Connect with us

ព័ត៌មានទាន់ហេតុការណ៍

យោធាមីយ៉ាន់ម៉ាចាយលុយ២លានដុល្លារ ជួលជនជាតិអ៉ីស្រាអែលម្នាក់ ឱ្យបញ្ចុះបញ្ចូលសហរដ្ឋអាមេរិក

ទីក្រុងវ៉ាស៊ីនតោន៖ ពលរដ្ឋអូស្ត្រាលីមានដើមកំណើតអ៉ីស្រាអែលម្នាក់ ដែលត្រូវបានរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាជួលឱ្យដើរតួរជាអ្នកបញ្ចុះបញ្ចូល និងធ្វើជាអ្នកតំណាងរបស់ខ្លួន ដើម្បីពន្យល់ពីស្ថានការណ៍ជាក់ស្ដែងនៃរដ្ឋប្រហារប្រាប់សហរដ្ឋអាមេរិក ក៏ដូចជាបណ្ដាប្រទេសដទៃទៀតនឹងទទួលបាន ប្រាក់២លានដុល្លារ។ នេះបើតាមឯកសារមួយច្បាប់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១។

ឯកសារមួយច្បាប់ខាងលើដែលដាក់ជូនក្រសួងយុត្តិធម៌អាមេរិក បានឱ្យដឹងទៀតថាលោក អារី បេន-មេណាសស៍ (Ari Ben-Menashe) និងក្រុមហ៊ុន របស់លោក Dickens & Madson Canada នឹងត្រូវធ្វើជាអ្នកតំណាងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ព្រមទាំងរៀបចំ និងអនុវត្តគោលនយោបាយនានា ដែលនឹងផ្ដល់ផលចំណេញដល់ការអភិវឌ្ឍនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ក្រុមហ៊ុននេះក៏នឹងផ្ដល់ជំនួយផងដែរក្នុងការពន្យល់ និងបកស្រាយពី ស្ថានការណ៍ជាក់ស្ដែងដែលកំពុងកើតឡើងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាមិនបានឆ្លើយតបនឹងសំនួរតាមទូរស័ព្ទពីទីភ្នាក់ងារព័ត៌មាន Reuters ឡើយ។ ប៉ុន្តែ លោក Ari Ben-Menashe បានប្រាប់ Reuters ថាលោកត្រូវបានចាត់តាំងឱ្យបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកថាឧត្តមសេនីយ៍មីយ៉ាន់ម៉ាមានបំណងងាកទៅរកលោកខាងលិច និងនៅ ឱ្យឆ្ងាយពីចិន។ មិនតែប៉ុណ្ណោះ យោធាមីយ៉ាន់ម៉ាក៏មានបំណងរៀបចំផងដែរនូវការតាំងទីលំនៅជាថ្មី សម្រាប់ជនជាតិដើមភាគតិចមូស្លីមរ៉ូហ៊ីងយ៉ាដែល បានរត់ភៀសខ្លួនចេញពីជម្លោះកាលពីឆ្នាំ២០១៧។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងរវាងលោក Ari Ben-Menashe ត្រូវបានសម្រេចឡើងជាមួយរដ្ឋមន្ត្រីការពារជាតិនៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក មីយ៉ា ទុន អូ (Mya Tun Oo) ហើយរដ្ឋាភិបាលយោធាសព្វថ្ងៃយល់ព្រមបង់ប្រាក់២លានដុល្លារ។ លោក Mya Tun Oo និងឧត្ដមសេនីយ៍មីយ៉ាន់ម៉ា ជាច្រើនរូបទៀតកំពុងជាប់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក តែក្រុមអ្នកច្បាប់ខ្លះអះអាងថាកិច្ចព្រមព្រៀងនេះមិនមែនជាទង្វើបំពានលើការដាក់ទណ្ឌកម្មនោះទេ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook