ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី (Ibrahim – Mohamed Solih) ប្រធានាធិបតីនៃសាធារណ រដ្ឋម៉ាល់ឌីវ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹក នាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋម៉ាល់ឌីវ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ។
អញ្ជើញអមដំណើរសម្ដេចតេជោនាយករដ្ឋមន្ត្រី រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស និងសហប្រតិ បត្តិការអន្តរជាតិ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងឥស្សរៈជនជាន់ខ្ពស់នៃរាជរដ្ឋាភិ បាល និងថ្នាក់ដឹកនាំធុរកិច្ច សភាពាណិជ្ជកម្មកម្ពុជា ផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបពិភាក្សាផ្លូវការជាមួយឯកឧត្តមប្រធានាធិបតី អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី ដែលក្នុងឱកាសនោះ ទិដ្ឋភាពនានានៃកិច្ចសហប្រតិ បត្តិការទ្វេភាគីក្នុងតំបន់ និង អន្តរ ជាតិ នឹងត្រូវលើកយកមកពិភាក្សា ។ បន្ទាប់ពីជំនួប ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី។
ក្នុងដំណើរទស្សនកិច្ចនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញទទួលការចូលជួបសំដែងការគួរ សមដាច់ដោយឡែកពីគ្នា ដោយអនុប្រធានាធិបតី ប្រធានសភា ប្រធានតុលាការកំពូល និងរដ្ឋមន្ត្រីការ បរទេសនៃសាធារណរដ្ឋម៉ាល់ឌីវ។
ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសម៉ាល់ឌីវនាពេលខាងមុខ នេះ នឹងផ្ដល់កាលានុវត្តភាពសម្រាប់ភាគីទាំងពីរធ្វើការពិនិត្យ មើលឡើងវិញនូវដែនវិសាលភាពទាំងមូល នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការស្វែងរកអភិក្រមថ្មីៗ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជ កម្ម ការវិនិយោគ ការតភ្ជាប់ សុខាភិ បាល វប្បធម៌ កសិកម្ម និងការ អភិវឌ្ឍធនធានមនុស្ស ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕