(ប៉ោយប៉ែត) ៖ ក្រុមជំនាញបានប្រទះឃើញសពម្នាក់ទៀត ក្នុងចំណោម២៦នាក់ ក្នុងហេតុការណ៍អគ្គីភ័យឆេះកាស៊ីណូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនាពេលកន្លងមក សពជនរងគ្រោះត្រូវបានគេប្រទះឃើញនៅក្នុងបន្ទប់ទឹករួមជាន់ទី១០ នៃកាស៊ីណូហ្គ្រេនដាយមិន នាល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៣ នៅវេលាម៉ោង៥ ដែលសរុបអ្នកស្លាប់ទាំងអស់ចំនួន ២៧នាក់ ។
យោងតាមមន្ត្រីអាជ្ញាធរ សមត្ថកិច្ច និងក្រុមការងាររុករកសព និងរើគំនរបែកបាក់នៅក្នុងកាស៊ីណូខាងលើ បានប្រាប់ឲ្យដឹងថា ខាងក្រុមហ៊ុនកាស៊ីណូហ្គ្រេនដាយមិន ទើបបានរកឃើញសពជនរងគ្រោះក្នុងគ្រោះអគ្គីភ័យឆេះកាស៊ីណូចំនួន១នាក់ទៀត នៅអគារសណ្ឋាគារជាន់ទី១០ ក្នុងចំណុចបន្ទប់ទឹករួម លុះនៅម៉ោងវេលាម៉ោង ៥ល្ងាច ឡានពេទ្យបានដឹកសពយកទៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត ដើម្បីធ្វើកោសល្យវិច័យ លុះដល់វេលាម៉ោង៦ថ្ងៃដដែល ក្រុមការងារបានពិនិត្យសពរួច លទ្ធផលគឺ សពជនរងគ្រោះស្លាប់ដោយសារឈ្លក់ផ្សែងភ្លើង បង្កថប់ដង្ហើម នៅលើសព មានឯកសារជា អត្តសញ្ញាណប័ណ្ណ ១សន្លឹក ឈ្មោះ ចាវីវ៉ាត ភឺចាប៉ាល់( Chavivat peechapol) ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិថៃ កាន់លិខិតឆ្លងដែនលេខ AB ១៩១៦២២៥ ។
សពត្រូវរក្សាទុកក្នុងបន្ទប់រក្សាសពនៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត រង់ចាំទំនាក់ទំនងប្រគល់ជូនទៅភាគីថៃ ដើម្បីដឹកយកទៅប្រ គល់បន្តដល់ក្រុមគ្រួសារសព ។
សូមបញ្ជាក់ថា ៖ អគារកាស៊ីណូ ហ្គ្រេន ដាយមិន (Grand Diamond City) និងកាស៊ីណូប៉ោយប៉ែតរីសត( Casino Poipet Resort) នៅប្លុកច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ផ្លូវជាតិលេខ៥ ក្នុងភូមិប៉ោយ ប៉ែត និងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ត្រូវអគ្គីភ័យឆាបឆេះបំផ្លាញ ដោយសារឆ្លងចរន្តអគ្គិសនីកាលពីម៉ោងជាង១១យប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ ៕