Connect with us

ព័ត៌មានជាតិ

កិច្ចសហប្រតិបត្តិការលើសកម្មភាពកំចាត់មីនមនុស្សធម៌ជាមួយប្រទេសអ៊ុយក្រែន

តាមរយៈផ្ដល់ការហ្វឹកហ្វឺនដល់មន្រ្តីជំនាញអ៊ុយក្រែនលើបច្ចេកវិទ្យាបោសសម្អាតគ្រាប់មីន ដែលត្រូវប្រព្រឹត្តទៅនៅកម្ពុជាមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) មានកិត្តិយសសូមជម្រាបជូនសារព័ត៌មានជាតិ និង អន្ដរជាតិជ្រាបថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយរដ្ឋាភិបាលជប៉ុនបានផ្ដល់ ការ គាំទ្រ ដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ក្នុងការរៀបចំវគ្គហ្វឹកហ្វឺនសកម្មភាពកំចាត់មីនមនុស្សធម៌ ជូន ដល់ មន្រ្តីជំនាញបោសសម្អាតមីនប្រទេសអ៊ុយក្រែន។

បញ្ហាគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដោយសារសង្គ្រាមនៅលើទឹកដីនៃប្រទេសអ៊ុយក្រែន បាន និងកំពុងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិល ហើយក៏ជាឧបសគ្គចំពោះប្រជាពលរដ្ឋអ៊ុយក្រែនដែលមានបំណងវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគាត់វិញ។

ដូចនេះ កិច្ចការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមជាសកម្មភាពមនុស្សធម៌ដ៏ចាំបាច់និងបន្ទាន់ ដើម្បីធានាសុខសុវត្ថិភាពប្រជាពលរដ្ឋ និងគាំទ្រដល់ដំណើរការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនានា និងដីសម្រាប់ធ្វើកសិកម្ម។

ទន្ទឹមនឹងនេះ កិច្ចការបោស សម្អាត គ្រាប់ មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ក៏ដូចជាការកសាងទំនុកចិត្តរបស់ប្រជាពលរដ្ឋលើសុខ សុវត្ថិ- ភាព និងការ ស្ដារ ជីវភាពរស់នៅឡើងវិញត្រូវការពេលវេលាយូរ និងទាមទារភាពអត់ធ្មត់។

ផ្អែកលើបទពិសោធន៍ដែលកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃជាច្រើនទសវត្ស និងដោះស្រាយបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមប្រកបដោយជោគជ័យ តាមរយៈការអនុវត្តសកម្មភាពកំចាត់មីនមនុស្សធម៌តាំងពីឆ្នាំ១៩៩២នោះ រាជរដ្ឋាភិបាលកម្ពុជាមានសុឆន្ទៈក្នុងការជួយគាំទ្រ និងផ្ដល់កិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីនមនុស្សធម៌ជូនប្រជាជនអ៊ុយក្រែន។

ក្នុងស្មារតីនេះ នាសម័យប្រជុំកំពូលអាស៊ានលើកទី ៤០-៤១កន្លងទៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សានិងឯកភាពជាមួយ ឯកឧត្តម KISHIDA Fumio នាយករដ្ឋមន្ត្រីជប៉ុន ក្នុងការគាំទ្រដល់កិច្ចការបោសសម្អាតមីនមនុស្សធម៌នៅប្រទេសអ៊ុយក្រែន។

ផ្អែកលើការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ អង្គភាពCMAC នឹងរៀបចំការហ្វឹកហ្វឺនជូន មន្រ្ដី ជំនាញសកម្មភាពមីននៃអង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្ននៃប្រទេសអ៊ុយក្រែន (State Emergency Service of Ukraine) ដែលហៅកាត់ថា “SESU” នៅកម្ពុជាក្នុងខែមករា ឆ្នាំ២០២៣ លើការប្រើប្រាស់សម្ភារបច្ចេកទេសបោសសម្អាតមីន ជាពិសេសឧបករណ៍រាវមីនប្រភេទ ALIS ផលិតនៅប្រទេសជប៉ុន។

ក្នុងកម្មវិធីហ្វឹកហ្វឺននេះ មាន៤វគ្គដែលអាចអនុញ្ញាតជូនប្រព័ន្ធផ្សព្វផ្សាយចូលរួមយកព័ត៌មានដូចជា (១) ពិធីបើកវគ្គហ្វឹកហ្វឺន (២) ដំណើរទស្សនកិច្ចចំការមីន (៣) ដំណើរទស្សនកិច្ចសារមន្ទីរសន្តិភាពសកម្មភាពមីននិងការធ្វើប្រតិបត្តិការបង្ហាញ និង (៤) ពិធីបិទវគ្គហ្វឹកហ្វឺន។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook