Connect with us

ព័ត៌មានជាតិ

មន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍លែងប្រភេទត្រីកម្រចូលទឹកទន្លេវិញ

ត្រីប្រភេទកម្រជាច្រើនប្រភេទ ត្រូវបានលែងចូលទឹកទន្លេមេគង្គវិញ បន្ទាប់ពីស្ថានភាពគួរឱ្យបារម្ភនៃប្រភេទមច្ឆាជិតផុតពូជទាំងនេះ ត្រូវបានសិក្សាថា បានថយចុះរហូត ដល់៩៩ភាគរយក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយ។

មច្ឆជាតិទាំងនេះ មានត្រីរាជដែលកំពុងរងគ្រោះជិតផុតពូជទម្ងន់ប្រហែល៤៥ ទៅ៥០គីឡូក្រាម និងមានប្រវែងជាង១,៦ម៉ែត្រចំនួន២ ក្បាល រួមជាមួយត្រីគល់រាំង ដែលជាប្រភេទត្រីរងគ្រោះជិតផុតពូជ និងត្រូវបានគេស្គាល់ថាជា “មច្ឆានិម្មិតរូបនៃព្រះរាជាណាចក្រកម្ពុជា” និង ត្រីប្រាធំ ដែលជាត្រីធ្វើចរាចរផ្លាស់ទីឆ្ងាយបំផុតមួយ ហើយក៏ជាអាហារសំខាន់ក្នុងតំបន់សរុបប្រមាណ៥ពាន់ក្បាល។

ក្រុមអ្នកវិទ្យាសាស្ត្រសង្ឃឹមថា ការលែងនេះ នឹងនាំឱ្យមានសកម្មភាពអភិរក្សរួមគ្នា និងសម្របសម្រួលបន្ថែមទៀត រួមទាំងការផ្សព្វផ្សាយកាន់តែផុសផុល ដល់សហគមន៍ដែលរស់នៅតាមដងទន្លេសាប និងទន្លេមេគង្គ។

ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខា ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពាវនាវដល់ប្រជាពល រដ្ឋចូលរួមការពារ និងអភិរក្សធន ធានធម្មជាតិ ក្នុងនោះត្រីប្រភេទ
កម្រៗ ដែលបានលែងនៅថ្ងៃនេះ ដើម្បីទុកឱ្យវាបានបន្តពូជ បង្កើនចំនួនត្រីកម្រក្នុងដងទន្លេមេគង្គ និងបឹងទន្លេសាប។

ដូចគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន មាន ប្រសាសន៍ថា «ប្រសិនបើបងប្អូនប្រជានេសាទបានត្រីកម្រៗ សូមកុំសម្លាប់ កុំបរិភោគ និងកុំយកមកលក់ តែត្រូវលែងវាចូលក្នុងទឹកវិញ ដើម្បីឱ្យវាអាចបន្តរស់នៅ និងកើត កូនពូនជាចៅ»។

លោកស្រី ហាញ់ ង្វៀន នាយិការងនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ USAID លើកឡើងថា «វាជាការចាំបាច់ណាស់ដែលត្រូវធ្វើការរួមគ្នា ដើម្បីថែរក្សា និងអភិរក្សប្រភេទត្រីសំខាន់ៗ ចំពោះអេកូឡូស៊ី និងរងគ្រោះជិតផុតពូជ ដូចជាត្រីរាជ ដើម្បីរក្សាសុខុមាល ភាពទន្លេមេគង្គ។ កិច្ចការនេះនឹងអភិរក្សប្រព័ន្ធអេកូឡូស៊ីធម្មជាតិ ដើម្បីជួយដល់សហគមន៍ សត្វព្រៃ និងសកម្មភាពសេដ្ឋកិច្ចនៅទូទាំងប្រទេសកម្ពុជា។

លោកបណ្ឌិត ហ្សេប ហូហ្គេន ប្រធានដឹកនាំគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដែលផ្តល់មូលនិធិដោយ USAID បានថ្លែងដែរថា «បន្ថែមពីលើការអភិរក្សត្រី គឺជាពេលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីការពារត្រីធម្មជាតិ និងជម្រករបស់វា ដែលជាការរួមចំណែកយ៉ាង សំខាន់ដល់ការបន្តពូជពង្សរបស់សត្វទាំងនេះនៅក្នុងធម្មជាតិ»។

អ្នកស្រី ចេង មួយឆេង ដែលជាកសិករចិញ្ចឹមត្រីរាជ និងបានយកទៅនេះដែរ បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចំណែកអភិរក្សត្រីដែលជិតផុតពូជ។
សូមបញ្ជាក់ថា ត្រីរាជ ជាត្រីទឹក សាបដ៏ធំបំផុតរបស់ពិភពលោក ហើយវាអាចលូតលាស់ដល់ទំហំអតិបរមាប្រវែង៣ម៉ែត្រ និងមានទម្ងន់៣០០គីឡូក្រាម ហើយត្រូវបានរកឃើញតែនៅក្នុងទន្លេមេគង្គប៉ុណ្ណោះ។

នៅកម្ពុជា គេនៅតែចាប់ បានត្រីរាជចំនួនតិចតួច ដោយដាយត្រីនៅតាមដងទន្លេសាប ក៏ដូចជានៅតាមដងទន្លេមេគង្គ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook