Connect with us

ព័ត៌មានជាតិ

ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម ចេញវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ

ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ ខណៈក្នុងរដូវប្រាំងអាកាសធាតុក្តៅហួតហែង ស្ងួតខ្លាំង ងាយបង្កនូវភ្លើងឆេះព្រៃ។
ក្រសួងទាំងពីរនេះ បានបញ្ជាក់ថា ក្រៅពីបាតុភូតធម្មជាតិដែលអាចបង្កឱ្យមានភ្លើងឆេះព្រៃ ប្រការដែលគួរឱ្យព្រួយបារម្ភបំផុតនោះ គឺភ្លើងឆេះព្រៃដែលបង្កឡើងដោយសារសកម្មភាព របស់មនុស្សផ្ទាល់។ កត្តាចម្បងដែលបង្កឱ្យមានភ្លើងឆេះព្រៃញឹកញាប់បំផុតនារដូវប្រាំងមានជាអាទិ៍ ការកាប់ឆ្ការដុតរានព្រៃដើម្បីដាំដំណាំកសិកម្មផ្សេងៗ ការធ្វើកសិកម្មពនេចរ ការទន្ទ្រានដីព្រៃដើម្បីតាំង លំនៅឋានខុសច្បាប់ ការទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់ ការដុតព្រៃដើម្បីចាប់សត្វ ការបន្សល់ដើមភ្លើង នៅក្នុងព្រៃ ដោយការធ្វេសប្រហែសរបស់មនុស្ស។ល។

ភ្លើងឆេះព្រៃ ជារៀងរាល់ឆ្នាំបានបង្កឱ្យមានបញ្ហាដល់ការបាត់បង់ធនធានព្រៃឈើ ព្រៃលិចទឹក និងធនធានធម្មជាតិក្នុង តំបន់ការពារធម្មជាតិដែលអាចបង្កឱ្យមានការខូចខាតផ្នែកសេដ្ឋកិច្ច ធនធានធម្មជាតិ និងបរិស្ថាន។
ក្រសួងទាំងពីរនេះ បានណែនាំដល់អង្គភាពពាក់ព័ន្ធ រួមទាំងសហគមន៍ ព្រៃឈើ សហគមន៍តំបន់ការពារធម្មជាតិ សហគមន៍នេសាទ សហគមន៍កសិកម្ម និងអ្នកពាក់ព័ន្ធផ្សេងទៀតអនុវត្តវិធានការអប់រំ ផ្សព្វផ្សាយ ណែនាំដល់ប្រជាសហគមន៍ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ភ្លើង សម្រាប់ជាមធ្យោបាយដើម្បីចម្អិនអាហារ ការ យកឃ្មុំ ការដុតស្មៅព្រៃ ការដុតស្ទាក់ចាប់សត្វ និងការប្រមូលផល អនុផលព្រៃឈើជាដើម។

ជាមួយគ្នានេះ ទប់ស្កាត់ការកាប់ឆ្ការ ទន្ទ្រាន ឈូសឆាយ ដុតព្រៃឈើ និងព្រៃលិចទឹក ដើម្បីពង្រីកផ្ទៃដីដំណាំ កសិកម្ម ឬក្នុងគោលបំណងផ្សេងៗទៀត ដែលជាសកម្មភាព ល្មើសច្បាប់ និងបង្កឱ្យមានភ្លើងឆេះព្រៃឈើ ព្រៃលិចទឹក និងរាលដាលរហូតដល់ភូមិកររបស់ប្រជាពលរដ្ឋ តំបន់រដ្ឋបាលសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ រូបវន្តនានា នៅក្នុងឬជុំវិញសហគមន៍ព្រៃឈើ សហគមន៍នេសាទ សហគមន៍តំបន់ការពារធម្មជាតិ តំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។

អនុលោមតាមច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីជលផល គឺប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរដែនដីគ្រប់ថ្នាក់ ត្រូវមានករណីយកិច្ចទទួលខុសត្រូវ ថែរក្សា ការពារព្រៃឈើ បង្ការ និងប្រយុទ្ធនឹងភ្លើងឆេះព្រៃ ចូលរួមថែរក្សាជម្រកមច្ឆជាតិ ការពារ បង្ការ និងប្រយុទ្ធនឹងភ្លើងឆេះព្រៃលិចទឹក នៅតាមមូលដ្ឋាន រៀងៗខ្លួន។

ជនណាដែលបានប្រព្រឹត្ត ឬបង្កឱ្យមានភ្លើងឆេះព្រៃ ឬភ្លើងឆេះព្រៃលិចទឹកដោយចេតនា ត្រូវផ្តន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី១ ឬបទល្មើសជលផលថ្នាក់ទី១ ដែលត្រូវជាប់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ ឬពី៣ឆ្នាំ ទៅ៥ឆ្នាំ។
ដោយឡែក តាមមាត្រា៦២នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ បានចែងថា ការបង្កឱ្យមានភ្លើងឆេះព្រៃដោយចេតនា ជាបទល្មើសធនធានធម្មជាតិ ថ្នាក់ទី៤ ដែលត្រូវ ផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ដល់១០ឆ្នាំ និងពិន័យជាប្រាក់ពី១៥លានរៀល ដល់១៥០លានរៀល៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook