(ភ្នំពេញ)៖ កម្ពុជាត្រូវបានគេរំពឹងថានឹងទាក់ទាញការវិនិយោគថ្មីក្នុងវិស័យឧស្សាហកម្មក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTAs) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) រួមជាមួយនឹងច្បាប់វិនិយោគថ្មី ។
ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិយាយកាលពីថ្ងៃច័ន្ទថា ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មបានផ្តល់ឱ្យកម្ពុជានូវលទ្ធភាពទទួលបានទីផ្សារកាន់តែធំ ។
ឯកឧត្តមបានបន្តថា ទោះបីជាពិភពលោកកំពុងមានវិបត្តិដូចជា សង្រ្គាមនៅអ៊ុយក្រែន វិបត្តិថាមពល និងហិរញ្ញវត្ថុក៏ដោយ កម្ពុជាមានភាពទាក់ទាញ និងមានសក្តានុពលសម្រាប់ការវិនិយោគ ដោយសារកម្ពុជាគ្រប់គ្រងវិបត្តិសុខភាពសាធារណៈប្រកបដោយប្រសិទ្ធ ភាពបានល្អជាងប្រទេសដទៃទៀតនៅក្នុងតំបន់ ។
ឯកឧត្តមបានបញ្ជាក់ថា “សម្រាប់ឆ្នាំ២០២៣ យើងមានសុទិដ្ឋិនិយមខ្ពស់ថា កម្ពុជានឹងបន្តទាក់ទាញការវិនិយោគបន្ថែមទៀត ពីព្រោះកម្ពុជាមានសន្តិភាព រួមជាមួយនឹងការគ្រប់គ្រងកាន់តែប្រសើរឡើងនៃវិបត្តិកូវីដ-១៩ ដែលនាំទៅដល់ការបើកសកម្មភាពសេដ្ឋកិច្ចសង្គមឡើងវិញ” ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន និងកិច្ចព្រមព្រៀង RCEP ចូលជាធរមាននៅដើមឆ្នាំ២០២២ ហើយកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរី កម្ពុជា-កូរ៉េ ក៏បានចូលជាធរមាននៅខែធ្នូឆ្នាំមុនដែរ ។
ក្រសួងបានចុះបញ្ជីរោងចក្រថ្មីចំនួន១៨៦ ក្នុងឆ្នាំ២០២២ ដែលនាំឱ្យចំនួនរោងចក្រសកម្មសរុបក្នុងប្រទេសកើនដល់ ១៩៨២ ដែលមានតម្លៃវិនិយោគសរុប ១៦.៦៩០ ពាន់លានដុល្លារ កើនឡើងពី ១៣.៨១១ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១ ។
នៅក្នុងខែតុលា ឆ្នាំ២០២១ កម្ពុជាបានដាក់ចេញនូវច្បាប់វិនិយោគថ្មី ដែលផ្តល់នូវការលើកទឹកចិត្ត និងការពារអ្នកវិនិយោគ ដើម្បីទាក់ទាញការវិនិយោគអោយកាន់តែច្រើន ៕