Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ សង្ឃឹមថា ការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ជប៉ុន នឹងផ្ដល់នូវផលប្រយោជន៍ ថែមទៀតដល់ប្រជាជននិងប្រជាជាតិទាំង២

តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមជូនសព្វសាធុការពរ និងសំដែងនូវការអបអរសាទរដ៏កក់ក្តៅបំផុតជូនចំពោះឯកឧត្តម រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅក្នុងឱកាសដ៏រីករាយនៃខួបអនុស្សាវរីយ៍ លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន។ សម្តេចតេជោ ពិតជាមាន សេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុនបានឈានដល់ដំណាក់កាលដ៏សំខាន់ថ្មីមួយទៀត ក្នុងពេលដែលយើងដំឡើងកម្រិតទំនាក់ទំនងពីភាពជាដៃគូយុទ្ធសាស្ត្រទៅជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ។

សម្តេចតេជោបានបន្តថា អស់រយៈពេល ៧០ ឆ្នាំកន្លងមកនេះ កម្ពុជា និងជប៉ុនរក្សាបាននូវទំនាក់ទំនងដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ទាំងនៅក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី បើទោះបីជាតំបន់របស់យើង និងពិភពលោកបាននិងកំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជា និងបញ្ហាដ៏ស្មុគស្មាញក្តី។ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាតែងតែផ្ដល់តម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សំខាន់របស់ជប៉ុន ក្នុងដំណើរការស្វែង រកសន្តិភាព និងការបន្តគាំទ្ររបស់ជប៉ុនដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សម្តេចតេជោ សង្ឃឹមយ៉ាងមុតមាំថា ការលើកកម្ពស់ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនឹងផ្ដល់នូវផលប្រយោជន៍ ដ៏ធំធេងថែមទៀតដល់ប្រជាជន និងប្រជាជាតិទាំងពីររបស់យើង។

សម្តេចតេជោ បានបន្តទៀតថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានសង្កេតឃើញនូវការរីកចម្រើនយ៉ាងខ្លាំងក្លានៃទំនាក់ទំនង ទ្វេភាគី តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងជាន់ខ្ពស់ជាញឹកញាប់ បូករួមជាមួយកិច្ច សហប្រតិបត្តិការគ្របដណ្ដប់លើវិស័យជាច្រើន ទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនដ៏ជិតស្និទ្ធ។

ឆ្នាំមុន គឺជាខួបអនុស្សាវរីយ៍លើកទី៣០ នៃបេសកកម្មក្រៅប្រទេសជាលើក ដំបូងរបស់កងកម្លាំងស្វ័យការពាររបស់ជប៉ុន ក្នុងប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅកម្ពុជា ហើយយើងបានឯកភាពគ្នាជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ តាមរយៈការ ផ្លាស់ប្ដូរ និងកម្មវិធីនានាសកម្មភាពនានាដ៏សកម្មរវាងក្រសួងការពារជាតិទាំងពីរ រួមទាំងទស្សនកិច្ចចំនួន ពីរលើករបស់នាវានៃកងកម្លាំងស្វ័យការពារជើងទឹករបស់ជប៉ុន កាលពីខែមីនា និងខែវិច្ឆិកា ឆ្នាំ២០២២។

ទន្ទឹមជាមួយនេះដែរ ដោយសារឆ្នាំនេះក៏ជាខួបអនុស្សាវរីយ៍លើកទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ខ្ញុំរីករាយក្នុងការធ្វើការជិតស្និទ្ធជាមួយឯកឧត្តម ដើម្បីរៀបចំកិច្ចប្រជុំកំពូលរំលឹកខួប អនុស្សាវរីយ៍នេះប្រកបដោយភាពជោគជ័យ និងលើកកម្ពស់ទំនាក់ទំនងអាស៊ាន-ជប៉ុន ថែមទៀត។ សម្តេចតេជោ ក៏ទន្ទឹងរង់ចាំជួបជាមួយឯកឧត្ដម ជាថ្មីទៀតក្នុងឆ្នាំនេះ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook