សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៨មីនា បានចេញបទបញ្ជាបន្ទាន់តាមរយៈសារសំឡេងចែកចាយតៗគ្នានៅក្នុងបណ្ដាញសង្គមថា ការបិទស្ថាប័នជាតិទាំងបីនេះ មិនមែនបិទទាំងស្រុងទេ គឺត្រូវកាត់បន្ថយចំនួនមនុស្សធ្វើការចំនួន ៩០% និងត្រូវមានមនុស្សនៅប្រចាំការ ចំណែកឯមនុស្សភាគច្រើនទៀតត្រូវធ្វើការនៅតាមផ្ទះក្នុងរយៈពេលសិន។ លោកថា វិធានការបន្ទាន់នេះយ៉ាងតិចមានរយៈពេល៧ថ្ងៃសិន ដើម្បីរង់ចាំមើលស្ថានភាពនៃការឆ្លងជំងឺកូវីដ១៩បន្តទៀត។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍បន្តថា «ធ្វើយ៉ាងដូច្នេះ គឺយើងអាចបញ្ចៀសបាននៅហានិភ័យដែលយើងមិនទាន់ស្គាល់នូវអ្នកដែលមានការពាក់ព័ន្ធ ពីព្រោះពិតជាច្របូកច្របល់ខ្លាំងណាស់ នូវពេលនេះ។ មានការឆ្លងនៅក្នុងក្រមខណ្ឌនគរបាល មន្ត្រីរាជការ រហូតដល់សិល្បករ សិល្បការិនី ផងដែរ»។សម្ដេចនាយករដ្ឋមន្ត្រី ក៏បានទម្លាយឱ្យដឹងថា មានមនុស្សចំនួន៤៩នាក់ បានឆ្លងជំងឺកូវីដ១៩បន្ថែមទៀត នៅភ្នំពេញ ក្រុងព្រះសីហនុ ខេត្តព្រៃវែង និងខេត្តកណ្ដាល។


សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ទៀតថា សម្រាប់វិស័យឯកជន បើអាចធ្វើទៅបាន គឺកាត់បន្ថយបុគ្គលិកហើយធ្វើការផ្លាស់ប្ដូរវេនគ្នា ដើម្បីបញ្ចៀសមនុស្សកកកុញនៅកន្លែងធ្វើការផង និងនៅកន្លែងតាមផ្លូវផង។ សម្រាប់ក្រុមគ្រួសារនីមួយៗ ហាមកូនៗ កុំឱ្យចេញក្រៅផ្ទះ ហើយសម្រាប់មនុស្សចាស់ និងមនុស្សពេញវ័យប្រសិនបើមិនមានការចាំបាច់ទេ គឺកុំចេញក្រៅផ្ទះ ហើយបើត្រូវចេញក្រៅផ្ទះត្រូវតែពាក់ម៉ាសការពារ ពីព្រោះឥឡូវនេះជំងឺពិតប្រាកដមិនដឹងនៅកន្លែងណា ហើយនេះជាបញ្ហាប្រឈមដ៏ធំ។សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍បន្ថែមយ៉ាងដូច្នេះថា «ខ្ញុំគិតថា វិធានការនេះ គឺជាវិធានការចាំបាច់របស់សុខភាពបុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ ក៏ដូចសង្គមជាតិរបស់យើងផងដែរ។ ពិតមែនហើយនៅសល់ច្បាប់មួយដែលព្រឹទ្ធសភា មិនទាន់អនុម័ត ខ្ញុំស្នើ ឯកឧត្ដមប្រធានព្រឹទ្ធសភាស្ដីទី មេត្តាពិនិត្យរកវិធីណាដើម្បីឱ្យច្បាប់ដែលសភាបានអនុម័តនោះបានចូលជាធរមាន»។
ក្រោយពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ចេញសារនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានចេញសេចក្ដីណែនាំមួយ ឱ្យផ្អាករាល់សកម្មភាពជួបប្រជុំរបស់មន្ត្រីរាជការទាំងអស់ ហើយរាល់ការជួបប្រជុំត្រូវរៀបចំតាមប្រព័ន្ធអនឡាញ ក្នុងករណីចាំបាច់ និងអនុញ្ញាតឱ្យមន្ត្រីអប់រំធ្វើការនៅតាមផ្ទះរៀងៗ ខ្លួន និងត្រូវរៀបចំមន្ត្រីប្រចាំការក្នុងចំនួនតិច ១០ភាគរយ។
គិតត្រឹមព្រឹកថ្ងៃទី៨ មីនា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ សរុប ១.០១១នាក់ ក្នុងនោះជាសះស្បើយចំនួន ៥១៧នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៤៩៣នាក់៕