(ភ្នំពេញ)៖ ពិព័រណ៍ការសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៣សម្រាប់កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងអាស៊ាន បាននិងកំពុងប្រព្រឹត្តទៅតាមប្រ ព័ន្ធអនឡាញចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី២៨ ខែមករា ក្រោមប្រធានបទ “បើកអនាគតរបស់អ្នកនៅប្រទេសជប៉ុន ការសិក្សា និងការងារ” ។
ពិព័រណ៍អនឡាញនេះ ត្រូវបានរៀបចំឡើងដោយសាកលវិទ្យាល័យអូកាយ៉ាម៉ា(Okayama University)សម្រាប់ប្រជាជនអាស៊ានដែលមានបំណងចង់ទៅសិក្សានៅប្រទេសជប៉ុន ជាផ្នែកមួយនៃការសិក្សាក្នុងគម្រោង Study in Japan Global Network Project (ASEAN) ដែលត្រូវបានផ្តល់ដោយក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសជប៉ុននេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ។
សេចក្តីប្រកាសព័ត៌មានបានបន្តថា ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ពិព័រណ៍នេះនឹងត្រូវធ្វើឡើងតាមប្រព័ន្ធអនឡាញសម្រាប់ប្រទេសអាស៊ានទាំង១០ ទោះបីជា “យើងក៏មានបទពិសោធន៍ក្នុងការប្រារព្ធពិធីតាំងពិព័រណ៍នៅប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវនាពេលកន្លងមក” ។
យោងតាមប្រភពដដែល គោលបំណងនៃពិព័រណ៍នេះគឺដើម្បីផ្តល់ព័ត៌មានចាំបាច់ និងចុងក្រោយបង្អស់ដល់ប្រជាជាតិអាស៊ាន ដើម្បីលើកទឹកចិត្តឱ្យទៅសិក្សានៅប្រទេសជប៉ុន។ ពិព័រណ៍នេះក៏ផ្តល់ឱ្យប្រជាជនអាស៊ាននូវព័ត៌មានអំពីកការងារ បន្ទាប់ពីបញ្ចប់ការសិក្សានៅប្រទេសជប៉ុនផងដែរ។
“នៅក្នុងពិព័រណ៍នេះ យើងនឹងណែនាំព័ត៌មានអំពីការសិក្សានៅប្រទេសជប៉ុន ឱកាសការងារ និងស្ថាប័នដែលចូលរួម និងសាលារៀននៅលើគេហទំព័រពិសេស។ លើសពីនេះ ស្ថាប័នអប់រំ និងសាលារៀនចំនួន៥៣ មកពីទូទាំងប្រទេសជប៉ុននឹងផ្តល់ការប្រឹក្សាតាមប្រព័ន្ធអនឡាញដោយណែនាំព័ត៌មានអាហារូបករណ៍ និងព័ត៌មានបន្ថែមសម្រាប់អ្នកដែលមានបំណងចង់សិក្សានៅប្រទេសជប៉ុន”។
ការស្នើចូលទៅកាន់ព្រឹត្តិការណ៍អនឡាញគឺមិនគិតថ្លៃទេ ប៉ុន្តែការចុះឈ្មោះជាមុនគឺចាំបាច់នៅលើគេហទំព័រ (https://2023.studyinjapan-asean.com/) ។
ពិព័រណ៍នេះត្រូវបានទទួលស្គាល់ថាជាព្រឹត្តិការណ៍រំលឹកខួបលើកទី៥០នៃមិត្តភាព និងសហប្រតិបត្តិការអាស៊ាន-ជប៉ុន ខួបលើកទី៧០នៃមិត្តភាពរវាងកម្ពុជា និងជប៉ុន និងខួបលើកទី៤០នៃគោលនយោបាយមើលទៅខាងកើត ៕