Connect with us

ព័ត៌មានជាតិ

អគ្គនាយកដ្ឋានគយបន្តទប់ស្កាត់មិនឱ្យមានការនាំចូលរថយន្តគ្មានពន្ធមកប្រទេសកម្ពុជាឱ្យបានជាអតិបរម

អគ្គនាយកដ្ឋានគយ បន្តទប់ស្កាត់មិនឱ្យមានការនាំចូលរថយន្តគ្មានពន្ធមកប្រទេសកម្ពុជាឱ្យបានជាអតិបរមា ដោយបានចាត់កម្លាំងជំនាញចុះត្រួតពិនិត្យនៅតាមច្រកព្រំដែនទាំងអស់ ជាពិសេសច្រកព្រំដែនកម្ពុជា-ថៃ ដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងប្រដាប់អាវុធដែលឈរ ជើងនៅព្រំដែនស្រាប់ ។

ក្នុងសន្និសីទសារព័ត៌មានដើម្បីបង្ហាញពីលទ្ធផលបិទបញ្ចប់នៃការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានមានប្រសាស ន៍ថា បច្ចុប្បន្ននេះ ក្រុមការងាររបស់អគ្គនាយកដ្ឋានគយ បានប្រឹងប្រែងធ្វើការងារលើបទល្មើសគេចវេសពន្ធ មិនថារថយន្តចង្កូតស្ដាំឬចង្កូតឆ្វេងនោះទេ បើគិតពីយុទ្ធនាការទាំង២ នេះ គឺការគេចវេសពន្ធនេះធ្លាក់ចុះច្រើនគួរឱ្យកត់សម្គាល់ ។

ឯកឧត្តមបន្តថា តាមគោលការណ៍របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា អនុញ្ញាតឱ្យបង់ពន្ធនិងអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស ប៉ុន្តែហាមដាច់ខាតការនាំចូលរថយន្តគ្មានពន្ធមកកម្ពុជាបន្តទៀត ។

ដូច្នេះយោងតាមគោលការណ៍នេះ អគ្គនាយកដ្ឋានគយ ក៏នៅតែបន្តចាត់កម្លាំងនិងមន្ត្រីជំនាញចុះទៅគ្រប់ច្រកព្រំដែនទាំងអស់ ដែលលាតសន្ធឹងវែងអន្លាយចូលមកក្នុងប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ឱ្យមានប្រសិទ្ធភាពបំផុត។

« យើងទប់ស្កាត់មិនឱ្យមានការរត់ពន្ធនាំចូលរថយន្តចង្កូតស្ដាំតាមច្រករបៀង ដោយកាលពីមុនមានយុទ្ធនាការ គឺមាននាំចូលមកច្រើនក៏ពិតមែន មានព័ត៌មានច្រើន ហើយក៏ពិបាកក្នុងការទប់ស្កាត់ ប៉ុន្តែនៅពេលដែលដាក់វិធានការម៉ឺងម៉ាត់ និងបានទទួលការគាំទ្រពីរាជរដ្ឋាភិបាល ពីកងកម្លាំង និងកម្លាំងរបស់អគ្គនាយកដ្ឋានគយ ដាក់ទៅគ្រប់ច្រកព្រំដែនសំខាន់ៗ ជាពិសេសគឺច្រករបៀងតែម្ដង គឺក្រុមការងារធ្វើការទាំងយប់ ទាំងថ្ងៃ ដើម្បីទប់ ស្កាត់រថយន្តចង្កូតស្ដាំហូរចូលក្នុងប្រទេសកម្ពុជាជាបន្តទៀត » ។

ឯកឧត្ដម បានមានប្រសាសន៍បន្តទៀតថា ចំពោះលទ្ធផលនៃការទប់ ស្កាត់នេះឃើញថា បច្ចុប្បន្ននេះ មិនមានការនាំចូលរថយន្តចង្កូតស្ដាំមកក្នុងប្រទេសកម្ពុជាជាបន្តទៀតនោះទេ ហើយរថយន្តប្រភេទនេះភាគ ច្រើនបើមាននៅក្នុងប្រទេសកម្ពុជា ក៏ចង់នាំចេញទៅបណ្ដាប្រទេសផ្សេងៗវិញដែរ ព្រោះរថយន្តប្រភេទនេះមាននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន គឺពិបាកក្នុងការលក់និងមិនមានតម្រូវការទីផ្សារនោះទេ ដោយសារតែអ្នកប្រើប្រាស់បច្ចុប្បន្នមានការយល់ដឹងច្រើន ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២២ ការបង្ក្រាបរថយន្ដគ្មានពន្ធមានចំនួន ៧២៨គ្រឿង ដោយមានរថយន្ដចង្កូតស្ដាំចំនួន៤០គ្រឿង ដែលស្មើនឹងប្រមាណជា៦ភាគរយប៉ុណ្ណោះ ដែលតួលេខនេះបានបង្ហាញថា រថយន្ដចង្កូតស្ដាំបង្ក្រាបបានក្នុងឆ្នាំ២០២២មានការធ្លាក់ចុះច្រើនបើធៀបនឹងឆ្នាំ២០២១ ដែលការបង្ក្រាបរថយន្ដចង្កូតស្ដាំមានរហូតដល់៨២គ្រឿង ក្នុងចំណោមរថយន្ដដែលបង្ក្រាបបានចំនួន ២៥០គ្រឿង ។

ក្នុងនោះ ករណីម្ចាស់រថយន្ដមិនចូលខ្លួនមកដោះស្រាយ បំពេញកាតព្វកិច្ចបង់ពន្ធ និងការផាកពិន័យនោះទេ អគ្គនាយកដ្ឋានគយ មាននីតិវិធីដោយផ្ដល់ការរង់ចាំ និងជូនដំណឹងទៅដល់សាលាឃុំ-សង្កាត់ ដើម្បីអញ្ជើញម្ចាស់រថយន្ដចំនួន៣លើក ហើយប្រសិនបើម្ចាស់រថយន្ដនៅតែមិនចូលខ្លួនមកដោះស្រាយនោះទេ អគ្គនាយកដ្ឋានគយមាននីតិវិធីមួយទៀត គឺម្ចាស់បោះបង់រថយន្ដចោលនិងគ្មានការទាមទារ ដែលធ្វើការលក់ដេញថ្លៃយកចំណូលចូលថវិកាជាតិ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook