ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានណែនាំឱ្យថ្នាក់ដឹកនាំ មន្រ្តីរាជការមន្ទីរព័ត៌មាន ខេត្តកោះកុង ត្រូវបង្កើតក្រុមការងារមួយ ដើម្បីរៀបចំការផ្សាយតាមប្រពន្ធ័អនឡាញ និងក្នុង Tik Tok ដែលអាចជំរុញការផ្សាយបានលឿនរហ័ស។
នៅក្នុងឱកាសអញ្ជើញជួបសំណេះ សំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ ផ្ដល់ជូន Camera Video ចំនួន១ គ្រឿង ដល់មន្ទីរព័ត៌មាន ខេត្តកោះកុង នៅខេត្តកោះកុង នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ មានប្រសាសន៍លើកឡើងថា ក្រសួងព័ត៌មានកំពុងត្រៀមរៀបចំការផ្លាស់ប្តូរប្រពន្ធ័ផ្សាយពី Analog ទៅជាប្រពន្ធ័ Digital ហេតុដូច្នេះហើយ ប្រពន្ធ័ផ្សព្វផ្សាយទាំងអស់ត្រូវត្រៀម ដោយក្នុងនោះ បណ្តាមន្ទីរព័ត៌មាន រាជធានី ខេត្ត ដែលមានស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ក្រៅពីការផ្សាយតាមរលកធាតុ អាកាស

ក៏ត្រូវធ្វើការផ្សាយតាមប្រពន្ធ័អនឡាន ព្រោះងាយស្រួលគេបើកមើលតាមទូរសព្ទ័ដៃ ហើយការចំណាយសម្ភារៈប្រើប្រាស់អស់តិចជាង ការផ្សាយតាមរលកធាតុ អាកាស។ ដូច្នេះត្រូវបង្កើតក្រុម ការងារមួយ ដើម្បីរៀបចំការផ្សាយតាមប្រពន្ធ័អនឡាញ និងក្នុង Tik Tok ដែលអាចជំរុញការផ្សាយបានលឿនរហ័ស។
ឯកឧត្តម បានមានប្រសាសន៍ថា នៅពេលខាង មុខនេះ ក្រសួងព័ត៌មាន ដែលជាស្ថាប័នផ្សព្វផ្សាយរបស់ជាតិ មានតូនាទីសំខាន់ក្នុងការផ្សាយ ក្នុងនោះការត្រៀមផ្សាយព្រឹត្តិការណ៍ធំៗ ដូចជាការប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងការប្រកួតប្រជែងរ៉ូបូតអន្តរជាតិឆ្នាំ២០២៣ គ្រោងរៀបចំធ្វើឡើងនៅចុងខែសីហា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ដែលនឹងមានបណ្តាប្រទេសជាង ២០ នាំយករ៉ូបូតមកចូលរួមប្រកួតប្រជែងបង្ហាញសមត្ថភាព ស្នាដៃ និងទេពកោសល្យ របស់ខ្លួន រៀងៗខ្លួន។ ពិសេសជាងនេះទៀតគឺការផ្សាយ ពីដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។

ឯកឧត្តម រដ្ឋមន្រ្តី បានលើកឡើងថា ព័ត៌មានគឺជាអាវុធផង និងជាទំនិញផង ដូច្នេះត្រូវធ្វើយ៉ាងណាទាក់ទាញឱ្យគេមើលបានច្រើន មានអតិថិជនច្រើន និងអាចរកការផ្សាយពាណិជ្ជកម្មបានច្រើនផងដែរ ។ តាមរយៈនេះ ប្រធានមន្ទីរព័ត៌មាន និងបណ្តាអគ្គនាយក វិទ្យុ ទូរទស្សន៍ ត្រូវមានស្មារតីសហគ្រិនមួយ ចេះទាក់ទាញទាំងអ្នកទស្សនា អ្នកស្តាប់ និងអ្នកឧបត្ថម្ភ ទើបអាចដំណើរការងារទៅដោយរលូនហើយទទួលបានលទ្ធផលល្អ។
ដូចនេះហើយសម្រាប់ ការផ្តល់ជូននូវ Camera Video ដល់បណ្តាមន្ទីរព័ត៌មាន គឺជាការឆ្លើយតប ទៅនឹងតម្រូវការចាំបាច់ ក៏ដូចជាការជួយសម្រួលដល់មន្ទីរព័ត៌មាន ជាពិសេស មន្ត្រីជំនាញរបស់មន្ទីរ
នីមួយៗ ក្នុងការចុះយកព័ត៌មានរូបភាព ដើម្បីធ្វើការផ្សព្វផ្សាយបានឆាប់រហ័ស និងមានគុណភាពរូបភាពច្បាស់ល្អ។ ឯកឧត្តម រដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំមន្ទីរព័ត៌មានទាំងអស់ បន្ទាប់ពីទទួលនូវសម្ភារៈទាំងនេះទៅ សូមណែនាំដល់មន្ត្រីជំនាញរបស់ខ្លួន ឱ្យយក ចិត្តទុកដាក់ថែទាំឱ្យបានគត់មត់ និងទុកដាក់ ឱ្យបានត្រឹមត្រូវ ថ្វីត្បិត តែវាជាគ្រឿងអេឡិចត្រូនិច ប្រសិន បើអ្នកប្រើប្រាស់ ចេះថែទាំបានល្អប្រសើរ នោះវានឹងជួយសម្រួលដល់ការប្រើប្រាស់របស់ បានយូរអង្វែង៕