ព័ត៌មានជាតិ
រដ្ឋាភិបាលពិចារណាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដោយកំណត់អ្នកនយោបាយ មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ត្រូវមានសញ្ជាតិកម្ពុជាតែមួយ

(ភ្នំពេញ)៖ រដ្ឋាភិបាលពិចារណាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដោយកំណត់អ្នកនយោបាយ មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ត្រូវមានសញ្ជាតិកម្ពុជាតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការអនុវត្តច្បាប់ចំពោះអ្នកជាប់ពន្ធនាគារដែលមានសញ្ជាតិពីរ និងទប់ស្កាត់រាល់ការស្នើសុំដោះលែងពីអគ្គរាជទូតប្រចាំកម្ពុជានីមួយៗ ។ក្នុងពិធីបើកការដ្ឋានដ្ឋានពង្រីក និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ៧ ចាប់ពីរង្វល់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម កាលពីម្សិលមិញថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៣ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញពីបំណងចង់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសារជាថ្មី សម្រាប់កំណត់ឱ្យអ្នកនយោបាយមានសញ្ជាតិតែមួយ ដើម្បីទប់ស្កាត់ទូតមួយចំនួនស្នើសុំលើវិធានការច្បាប់ចំពោះអ្នកជាប់ពន្ធនាគារ ដែលមានសញ្ជាតិពីរ ឬច្រើនជាងពីរ ។
សម្តេចនាយករដ្ឋ ហ៊ុន សែន បន្ថែមថា សម្តេចបានប្រាប់ទៅកាន់អគ្គរាជទូតប្រទេសមួយ ដោយសារអគ្គរាជទូតនោះនិយាយថា អ្នកជាប់ពន្ធនាគារទាំងនោះ គឺមានសញ្ជាតិប្រទេសរបស់ខ្លួន ហើយត្រូវរងការប្តឹងផ្តល់ ឬជាប់ឃុំឃាំង ដូច្នេះស្នើឱ្យបន្ធូរបន្ថយ ឬដោះលែង ។ សម្តេចបន្តថា ការស្នើបែបនេះ សម្តេចក៏ត្រូវគិតដែរអំពីរដ្ឋធម្មនុញ្ញកម្ពុជា គឺកំណត់ឱ្យអ្នកនយោបាយទាំងអស់ត្រូវមានសញ្ជាតិតែមួយ ដើម្បីកុំឱ្យមានសញ្ជាតិពីរដែលអាចនាំឱ្យប៉ះពាល់ដល់ការអនុវត្តច្បាប់នៅកម្ពុជា ។
សម្តេចបញ្ជាក់ថា៖ «ឥឡូវប្រជាពលរដ្ឋអ្នកឯងមកជាប់គុកស្រុកខ្មែរ មកធ្វើនយោបាយស្រុកខ្មែរ ចាំធ្វើពលរដ្ឋអ្នកឯងនៅស្រុកអ្នកឯងទៅ មកដល់កម្ពុជា គឺជាពលរដ្ឋកម្ពុជា មិនអាចឱ្យពលរដ្ឋបរទេសមកធ្វើនយោបាយនៅស្រុកខ្មែរទេ» ។
សម្តេចថ្លែងទៀតថា កម្ពុជា នឹងពិនិត្យលទ្ធភាពបន្ថែមទៀតនៅក្នុងច្បាប់ធម្មនុញ្ញ គឺតម្រូវឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកធ្វើនយោបាយទាំងឡាយ គឺត្រូវមានសញ្ជាតិតែមួយ ដើម្បីកុំឱ្យបរទេសបណ្តុះបណ្តាលអ្នកនយោបាយដែលមានសញ្ជាតិពីរ មកលូក លាន់កិច្ចការនយោបាយនៅកម្ពុជា ជាពិសេស មកលូកលាន់ក្នុងការអនុវត្តច្បាប់ចំពោះជនដែលប្រព្រឹត្តល្មើសច្បាប់នៅកម្ពុជា ។
សម្តេចនាយករដ្ឋមន្ត្រីបានចោទជាសំណួរថា តើនៅបណ្តាប្រទេសក្នុងតំបន់អាស៊ាន មានប្រទេសចំនួនប៉ុន្មានដែលអនុញ្ញាតឱ្យអ្នកមានសញ្ជាតិពីរ ដើម្បីធ្វើសកម្មភាពនយោបាយ? សម្តេចបន្ថែមថា សម្រាប់កម្ពុជា នាពេលបច្ចុប្បន្ន គឺគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោតទាំង ៩រូប ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ គឺមានសញ្ជាតិខ្មែរតែមួយ ។
សម្តេច ហ៊ុន សែន បន្ថែមថា ចំពោះគណបក្សប្រជាជនកម្ពុជា គឺនៅមានលទ្ធភាព ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដាក់ចេញនូវការអនុវត្តមួយសម្រាប់អ្នកធ្វើនយោបាយនៅស្រុកខ្មែរ ដើម្បីបញ្ចប់ជាស្ថាពរនូវអ្វីដែលជាប់ពាក់ព័ន្ធជាមួយបណ្ដាប្រទេសដទៃ ឬមានសញ្ជាតិពីរ ។
សម្តេចបន្តថា ការលើកឡើងពាក់ព័ន្ធកំណត់សញ្ជាតិតែមួយជាសាធារណៈនេះ គឺសង្ឃឹមថាស្ថានទូតនីមួយៗនឹងយកទៅបកប្រែ ដើម្បីបានដឹងពីគោលបំណងរបស់កម្ពុជា ។
សម្តេចបញ្ជាក់ថា ដើម្បីឱ្យស្រឡះត្រូវដាក់ឱ្យមានសញ្ជាតិតែមួយ ហើយមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា ក៏មានសញ្ជាតិពីរមួយចំនួនដែរ ប៉ុន្តែបក្សប្រជាជនអាចលះបង់បាន ដើម្បីដោះស្រាយរាល់លំបាកមួយចំនួនដែលបរទេសតែងតែយកបញ្ហាសញ្ជាតិនេះ លូកលាន់បញ្ហានយោបាយនៅកម្ពុជា ។
អ្នកជំនាញផ្នែកច្បាប់ និងជាមេធាវី លោក សុក សំអឿន បានលើកឡើងថា សម្រាប់កម្ពុជា បើកំណត់ឱ្យមានសញ្ជាតិតែមួយមិនសូវល្អប៉ុន្មានទេ ព្រោះកំណត់បែបនេះមានន័យថា កម្ពុជាបានទាត់ចោលក្រុមធំមួយដែលមានសញ្ជាតិពីរ គឺមិនឱ្យធ្វើនយោបាយ ។
លោក សុខ សំអឿនបន្ថែមថា ហេតុអ្វីបានជាប្រជាជនទៅរស់នៅក្រៅប្រទេស គឺដោយសារប្រទេសមានសង្គ្រាម ដូច្នេះ ប្រជាពលរដ្ឋមួយចំនួនបង្ខំចិត្តទៅរស់នៅក្រៅប្រទេស ហើយទទួលបានសញ្ជាតិមួយបន្ថែមទៀត ។
លោក សុខ សំអឿនបញ្ជាក់ថា៖ «បើយើងទាត់ចោលក្រុមទាំងអស់ហ្នឹងមិនឱ្យធ្វើនយោបាយ អាចជាការខាតប្រយោជន៍ទៅវិញ ព្រោះពួក គេអាចលែងខ្វាយខ្វល់រឿងនយោបាយនៅស្រុកយើង ហើយកិច្ចការនយោបាយ គឺស្រាច់តែក្រុមអ្នកនយោបាយនៅក្នុងស្រុក ដូច្នេះខ្វះមតិយោបល់ពីពួកអ្នកនៅក្រៅប្រទេស» ។
លោកបន្តថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ អាចធ្វើទៅរួច ព្រោះបច្ចុប្បន្នមានតែគណបក្សមួយប៉ុណ្ណោះនៅក្នុងសភាជាតិ ដូច្នេះ ការធ្វើច្បាប់កំណត់បែបហ្នឹងគ្មានអ្វីពិបាកឡើយ ប៉ុន្តែនៅពេលគណបក្សផ្សេងមានសំឡេងនៅក្នុងសភាជាតិ ឬដឹកនាំរដ្ឋាភិបាល គឺគណបក្សទាំងនោះអាចប្ដូរច្បាប់ទាំងហ្នឹងឡើងវិញបាន ។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យ និងអ្នកវិភាគបញ្ហាសង្គម លោក ប៉ា ច័ន្ទរឿន បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ សន្ទុះនៃការដាក់សម្ពាធ ឬការកៀបសង្កត់សេរីភាពធ្វើនយោបាយ គឺមានការកើនឡើង ការកំណត់ឱ្យមានសញ្ជាតិតែមួយរបស់រដ្ឋាភិបាល គឺជាអាវុធមួយនៃផ្នែកផ្លូវច្បាប់នៅក្នុងសេរីភាពធ្វើនយោបាយមួយផ្នែក ។
លោកបន្ថែមថា ជាទូទៅការបើកទូលាយឱ្យជនរួមជាតិរបស់ខ្លួនមានសញ្ជាតិលើសពីមួយ គឺជារឿងល្អ ដើម្បីឱ្យពួកគេមានលទ្ធភាពធ្វើដំណើរ ជាពិសេស សម្រាប់ប្រាស្រ័យទាក់ទងជាមួយប្រទសេមួយទៅប្រទេសមួយទៀត ជាពិសេស រវាងប្រទេសដើមកំណើតរបស់ខ្លួន ជា មួយប្រទេសទី២ ដែលពួកគាត់តាំទីលំនៅ គឺធ្វើឱ្យកាន់តែល្អប្រសើរ ។
លោក ប៉ា ច័ន្ទរឿន បន្តថា បច្ចុប្បន្ន ជាសម័យសាកលភាវូបនីយកម្ម ដែលមនុស្សត្រូវការប្រាស្រ័យទាក់ទងគ្នាដោយបើកចំហរជើងមេឃ ដូច្នេះ បើប្រជាពលរដ្ឋមានសញ្ជាតិពីរ គឺមានផលច្រើនសម្រាប់សង្គមជាជាងកំណត់ជាកំហិតឱ្យមានសញ្ជាតិតែមួយ ព្រោះសញ្ជាតិពីរ គឺផ្ដល់ឱកាស និងលទ្ធភាពឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរ ឬធ្វើកិច្ចការទាំងរឿងផ្ទាល់ខ្លួន ទាំងជំនួញ ព្រោះបច្ចុប្បន្ន កម្ពុជាត្រូវការធន ធានមនុស្ស និងជំនួយបន្ថែម ។
លោកបញ្ជាក់ថា៖ «ខ្ញុំគិតថា ការផ្លាស់ប្ដូរច្បាប់កំណត់ឱ្យមានសញ្ជាតិតែមួយ កាលពីឆ្នាំមុនជារឿងល្អ ប៉ុន្តែកំណត់បន្ថែមម្ដងទៀតដល់អ្នកនយោបាយ ឬមន្ត្រីរាជការស៊ីវិល សម្រាប់ប្រទេសប្រជាធិបតេយ្យ បើមានការផ្លាស់ប្ដូរច្បាប់បែបនេះ គឺគេភាគច្រើនតែងធ្វើប្រជា មតិ»។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា លោក គិន ភា បានលើកឡើងថា បញ្ហាមិននៅត្រង់សញ្ជាតិមួយ ឬសញ្ជាតិពីរនោះទេ ប៉ុន្តែបញ្ហាត្រង់ថា នៅពេលដែលពលរដ្ឋខ្មែរមួយចំនួនមានសញ្ជាតិបរទេស ហើយវិលត្រឡប់មកធ្វើនយោបាយនៅស្រុកខ្មែរ នៅពេលពួកគេមានបញ្ហាខាងផ្លូវច្បាប់ ពួកគេបែរជាប្រើសញ្ជាតិបរទេស ដើម្បីស្រែកដង្ហោយរកសម្ពាធពីប្រទេសដែលខ្លួនទទួលបានសញ្ជាតិនោះ មកដាក់លើប្រជាជាតិឯងទៅវិញ ហើយប្រទេសដែលពលរដ្ឋខ្មែរបានទទួលសញ្ជាតិនោះ មកដាក់សម្ពាធលើរាជរដ្ឋាភិបាលកម្ពុជាដោយប្រើលេសជួយអន្តរាគមន៍ពលរដ្ឋខ្លួនផងដែរ ។
លោកថា បើស្នេហាជាតិពិតប្រាកដ ការលះបង់សញ្ជាតិបរទេស ដើម្បីធ្វើការបម្រើជាតិយើងដោយស្មោះត្រង់ មិនគួរជាបញ្ហាចោទទេ «ខ្ញុំគាំទ្រការតម្រូវឱ្យមានសញ្ជាតិខ្មែរតែមួយសម្រាប់អ្នករាជការសាធារណៈ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អ្នកកាន់មុខតំណែងសាធារណៈផ្សេងទៀត និងអ្នកនយោបាយខ្មែរគ្រប់រូប» ។
ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន បានថ្លែងថា មួយរយៈទសវត្សចុងក្រោយនេះ គឺប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសច្រើន ដូច្នេះ ភាគច្រើនអ្នករស់នៅក្រៅប្រទេស គឺអ្នកខ្លះបានរៀនសូត្របានច្រើន ហើយមានចំណេះដឹងក៏ច្រើន ហើយបើពួកគេចង់ចូលរួមអភិវឌ្ឍប្រទេសជាតិ គឺពិបាកដោយសារមានច្បាប់រឹតបន្ដឹងអ្នកនយោបាយ គឺតម្រូវឱ្យមានសញ្ជាតិតែមួយ ។
លោកបន្ថែមថា ការកំណត់បែបនេះ ធ្វើឱ្យអ្នកមានសញ្ជាតិពីររស់នៅក្រៅប្រទេស គឺស្ទាក់ស្ទើរមកធ្វើនយោបាយនៅក្នុងស្រុករបស់ខ្លួន ដើម្បីអភិវឌ្ឍប្រទេសជាតិខ្លួន ដូច្នេះប្រហែលគ្មានអ្វីប្រសើរសម្រាប់កម្ពុជាឡើយ លោកមិនគាំទ្រការកំណត់ឱ្យអ្នកនយោ បាយមានសញ្ជាតិតែមួយ ព្រោះទុកឱ្យប្រជាពលរដ្ឋជាអ្នកសម្រេច បើពួកគាត់មិនទុកចិត្តអ្នកនយោបាយមានសញ្ជាតិពីរនោះទេ គឺប្រជាពលរដ្ឋនឹងមិនកុំបោះឆ្នោតឱ្យ ។
កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ព្រះបាទ នរោត្តម សីហមុនី ទ្រង់បានចេញព្រះរាជក្រឹត្យស្ដីពី ដាក់ឱ្យប្រើប្រាស់វិសោធនកម្មមាត្រា១៩ ថ្មី មាត្រា៨២ ថ្មី មាត្រា១០៦ ថ្មី(មួយ) មាត្រា១១៩ ថ្មី និងមាត្រា១៣៧ ថ្មី ដើម្បីធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ និងកំណត់សញ្ជាតិខ្មែរតែមួយគត់ចំពោះឥស្សរជនជាន់ខ្ពស់ ជាប្រធានស្ថាប័នជាតិ ។
ព្រះរាជក្រឹត្យបញ្ជាក់ថា មាត្រា៨២ ថ្មី មាត្រា១០៦ថ្មី មាត្រា១១៩ ថ្មី និងមាត្រា១៣៧ ថ្មី គឺមានកំណត់សម្រាប់តួនាទីជា នាយករដ្ឋមន្ត្រី ប្រ ធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែមានសញ្ជាតិខ្មែរដើមកំណើតតែមួយ ដើម្បីដឹកនាំស្ថាប័នជាតិ ៕


កសិករហឿន សាវ៉ៃ កំពុងប្រមូលផលដំណាំត្រប់ស្រួយជាលើកដំបូងលក់ទៅកាន់ទីផ្សារ

កីឡាជាតិលើកទី៣ ខេត្តកែបប្រមូលមេដាយបាន៣០គ្រឿង អភិបាលខេត្តចាត់ទុកជាលទ្ធផលប្រសើរ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកតាឧបាសក ឌី បូ ត្រូវជាឪពុកមារបស់សម្តេច នៅគេហដ្ឋានលេខ៤១-៤៣ ផ្លូវ២៦៥ សង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ

កម្មវិធីសម្ពោធសាលាដំណាក់សមត្ថិផលថ្មី ប្រសូតចេញពីការរួមគ្នារបស់ពុទ្ធសាសនិកជន

ពយជំទាវម៉ៅ មានឆ្នេរប្រវែង ១៣ គីឡូម៉ែត្រ កំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញក្នុងខេត្តព្រះសីហនុ!
