(ភ្នំពេញ)៖ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយ បានផ្សាយយ៉ាងព្រោងព្រាតពី ស.ជ.ណ ចាប់ខ្លួនលោកស្រីឧកញ៉ា សៀង ចាន់ហេង អគ្គនាយកក្រុមហ៊ុនហេងអភិវឌ្ឍន៍ ដែលចេញកាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា សេចក្តីណែនាំស្តីពីការចាប់ខ្លួនលោកស្រីឧកញ៉ា សៀង ចាន់ហេង ត្រូវបានលុបវិញហើយ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ បានថ្លែងសារលើផេកហ្វេសប៊ុកផ្លូវការថា “ថ្ងៃនេះមានការផ្សាយយ៉ាងព្រោងព្រាត នូវ ស.ជ.ណ ទាក់ទងជាមួយលោកស្រីឧកញ៉ា សៀង ចាន់ហេង តាមសំណើររបស់សម្តេច ស ខេង និងការសម្រេចរបស់ខ្ញុំ កាលពីថ្ងៃ២៩ ធ្នូ ២០២២” ។
សម្តេចបានបន្តថា “នៅថ្ងៃទី៩មករា ២០២៣ តាមសំណើររបស់លោកស្រីសៀង ចាន់ហេង ខ្ញុំបានប្រគល់ជូនឯកឧត្តម ជា សុផារ៉ា ផ្តល់ មតិដែលឯកសារនេះ មិនត្រូវបានផ្សព្វផ្សាយទេ ។
ដើម្បីបញ្ចប់នូវភាពមិនច្បាស់លាស់មុនពេលឯកឧត្តម ជា សុផារ៉ា ផ្តល់មតិខ្ញុំសម្រេចលុបចោលស.ជ.ណ លេខ១៨ម យ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ចាប់ពីម៉ោងនេះតទៅ ការសម្រេចយ៉ាងណាទៀតនិងធ្វើក្រោយពេលឯកឧត្តម ជា សុផារ៉ា ផ្តល់មតិ” ។
សូមបញ្ជាក់ថា ទីស្តីការគណៈរដ្ឋមន្ត្រីបានធ្វើលិខិតជម្រាបជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអភិបាលនៃគណៈអភិបាលខេត្តកណ្តាល ករណីប្រើប្រាស់ឯកសារក្លែងបន្លំ ដើម្បីកាន់កាប់អចលនវត្ថុរបស់ឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវ លន់ នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។
ប្រគល់សមត្ថកិច្ចឱ្យស្នងការដ្ឋាននគបោលខេត្តកណ្តាល ចាត់ការតាមនីតិវិធីនាំខ្លួនជនល្មើស ឈ្មោះ សៀង ចាន់ហេង និងបក្ខពួកប្រគល់ឱ្យអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បី ចោទប្រកាន់ និងផ្តន្ទាទោសតាមច្បាប់ដោយមិនលើកលែង ។
នេះបើយោងតាមលិខិតចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយឯកឧត្តម កែន សត្ថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ៕
