លោកម៉ាកគី សាល (Macky Sall) ប្រធានាធិបតីសេណេហ្គាល់ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យទី៨មករាថា មនុស្សចំនួន ៣៩ នាក់បានស្លាប់ និងជាង ១០០ នាក់ផ្សេងទៀតបានរងរបួស នៅពេលដែល
រថយន្តក្រុងពីរគ្រឿងបុកគ្នាទាំងយប់នៅលើផ្លូវសំខាន់មួយក្នុងតំបន់កាហ្វហ្វ្រ៊ីន (Kaffrine) ភាគកណ្តាលប្រទេសសេណេហ្គាល់។ រូបភាពនៃឧបទ្ទវហេតុនេះបានបង្ហាញផ្នែកខាងមុខនៃរថយន្តក្រុងពណ៌សទាំងពីរ
ខ្ទេចអស់ ដោយមានឈាមប្រឡាក់ពេញកៅអីរបស់របរផ្ទាល់ខ្លួននិងស្បែកជើងបានខ្ទាតចេញពាសពេញទីតាំងកើតហេតុ។
អ្នកជំនាញបាននិយាយថា គ្រោះថ្នាក់ចរាចរណ៍គឺជារឿងធម្មតានៅក្នុងប្រទេសសេណេហ្គាល់ ដែលភាគច្រើនគឺដោយសារតែកំហុសរបស់អ្នកបើកបរ ផ្លូវមិនល្អ និងយានជំនិះចាស់ៗប៉ុន្តែគ្រោះមហន្តរាយចុងក្រោយ
បំផុតនេះបានបណ្តាលឱ្យបាត់បង់អាយុជីវិតធ្ងន់ធ្ងរបំផុតពីឧបទ្ទវហេតុតែមួយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោកសាលបានកែតម្រូវសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលមុននេះ ដែលដាក់
តួលេខអ្នកស្លាប់ ៤០ នាក់ ដោយលើកឡើងពីការរាប់ខុសនៅឯកន្លែងរក្សាសព។
លោកបានធ្វើអត្ថាធិប្បាយបែបនេះ បន្ទាប់ពីចុះទៅមើលកន្លែងកើតហេតុនៅលើផ្លូវជាតិលេខ ១ នៅក្រៅភូមិស៊ីគីឡូ (Sikilo)និងនិយាយជាមួយអ្នករងរបួសមួយចំនួននៅមន្ទីរពេទ្យក្នុងតំបន់ក្នុងទីប្រជុំជនកាហ្វ
ហ្វ្រ៊ីនក្បែរនោះ។

លោកសាលបាននិយាយថា “យើងកត់សម្គាល់ដោយការឈឺចាប់និងការសោកសៅយ៉ាងខ្លាំងចំពោះការស្លាប់មនុស្ស ៣៩ នាក់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅជិតទីប្រជុំជនកាហ្វហ្វ្រ៊ីន”។ហើយ លោកបានបន្ថែមថា “
យើងបានបាត់បង់មនុស្សវ័យក្មេងជាច្រើននាក់ក្នុងគ្រោះថ្នាក់នេះ ហើយថ្ងៃស្អែកនាយករដ្ឋមន្ត្រីនឹងកោះប្រជុំក្រុមប្រឹក្សាអន្តរក្រសួង ដែលពាក់ព័ន្ធនឹងពិភពនៃការដឹកជញ្ជូន ក៏ដូចជាអ្នកដឹកជញ្ជូន អ្នកបើកបរ
អ្នកធានារ៉ាប់រង និងសេវាសន្តិសុខ ដើម្បីពិនិត្យមើលវិធានការដែលត្រូវអនុវត្ត”។
សូមបញ្ជាក់ថា ៖ រដ្ឋាភិបាលប្រទេសសេណេហ្គាល់បានប្រកាសកាន់ទុក្ខជាតិចំនួនបីថ្ងៃចាប់ពីថ្ងៃចន្ទនេះតទៅ ដោយទង់ជាតិនឹងត្រូវបង្ហូតពាក់កណ្តាលដងនៅទូទាំងប្រទេស៕
