Connect with us

ព័ត៌មានជាតិ

កម្ពុជា និងចក្រភពអង់គ្លេស ពោរពេញដោយក្តីសង្ឃឹមថាទំនាក់ទំនង នឹងត្រូវពង្រឹងបន្ថែមទៀត

ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេស ប្រចាំកម្ពុជា នៅក្នុងជំនួប នាថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៣ បានសំដែងនូវសុទិដ្ឋិនិយមថា ទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនាពេលបច្ចុប្បន្នរវាងប្រទេសទាំងពីរ នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំលឹកពីដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ដូមីនិក រ៉ាអាប់ (Dominic Raab) អតីតរដ្ឋមន្រ្តីការបរទេស នៃចក្រភពអង់គ្លេស កាលពីខែមិថុនា ឆ្នាំ២០២១ ដែលបានបង្ហាញអំពីសារសំខាន់ដែលចក្រភពអង់គ្លេសបានផ្តល់ចំពោះទំនាក់ទំនងជាមួយកម្ពុជា និងតំបន់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះចក្រភពអង់គ្លេសដែលបានផ្តល់ជំនួយដល់កម្ពុជា រួមមាន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការបោសសម្អាតមីន អាហារូបករណ៍ដល់និស្សិតកម្ពុជា និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ឯកឧត្តមឯកអគ្គរាជទូត វីល្លៀម បានអបអរសាទរកម្ពុជាចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅកម្ពុជា ហើយទាំង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានសំដែងនូវសេចក្តីរីករាយចំពោះស្ថានភាពនៃទំនាក់ទំនងទ្វេភាគី។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្ដមឯកអគ្គរាជទូត វីល្លៀម បានស្វាគមន៍ចំពោះការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី ហើយបានបង្ហាញក្តីសង្ឃឹមថា ការចរចាលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់ស្តីពីពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ ដើម្បីជំរុញពាណិជ្ជកម្មបន្ថែមទៀត។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្ដមឯកអគ្គរាជទូត វីល្លៀម បានកត់សម្គាល់ដោយសេចក្តីសោមនស្សចំពោះការរៀបចំកិច្ចសន្ទនាស្តីពីសិទ្ធិមនុស្សកម្ពុជា-ចក្រភពអង់គ្លេសប្រកបដោយជោគជ័យ និងមានទស្សនៈដូចគ្នាក្នុងការបន្តកិច្ចសន្ទនានេះ ដើម្បីបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងឯកឧត្ដមឯកអគ្គរាជទូត បានពិភាក្សាអំពីការរៀបចំព្រឹត្តិការណ៍មួយចំនួន ដែលប្រទេសទាំងពីរនឹងអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅក្នុងឆ្នាំនេះ ដែលជា ឱកាសដ៏ល្អក្នុងការជំរុញទំនាក់ទំនងទ្វេភាគី។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងពីលទ្ធផលនៃកិច្ចសន្ទនាស្តីពីសិទ្ធិមនុស្ស និងបានស្នើឲ្យបង្កើនកម្រិតនៃកិច្ចសន្ទនានេះទៅជាការពិគ្រោះយោបល់នយោបាយ ជាពិសេសនៅក្នុងឆ្នាំនេះតែម្ដង ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏មានអត្ថន័យខាងលើ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្ដមឯកអគ្គរដ្ឋទូត វីល្លៀម ក៏បានពិភាក្សាអំពីវិធីដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗផងដែរ រួមមាន ពាណិជ្ជកម្ម ថាមពល ការប្រែប្រួលអាកាសធាតុ ការអប់រំ និងការពារជាតិ ជាដើម។

នៅក្នុងក្របខ័ណ្ឌអាស៊ាន-ចក្រភពអង់គ្លេស ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអបអរសាទរជាថ្មីចំពោះចក្រភពអង់គ្លេស ដែលបានក្លាយជាដៃគូសន្ទនារបស់អាស៊ាន និងទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយចក្រភពអង់គ្លេស ដើម្បីជំរុញភាពជាដៃគូនេះ។ ឯកឧត្ដម បានកត់សម្គាល់ដោយក្ដីពេញចិត្តចំពោះភាពជោគជ័យនៃរៀបចំសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយចក្រភពអង់គ្លេស (PMC) ជាលើកដំបូង កាលពីខែសីហា នៅរាជធានីភ្នំពេញ និងចំពោះកិច្ចពិភាក្សាប្រកបដោយផ្លែផ្កានាពេលនោះរបស់ឯកឧត្ដម ជាមួយ លោកជំទាវ Amanda Milling អនុរដ្ឋមន្រ្ដីទទួលបន្ទុកកិច្ចការអាស៊ី នៃក្រសួងការបរទេស កំមិនវ៉ែល និងអភិវឌ្ឍន៍នៃចក្រភព អង់គ្លេស។

ឯកឧត្ដមឯកអគ្គរាជទូត វីល្លៀម បានកោតសរសើរដល់កម្ពុជាចំពោះតួនាទីជាប្រធាន អាស៊ានប្រកបដោយជោគជ័យ និង «ការងារដ៏ល្អអស្ចារ្យ» របស់កម្ពុជា ក្នុងការធានាឲ្យបាននូវដំណើរការដ៏រលូននៃគ្រប់កិច្ចប្រជុំទាំងអស់ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្ដមឯកអគ្គរាជទូត វីល្លៀម ក៏បានផ្លាស់ប្តូរទស្សនលើការវិវត្តនានានៅក្នុងតំបន់ និងអន្តរជាតិ និងបានឯកភាពលើជំហរចំពោះការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងអធិបតេយ្យភាពរបស់រដ្ឋឯករាជ្យ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook