ប្រែសម្រួល ពី(ស៊ីនហួ) ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកជំទាវ ម៉ៅ នីង (Mao Ning)បាននិយាយកាលពីថ្ងៃសុក្រទី៦មករា ឆ្នាំ២០២៣ នេះថា ចិនបានបញ្ជូនអ្នកជំនាញទៅកាន់រដ្ឋសមាជិក អង្គការសុខភាពពិភពលោក (WHO) ចិនបានត្រៀមខ្លួនរួចហើយក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយ WHO និងប្រទេសដទៃទៀតលើពិភពលោកដើម្បីដោះស្រាយបញ្ហាប្រឈមកូវីដឱ្យកាន់តែមានប្រសិទ្ធភាព ។
លោកជំទាវ បាននិយាយថា អាជ្ញាធរមានសមត្ថកិច្ចរបស់ចិនបានចែករំលែកព័ត៌មានអំពីជំងឺរាតត្បាតជាមួយសហគមន៍អន្តរជាតិក្នុងលក្ខណៈទាន់ពេលវេលា បើកចំហ និងតម្លាភាពស្របតាមច្បាប់ និងរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ WHO ចាប់តាំងពីជំងឺកូវីដបានចាប់ផ្តើម ។
លោកជំទាវបាននិយាយថាតបតាមការអញ្ជើញរបស់ WHO ចិនបានបញ្ជូនអ្នកជំនាញកាលពីថ្ងៃព្រហស្បតិ៍ទៅកាន់សន្និសីទរបស់រដ្ឋជាសមាជិករបស់ WHO ដែលពួកគេពន្យល់ពីវិធានការឆ្លើយតប ការត្រួតពិនិត្យមេរោគបំលែងថ្មី ការចាក់វ៉ាក់សាំង និងការថែទាំព្យា បាលរបស់ចិន និងមានអន្តរ កម្មយ៉ាងសកម្មជាមួយរដ្ឋសមាជិកផ្សេងទៀត ។
លោកជំទាវ ម៉ៅ នីង បាននិយាយទៀតថា “យើងបានកត់សម្គាល់ឃើញថា WHO បាននិយាយថា ពួកគេបានឃើញទិន្នន័យបន្ថែមទៀតស្តីពីការញែកមេរោគដោយប្រទេសចិន និងបង្កើនការចូលរួមជាមួយ WHO ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះពីប្រទេសចិន”ចិនត្រៀមខ្លួនជាស្រេចក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយ WHO និងប្រទេសដទៃទៀតលើពិភពលោក ដើម្បីដោយស្រាយបញ្ហាប្រឈមកូវីដឱ្យកាន់តែមានប្រសិទ្ធភាព និងការពារអាយុជីវិត និងសុខភាពមនុស្សកាន់តែប្រសើរឡើង” ។
ទន្ទឹមនឺងនេះដែរ ប្រភពបីបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ចិនកំពុងពិភាក្សាជាមួយក្រុមហ៊ុន Pfizer Inc ដើម្បីទទួលបានអាជ្ញាប័ណ្ណមួយ ដែលនឹងអនុញ្ញាតឱ្យអ្នកផលិតឱសថក្នុងស្រុកផលិត និងចែកចាយថ្នាំប្រឆាំងកូវីដរបស់ក្រុមហ៊ុនអាម៉េរិក Paxlovid នៅក្នុងប្រទេសចិន ។
ប្រភពមួយក្នុងចំណោមនោះដែលដឹងអំពីបញ្ហានេះបាននិយាយថា និយតករផលិតផលវេជ្ជសាស្ត្ររបស់ចិន គឺរដ្ឋបាលផលិតផលវេជ្ជសាស្ត្រជាតិ (NMPA) បានដឹកនាំកិច្ចពិភាក្សាជាមួយក្រុមហ៊ុន Pfizer តាំងពីចុងខែមុនមក ។
ប្រភពដដែលបានបន្តថា រដ្ឋាភិបាលក្រុងប៉េកាំងចង់សម្រេចឱ្យរួចរាល់នូវលក្ខខណ្ឌកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណ នៅមុនថ្ងៃចូលឆ្នាំថ្មី ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៣ ៕