Connect with us

ព័ត៌មានជាតិ

ជប៉ុនផ្តល់ជំនួយជិត៩០ម៉ឺនដុល្លារជួយលើកកម្ពស់អនាម័យសហគមន៍កម្ពុជា

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន៨៥២.១៨៩ដុល្លារអាមេរិកសម្រាប់អនុវត្តកម្មវិធីលើកកម្ពស់សុខភាព និងអនាម័យសហគមន៍ និងបង្កើនការយល់ដឹងអំពីបញ្ហាបរិស្ថាននៅកម្ពុជា។

កិច្ចសន្យាផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី៩ ខែមីនា តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ រវាងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងអង្គភាពទទួលជំនួយចំនួនពីរ គឺអង្គការ World Vision Japan និងអង្គការ Nature Center Risen។

ឯកឧត្តម ឯកអគ្គរាជទូត បានឱ្យដឹងថា សម្រាប់គម្រោងទី១ គឺការរួមបញ្ចូលគ្នាផ្នែកសុខភាព អាហារូបត្ថម្ភ ទឹកស្អាត និង អនាម័យក្នុងខេត្តព្រះវិហារ ឆ្នាំទី២ ដែលមានថវិកាជំនួយ៧៦០.៣៤១ដុល្លារ។ នៅក្នុងគម្រោងនេះ អង្គការ World Vision Japan នឹងបន្តដំណើរការវគ្គបណ្តុះបណ្តាល និងលើកកម្ពស់ការយល់ដឹងអំពីសុខភាព អាហារូបត្ថម្ភ និងទឹកស្អាត និងអនាម័យលាងដៃ ដល់មន្រ្តីសុខាភិបាល មន្ត្រីអភិវឌ្ឍន៍ជនបទ និងសហគមន៍នានា នៅក្នុងខេត្តព្រះវិហារ ក្នុងគោលបំណងកែលម្អវិធីសាស្ត្រក្នុងការរៀបចំចំណីអាហារ និងការប្រើប្រាស់ទឹកស្អាត។ អង្គការនេះក៏នឹងគាំទ្រក្នុងការបង្កើតគណៈកម្មាធិការគ្រប់គ្រងទឹកស្អាត និងក្រុមជនបង្គោលអនាម័យ ដើម្បីរក្សា គុណភាពទឹកស្អាត និងបរិស្ថានអនាម័យដែលល្អប្រសើរជាងមុន នៅក្នុងតំបន់គោលដៅ។

សម្រាប់គម្រោងទី១ គឺការលើកកម្ពស់ និងអប់រំការយល់ដឹងអំពីបញ្ហាបរិស្ថានឆ្នាំទី១ ដែលមានថវិកាចំនួន៩១.៨៤៨ ដុល្លារ សម្រាប់អង្គការ Nature Center Risen ប្រើប្រាស់អនុវត្តកម្មវិធីលើកកម្ពស់ និងបង្កើនការយល់ដឹងជាមូលដ្ឋានអំពីបរិស្ថាន នៅទូទាំងប្រទេសកម្ពុជា តាមរយៈការរៀបចំឯកសារអប់រំថ្មីៗ ដើម្បីកែលម្អចំណេះដឹងផ្នែកបរិស្ថានរបស់ប្រជាពលរដ្ឋ ការផ្តល់នូវឧបករណ៍ផ្សេងៗសម្រាប់ការស្រាវជ្រាវ និងការសង្កេតផ្នែកបរិស្ថាន និងការអនុវត្តការបណ្តុះបណ្តាលស្តីពីការអប់រំ បរិស្ថាន ដោយសហការជាមួយវត្តអារាម និងមណ្ឌលសុខភាព។ តាមរយៈគម្រោងនេះ ប្រជាជនកម្ពុជាជាង៣០០នាក់ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថានដល់ប្រជាពលរដ្ឋ។ គម្រោងនេះ នឹងជួយធ្វើឱ្យប្រសើរឡើងនូវបរិស្ថានជីវិតនៅក្នុងប្រទេសកម្ពុជាទាំងមូល។

សូមបញ្ជាក់ថា កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជា តាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពអង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និង ស្ថាបនាប្រទេសកម្ពុជាឡើងវិញតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ៤៥លាន ដុល្លារអាមេរិក ដល់គម្រោងចំនួន ១៣៨ ដែលផ្ដោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតមូលដ្ឋាន វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook