Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ បញ្ជាក់ថា សន្តិភាពនិងការអភិវឌ្ឍ ត្រូវបំពេញឱ្យគ្នាទៅវិញទៅមក

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សន្តិភាពនិងការអភិវឌ្ឍ ត្រូវបំពេញឱ្យគ្នាទៅវិញទៅមក ក្នុងការអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើន ប្រជាពលរដ្ឋរស់នៅដោយសុខក្សេមក្សាន្ត។

ក្នុងពិធីបើកការដ្ឋានពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ ប្រវែងសរុបជាង ៤៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា (ក្រុងកំពង់ចាម) នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សន្តិភាពនិងការអភិវឌ្ឍ ជាចំណងចងភ្ជាប់គ្នាទៅវិញទៅមក ដោយត្រូវដើរទន្ទឹមគ្នា ហើយបើការដែលរក្សាបានត្រឹមសន្ដិភាពតែគ្មានការអភិវឌ្ឍគឺអាចនាំឱ្យរដ្ឋាភិបាលបរាជ័យផងដែរ។
សម្តេចតេជោ បានបន្តថា ការរក្សាបានភាពនឹងនរបច្ចុប្បន្ន ត្រូវយកការអភិវឌ្ឍ ដើម្បីពង្រឹងសន្តិភាព ហើយយកសន្តិភាព ជំរុញការអភិវឌ្ឍ។

« ខ្ញុំសូមបញ្ជាក់ឡើងវិញថា ចំណងទាក់ទងបែបវិទ្យាឬការបំពេញឱ្យគ្នា រវាងសន្តិភាពនិងការអភិវឌ្ឍ នៅតែជាយុទ្ធសាស្ត្រចម្បង របស់គណបក្សប្រជាជន និងរបស់រាជរដ្ឋាភិបាល។ ដៃម្ខាងពង្រឹងសន្តិភាព រក្សាសន្តិភាពឱ្យបាន និងដៃម្ខាងត្រូវតែជំរុញការអភិវឌ្ឍ។ យកសន្តិភាព ដើម្បីជំរុញការអភិវឌ្ឍ យកការអភិវឌ្ឍដើម្បីពង្រឹងសន្តិភាព គ្មានជម្រើសណាល្អជាង ជម្រើសនេះទេ» ។

សម្តេចតេជោ ធ្លាប់មានប្រសាសន៍ផងដែរថា ពេញមួយជីវិតរបស់សម្ដេចនេះ គឺដៃម្ខាងខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាម ស្វែងរកសុខ សន្ដិភាព និងដៃម្ខាងទៀត គឺប្រឹងកសាង ស្ដារឡើងវិញ និងអភិវឌ្ឍន៍ប្រទេស ដើម្បីតែប្រជាជនកម្ពុជា។ សន្ដិភាពដែលសម្ដេចយកជីវិតធ្វើដើមទុននេះ គឺដាច់ខាតត្រូវតែរក្សា និងការពារឱ្យខាងតែបាន មិនអាចឱ្យមានអ្នកណាមកបំផ្លាញបាននោះឡើយ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook