(ភ្នំពេញ)៖ ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅរាជធានីភ្នំពេញ កាលពីថ្ងៃពុធ ក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរបទពិសោធន៍ គំនិត និងវប្បធម៌រវាងយុវជននៃប្រទេសទាំងពីរ ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមយុវ ជនមជ្ឈិមបក្ស បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ខណៈលោក លីវ ជានឆាវ (Liu Jianchao) ប្រធាននាយកដ្ឋានអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) បានចូលរួមតាមរយៈតំណភ្ជាប់វីដេអូពីទីក្រុងប៉េកាំង ។
ពិធីនេះក៏មានការចូលរួមពីឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ព័ត៌មាន និងឃោស នាការនៃរដ្ឋសភាកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ព្រមទាំងយុវជនជាច្រើននាក់មក ពីប្រទេសទាំងពីរផងដែរ ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន នឹងបម្រើជាវេទិកាដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរបទពិសោធន៍ គំនិត និងវប្បធម៌រវាងយុវជននៃប្រទេសទាំងពីរ ។
ឯកឧត្តមបានបន្តថា៖ «វានឹងបញ្ចូលសន្ទុះថ្មីទៅក្នុងការអភិវឌ្ឍមិត្តភាពប្រពៃណីកម្ពុជា-ចិនឆ្ពោះទៅការកសាងសហគមន៍ជាមួយអនា គតរួមរវាងប្រទេសទាំងពីរ» «យុវជនកម្ពុជា ជាពិសេសយុវជនគណបក្សប្រជាជនកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជា មួយសមភាគីចិន ដើម្បីជំរុញ និងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យឡើងដល់កម្រិតខ្ពស់ថ្មីមួយ» ។
ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងចិន ដោយលោកមានប្រសាសន៍ថា ប្រទេសទាំងពីរគឺជា “មិត្តដែកថែប” ហើយជំនួយរបស់ចិនចំពោះកម្ពុជាគ្រប់ទម្រង់បានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ព្រះរាជាណាចក្រ។
លោក Liu បានមានប្រសាសន៍ថា ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន នឹងដើរតួនាទីជាវិជ្ជមានក្នុងការលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងយុវជននិងយុវជន ដោយលោកមានប្រសាសន៍ថា យុវជនគឺជាអ្នកបន្តវេននៃទំនាក់ទំនងចិន-កម្ពុជា។
លោកបានមានប្រសាសន៍បន្តទៀតថា “ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន គឺជាស្ពានថ្មីមួយសម្រាប់ទំនាក់ទំនង និងកិច្ចសហប្រតិ បត្តិការរវាងយុវជននៃប្រទេសចិន និងកម្ពុជា ។
លោក Liu បានមានប្រសាសន៍ថា ខណៈឆ្នាំ ២០២៣ គឺជាខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា ក្នុងរយៈពេល៦៥ ឆ្នាំកន្លងមកនេះ មិត្តភាពចិន-កម្ពុជា បានទប់ទល់នឹងការប្រែប្រួលនៃវិបត្តិអន្តរជាតិ និងភាពចលាចល ហើយនៅតែរឹងមាំ និងមិនអាចបំបែកបានជាដរាប ហើយការទំនាក់ទំនងចិន-កម្ពុជាបានក្លាយជាគំរូដ៏ល្អនៃទំនាក់ទំនងរវាងប្រទេសនិងប្រទេស ៕


