Connect with us

ព័ត៌មានជាតិ

ភូមិចំនួន ២៩ បានបង្កើតថ្មី នៅក្នុងស្រុកស្នួល ខេត្តក្រចេះ ដើម្បីផ្តល់សេវាសាធារណ:ជូនប្រជាមូលដ្ឋាន កាន់តែងាយស្រួល

ក្រសួងមហាផ្ទៃសម្រេចបង្កើតឲ្យមានភូមិរដ្ឋបាលថ្មី ចំនួន ២៩ បន្ថែមទៀត នៅក្នុងស្រុកស្នួលខេត្តក្រចេះតាមសេចក្តីប្រកាសលេខ ៦៩៤៦ ប្រ.ក ដែលបានកាត់ចេញពីបណ្តាឃុំមួយចំនួន ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងធ្វើការអភិវឌ្ឍន៍មូលដ្ឋាន ។

ជាក់ស្តែងនៅចុងសប្តាហ៍នេះ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈបានអញ្ជើញដឹកនាំប្រតិភូចុះពិនិត្យដំណើរការបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនប្រធានមេភូមិដូនប៉ុកនៅឃុំស្រែចារស្រុកស្នួលដោយមានការចូលរួមបោះឆ្នោតជ្រើសរើសពីប្រជាពលរដ្ឋជាង ២៥០ នាក់ ។

ក្នុងពិធីនេះ លោក សាម ណាល់ អភិបាលស្រុកស្នួល បានបញ្ជាក់ឲ្យដឹងថា ៖ យោងតាមសំណើររបស់រដ្ឋបាលខេត្ត សុំបង្កើតភូមិរដ្ឋបាលថ្មី សម្រាប់ស្រុកស្នួល ជាលទ្ធផលក្រសួងមហាផ្ទៃសម្រេចឲ្យបង្កើតបានភូមិថ្មី ចំនួន ២៩ រួមមាន ៖ -ភូមិដងរ៉ែក បំបែកចេញពីភូមិចឹង នៃឃុំឃឹ្សម – ភូមិត្រពាំងឈូក បំបែកចេញពីភូមិស្រែថ្មី នៃឃុំឃ្សឹម-ភូមិសាមគ្គី ភូមិរវៀងជ័យ ភូមិអូរបោះរបង

និងភូមិអូរសាឡូង បំបែកចេញពីភូមិថ្នល់នៃឃុំស្វាយជ្រះ -ភូមិសំបួរសែនជ័យ ដោយបំបែកចេញពីភូមិសំបួរ នៃឃុំស្វាយជ្រះ -ភូមិជ្រៃម៉ាំង បំបែកចេញពីភូមិជើងឃ្លេ នៃឃុំ២ធ្នូ -ភូមិត្រពាំងស្បែក បំបែកចេញពីភូមិត្រពាំងស្រែ នៃឃុំ២ធ្នូ -ភូមិផ្សារស្នួល និងភូមិរោងចក្រ បំបែកចេញពីភូមិក្បាលស្នួល នៃឃុំស្នួល -ភូមិក្រសាំង និងភូមិត្រពាំងលាក់ បំបែកចេញពីភូមិគ្រង នៃឃុំស្នួល -ភូមិអញ្ចាញ និងភូមិជីប៉ែ

បំបែកចេញពីភូមិទ្រៀក នៃឃុំស្រែចារ -ភូមិបាត់ហើយ និងភូមិស្រែចារ បំបែកចេញពីភូមិស្អាត នៃឃុំស្រែចារ -ភូមិដូនប៉ុក បំបែកចេញពីភូមិរហារ៍ នៃឃុំស្រែចារ -ភូមិដូនមាស១ ភូមិដូនមាស២ និងភូមិដូនមាស៣ បំបែកចេញពីភូមិមានជ័យនៃឃុំស្រែចារ ស្រុកស្នួល -ភូមិអូរតាញាន បំបែកចេញពីភូមិមាក់កណ្តាល នៃឃុំស្រែចារ -ភូមិសែនអភិវឌ្ឍន៍ ភូមិគ្រញូង៣ និងភូមិ១០៤ បំបែកចេញពីភូមិគ្រញូងសែនជ័យជើង

នៃឃុំគ្រញូងសែនជ័យ -ភូមិអូរចរចាមានជ័យ ភូមិអូរសែនជ័យ និងភូមិការបួនសែនជ័យ បំបែកចេញពីភូមិជ្រោះជ្រៅពោធិ៍សាល នៃឃុំគ្រញូងសែនជ័យ -ភូមិប្រឹមប្រិយ បំបែកចេញពីភូមិវាលបីចក្រីហេង នៃឃុំគ្រញូងសែនជ័យ ។

ឯកឧត្តម ព្រុំ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ៖ ស្រុកទេសមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើន កំណើនប្រជាជនមានការកើនឡើង ហើយតម្រូវការនៃការទទួលសេវាសាធារណៈ ក៏មានការកើនឡើងផងដែរ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ក្រោមនយោបាយដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

បានកែទម្រង់នូវគោលនយោបាយឲ្យកាន់តែស៊ីជម្រៅទៅលើសេវាសាធារណៈ ងាយស្រួលក្នុងការផ្តល់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ហើយការដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃសម្រេចបង្កើតនូវភូមិថ្មីនេះ គឺសំដៅធ្វើឲ្យងាយស្រួលក្នុងការគ្រប់គ្រង និងងាយស្រួលក្នុងការកសាងអភិវឌ្ឍន៍មូលដ្ឋាន

ជាពិសេសបង្ខិតសេវាសាធារណៈឲ្យកាន់តែកៀកជិតមូលដ្ឋានប្រជាពលរដ្ឋដាច់ស្រយាល កុំឲ្យពិបាកក្នុងទទួលសេវាតម្រូវការចាំបាច់នានា ក្នុងការប្រកបរបរប្រចាំថ្ងៃ ។
ឯកឧត្តម ព្រុំ សុខា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋ ក្នុងការគោរពអនុវត្តទៅតាមលិខិតបទដ្ឋានគតិយុត្ត និងសេចក្តីណែនាំនានារបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត-ស្រុក ដែលបានចែងក្នុងមូលដ្ឋាន

និងសូមចូលរួមថែរក្សាការពារនូវសមិទ្ធផលដែលមានស្រាប់ និងបន្តកសាងនូវសមិទ្ធផលថ្មីបន្ថែម ដើម្បីមូលដ្ឋានយើងមានការអភិវឌ្ឍនិងសូមបន្តចូលរួមពង្រឹងជំនឿរឹងមាំ នៃកម្លាំងសាមគ្គីប្រជាជាតិទាំងមូលដើម្បីចូលរួមចំណែកយ៉ាងសកម្មប្រយុទ្ធយកឈ្នះកូវីដ-១៩ សម្រាប់បន្តបុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិជាយូរអង្វែងតទៅ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook