លោក Vyacheslav Volodinប្រធានសភារុស្ស៊ីបានព្រមានថា “សោកនាដកម្មជាសកល” អាចនឹងកើតឡើងសម្រាប់មនុស្សជាតិ ប្រសិនបើលោកខាងលិច នៅតែបន្តផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ហើយលោកក៏បាន
លើកឡើងផងដែរថា ទីក្រុងមូស្គូ អាចសងសឹកដោយអាវុធមានឥទ្ធិពលជាងនេះ ប្រសិនបើទឹកដីរបស់ខ្លួនត្រូវបានគំរាមកំហែង។

ការកត់សម្គាល់របស់លោក Volodin កើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីកិច្ចប្រជុំនៅឯមូលដ្ឋានទ័ពអាកាសអាមេរិក Ramstein ក្នុងប្រទេសអាល្លឺម៉ង់ ដែលនៅទីនោះ មហាអំណាចលោកខាងលិចបានប្តេជ្ញាបន្តគាំទ្រ
ទីក្រុងកៀវ។
កាលពីថ្ងៃអាទិត្យទី២២ខែមករា លោក Volodin បានបង្ហោះ Telegram ដើម្បីគំរាមថា សព្វាវុធដែលផ្តល់ដោយសហរដ្ឋអាមេរិក និងប្រទេសជាសមាជិកណាតូ ត្រូវបានប្រើដើម្បីវាយប្រហារទីក្រុងមានជនស៊ីវិល និង
ប៉ុនប៉ងដណ្តើមយកទឹកដីរបស់យើង។ នោះទីក្រុងមូស្គូនឹងឆ្លើយតបជាមួយអាវុធខ្លាំងជាងនេះ។

លោកអះអាងថា មន្ត្រីលោកខាងលិច គួរតែដឹងពីទំនួលខុសត្រូវរបស់ពួកគេក្នុងការបញ្ចៀសនូវសេណារីយ៉ូបែបនេះ។ លោកព្រមានថា “បើពិចារណាលើឧត្តមភាពបច្ចេកវិទ្យានៃសព្វាវុធរុស្ស៊ី អ្នកនយោបាយបរទេស
ដែលធ្វើការសម្រេចចិត្តបែបនេះចាំបាច់ត្រូវតែយល់ថា នេះអាចបង្កឲ្យមានសោកនាដកម្មជាសកល ដែលនឹងបំផ្លាញប្រទេសរបស់ពួកគេ”។
ដោយដកស្រង់សម្តីមន្ត្រីអាមេរិកអនាមិកជាច្រើននាក់កាលពីថ្ងៃពុធសប្តាហ៍មុន កាសែត New York Times រាយការណ៍ថា ឥឡូវ រដ្ឋបាលលោក បៃដិន ទំនងជាពិចារណាផ្តល់ឲ្យអ៊ុយក្រែននូវសព្វាវុធដែលត្រូវ
ការ ដើម្បីវាយប្រហារគោលដៅនៅគ្រីមៀ។

មេដឹកនាំអ៊ុយក្រែន ទទូចឲ្យដណ្តើមយកមកវិញ នូវទឹកដីទាំងអស់ដែលស្ថិតក្នុងព្រំដែនរបស់ប្រទេស ដែលបានបង្កើតឡើងបន្ទាប់ពីការដួលរលំនៃសហភាពសូវៀតកាលពីឆ្នាំ១៩៩១។ ទីក្រុងកៀវនិយាយថា ខ្លួនបាន
រៀបចំដើម្បីដណ្តើមយកតំបន់ទាំងនោះមកវិញដោយប្រើកម្លាំង ប្រសិនបើទីក្រុងមូស្គូមិនព្រមបោះបង់ចោល។
សូមបញ្ជាក់ថា៖ គ្រីមៀ បានក្លាយជាផ្នែកមួយនៃប្រទេសរុស្ស៊ី បន្ទាប់ពីការធ្វើប្រជាមតិកាលពីឆ្នាំ២០១៤ ខណៈតំបន់ចំនួន៤ផ្សេងទៀតបានធ្វើតាមនេះកាលពីឆ្នាំមុន៕

