Connect with us

ព័ត៌មានជាតិ

វិស័យឯកជនកែច្នៃផលិតផលសម្រេចគ្រាប់ស្វាយចន្ទី នៅខេត្តស្ទឹងត្រែងបានចូលរួមចំណែកលើកកម្ពស់ជីវភាពកសិករ

ស្ទឹងត្រែង ៖ វិស័យឯកជនដែលវិនិយោគលើការកែច្នៃផលិតផលសម្រេចគ្រាប់ស្វាយចន្ទី នៅខេត្តស្ទឹងត្រែង បានទទួលទិញគ្រប់ស្វាយចន្ទីពីកសិករមានតម្លៃលើសទីផ្សារដែលជាផ្នែកមួយបានជួយកសិករនៅតំបន់នេះឱ្យកាន់តែប្រឹងប្រែងដាំដំណាំឧស្សហកម្ម និងបានទទួលយកកម្លាំងពលកម្មក្នុងស្រុក មកធ្វើការ។

ក្នុងឱកាសចុះពិនិត្យរោងចក្ររបស់ក្រុមហ៊ុនឃែស៊ូណាត់ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី នៅចំណុចអ៊ុឃួន ភូមិភ្នំក្រហម ក្នុងឃុំស្រែក្រសាំង ស្រុកសៀមបូកខេត្តស្ទឹងត្រែង ថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៣ ឯកឧត្តម ហ៊ានវណ្ណហនរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានមានប្រសាសន៍ថា៖នេះជាភាពរីកចម្រើនថ្មីមួយទៀត សម្រាប់ខេត្តស្ទឹងត្រែង ក្នុងពេលដែលប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានចាត់ទុកវិស័យឯកជនជាដែគូមួយយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យឯកឧត្តមរដ្ឋលេខាធិការគាំទ្រឱ្យសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីពង្រីកសង្វាក់ផលិតដើម្បីឈានទៅធ្វើជាគំរូនិងបានជួយលើកកម្ពស់ការងារធ្វើដល់ប្រជាពលរដ្ឋនៅតំបន់នេះផង និងបង្កើនទីផ្សារផលិតផលកសិកម្ម បានសមស្របនៅក្នុងស្រុក។

« នេះខ្ញុំគិតថាជាគំរូមួយគួរណាស់ពង្រីក ដែលចាប់ផ្ដើមពីស្វាយចន្ទីនិងឈានដល់ដំណាំផ្សេងទៀត ដែលជឿជាក់កសិករ រត់តាមទីផ្សារ ជាពិសេសស្វាយចន្ទី អស់នេះ មិនមែនដាំភ្លាមបានផលភ្លាមទេ គឺមានរយៈពេលយូរ អញ្ចឹងខ្ញុំសូមកោតសរសើរ ហើយរាជរដ្ឋាភិបាល ពិសេសក្រសួងកសិកម្ម រង់ចាំជានិច្ច ក្នុងការជួយសម្របសម្រួល ក្នុងករណីដែលការងារនោះពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់យើងខ្ញុំ» ។
លោកស្រីមុតចរិយានាយិកាក្រុមហ៊ុនឃែស៊ូណាត់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីស្ទឹងត្រែងបានសំដែងការសាទរក្នុងពេលដែលបានថ្នាក់ដឹកនាំក្រសួងកសិកម្មលើកទឹកចិត្តដល់កិច្ចការអភិវឌ្ឍផលិតផលផ្នែកកសិកម្មនៅក្នុងស្រុក។

លោកស្រីបន្តថា៖ការដំណើរការផលិតប្រកបដោយស្វ័យប្រវត្តិនេះ កំពុងតែរង់ចាំផ្នែកទីផ្សារបញ្ជាទិញពីបរទេស ព្រោះបានធ្វើការទាក់ទង គ្នារួចហើយ បច្ចុប្បន្នផលិតផលសម្រេចយើងបាននាំចេញទៅក្រៅប្រទេស មានអាមេរិក ជប៉ុន កូរ៉េ និងនៅទីផ្សារក្នុងស្រុកខ្លះ « ដោយសារអត់សូវមមាញឹក ពីព្រោះយើងនៅរង់ចាំ សេធីវីខេត ពីអាមេរិក ពីជប៉ុនមក អ៊ីចឹងយើងអត់ចង់លក់ អ្វីទាំងនេះអ៊ីចឹងទេ ពីព្រោះយើងមានទីផ្សារក្នុងស្រុកជាបណ្ដើរៗហើយ ពីព្រោះថាទីផ្សារក្នុងស្រុកយើងអត់ត្រូវការ សញ្ញាបត្រអស់ទាំងហ្នឹងទេ អាចលក់បានយើងលក់ផលិតផលសម្រេច វាបានល្អប្រសើរ ជាងលក់ពាក់កណ្ដាលសម្រេច។

លោកសន ដារ៉ា កម្មករបញ្ជាម៉ាស៊ីនបំបែកគ្រាប់ស្វាយចន្ទីបានបញ្ជាក់ថា៖ នៅពេលរោងចក្រដំណើរការអភិវឌ្ឍទៅរីកចម្រើនជាងនេះ ប្រជាពលរដ្ឋសាទរព្រោះមាន ការងារធ្វើនៅក្នុងស្រុកដោយមិន បាច់ធ្វើចំណាកស្រុកទៅលក់កម្លាំងពលកម្មនៅក្រៅប្រទេសទេ។

លោកបន្តថា៖កម្មករធ្វើការនៅសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីស្ទឹង ត្រែងធ្វើការងារដូចរដ្ឋដែរ ដោយទទួលបានប្រាក់ឧបត្ថម្ភចាប់ពី៧០ ម៉ឺនរៀលទៅ១លានរៀល តាមទំហំការងារនៅក្នុងរោងចក្រ។

សូមបញ្ជាក់៖ក្រុមហ៊ុនឃែស៊ូណាត់ សិប្បកម្មកែច្នៃផលិតផលសម្រេចគ្រាប់ស្វាយចន្ទី នៅខេត្តស្ទឹងត្រែង បើកដំណើរការបានជាងមួយឆ្នាំមកហើយ និងពង្រីកសង្វាក់ផលិតនៅឆ្នាំ២០២៣បន្ថែម ដើម្បីទាញយកកម្លាំងពលកម្មប្រមាណ ៥០នាក់បន្ថែមទៀត ក្នុងពេលដែលបច្ចុប្បន្នមានកម្លាំងកម្មករតែជាង ២០នាក់ប៉ុណ្ណោះ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook