Connect with us

ព័ត៌មានទាន់ហេតុការណ៍

រយៈ​ពេល​៨​ខែ​ អគ្គ​នាយក​​ដ្ឋាន​​ពន្ធ​ដា​រ​ប្រមូល​​ពន្ធ​​អាករ​​បាន​​ជាង​២​ពាន់​​លាន​​ដុល្លារ​​

ភ្នំពេញ៖ អគ្គនាយក​ដ្ឋាន​ពន្ធ​ដារ បង្ហាញ​របាយការណ៍​ថា ក្នុងរយៈពេល៨ខែ​ឆ្នាំនេះ កម្ពុជា​ប្រមូល​ចំណូល​ពន្ធ​អាករបាន​ជាង២ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ចំនួន​នេះ​មានការ​កើនឡើង​ជាង៦ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

របាយការណ៍​សង្ខេប​របស់​អគ្គនាយក​ដ្ឋាន​ពន្ធ​ដា​រនៃ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ផ្ញើ​ជូន​ប្រមុខ​រាជរដ្ឋាភិបាល កាលពី​ថ្ងៃទី៣១ ខែសីហា បានឱ្យ​ដឹង​ថា ចំណូល​ពន្ធអាករដែល​អគ្គនាយក​ដ្ឋាន​ប្រមូល​បាន​ក្នុងរយៈពេល៨ខែឆ្នាំ២០២០ មាន​ចំនួន២ ០៣៩,៩១លាន​ដុល្លារ​អាមេរិក ស្មើនឹង៧១,៥៧ភាគរយ​នៃ​ផែនការ​ប្រចាំឆ្នាំ។

របាយការណ៍បន្ត​ថា ចំនួន​នេះ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន មានការ​កើនឡើង​ប្រមាណ១២៣,២៩លាន​ដុល្លារ ស្មើនឹង៦,៣៦​%។

ផែនការ​ប្រចាំឆ្នាំ​នៃ​ការ​ប្រមូល​ពន្ធអាករត្រូវ​បាន​អគ្គនាយក​ដ្ឋាន​បញ្ជាក់​ថា មាន​ចំនួន២ ៨៨៥,៨៣លាន​ដុល្លារ​អាមេរិក។

ដោយឡែក ​សម្រាប់​ខែសីហា ឆ្នាំ២០២០នេះ របាយការណ៍​បង្ហាញថា អគ្គនាយក​ដ្ឋាន​ប្រមូល​ពន្ធអាករ​បាន​ប្រមាណ​ជាង១៧០លាន​ដុល្លារ មានការ​ថយ​ចុះ​ជាងខែ​សីហាឆ្នាំមុនប្រមាណ​ជាង៤២លាន​ដុល្លារ។

ការ​ថយ​ចុះ​នេះ ត្រូវ​បាន​អគ្គនាយក​ដ្ឋាន​បញ្ជាក់​ថា ដោយសារ​ស្ថានភាព​ពាណិជ្ជកម្ម​អន្តរជាតិ​ក្នុង​ខែសីហា​កន្លងទៅ នៅ​បន្ត​រង​ផល​ប៉ះពាល់​ដោយសារ​កូ​វីដ១៩ ហើយ​ការ​ឈប់​សង​ថ្ងៃឈប់​សម្រាក​បុណ្យចូលឆ្នាំ​ខ្មែរ បាន​ធ្វើ​ឱ្យ​លំហូរ​ពាណិជ្ជកម្ម​ធ្លាក់ចុះ ដោយសារ​កម្មករ​លើកដាក់​ទំនិញនិង​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​ឈប់សម្រាក បើ​ទោះជា អគរ បាន​ចាត់​កម្លាំង​ដាក់​វេន​ប្រចាំការ​ដើម្បី​ធានា​និរន្ត​រភាព​ការងារ​ក៏ដោយ​៕

Click to comment

Leave a Reply

Your email address will not be published.

Facebook