសន្តិភាព សាមគ្គីភាព ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឱ្យប្រជាជនគ្រប់រូបបានរស់នៅយ៉ាងសុខដុមរមនា ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ និងម្លប់ដ៏ត្រជាក់នៃ អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ឯកឧត្តមប្រធាន បានមានប្រសាសន៍រម្លឹកថា៖ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយថ្ងៃនេះជាទិវាគម្រប់ខួបលើកទី៤៤ នៃជ័យជម្នះ ជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយបានសង្គ្រោះជាតិខ្មែរឱ្យរស់រានមានជីវិតឡើងវិញទាន់ពេលវេលា រួចផុតពីទារុណកម្ម និងការកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា និងរបស់មនុស្សជាតិ ។

ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍បញ្ជាក់ថា៖ ក្រោមម្លប់សន្តិភាព បន្ទាប់ពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដ៏កាចសាហាវ ក្នុងឆ្នាំ ២០២០-២០២១ កម្ពុជាទទួលបានជោគជ័យ តាមរយៈការដឹកនាំដ៏ត្រឹមត្រូវ ការអនុវត្តន៍យុទ្ធសាស្ត្រ និងវិធានការដ៏មុតស្រួចនានាប្រកបដោយប្រសិទ្ធភាព និងការចូលរួមដ៏សកម្មរបស់ប្រជាជន ដែលបានពង្រឹងខឿនការពារសុខភាព ធានាដល់ដំណើរការស្តារ និងជំរុញសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូរីដ-១៩ ជាក់ស្តែងវិស័យសេដ្ឋកិច្ច បានងើបឡើងវិញយ៉ាងឆាប់រហ័ស ដោយសារការខិតខំប្រឹងប្រែង ប្រកបដោយភាពបុរេសកម្ម និងភាពម្ចាស់ការរបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញវិធានការ រក្សាលំនឹងសង្គម-សេដ្ឋកិច្ច ទាន់ពេលជាបន្តបន្ទាប់ ហើយលើមូលដ្ឋាននេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៥.៥% ក្នុងឆ្នាំ២០២២ និងត្រូវបានព្យាករណ៍ថា នឹងសម្រេចបានកំណើន ៦.៦% នៅឆ្នាំ២០២៣ ។

សូមរំលឹកថា៖ កាលពី៤៤មុន ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗ ត្រូវរស់នៅក្រោមការបង្ខិតបង្ខំឲ្យធ្វើការលើស កម្លាំង គ្មានថ្ងៃ ឈប់សម្រាក អាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម ហើយសិទ្ធិសេរីភាពទាំងអស់របស់ពលរដ្ឋមិនមានឡើយ ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រជាពលរដ្ឋ មានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរហូតមកដល់សព្វថ្ងៃនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាជាណាចក្រកម្ពុជា ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook