Connect with us

ព័ត៌មានជាតិ

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី គ្រោងនឹងដាក់តាំងបង្ហាញផលិតផលសូត្រខ្មែរចំនួន ១១មុខ

(សៀមរាប)៖ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី គ្រោងនឹងដាក់តាំងបង្ហាញផលិតផលសូត្រខ្មែរចំនួន ១១មុខរួម មានកន្សែងសូត្រចំនួន ៤ សំពត់ ហូលចំនួន៥ និងហូលពិតានចំនួន២ ដែលផ្តល់ដោយវិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ ២០២៣ ។

ការដាក់តាំងបង្ហាញវត្ថុមានតម្លៃទាំងនេះ គឺដើម្បីថែរក្សាសិល្បៈនៃការតម្បាញសូត្រខ្មែរ ខណៈដែលការប្រើប្រាស់សូត្រពិតានក្នុងសង្គមកម្ពុជាសម័យទំនើបកំពុងធ្លាក់ចុះគួរឲ្យព្រួយបារម្ភ និងដើម្បីបង្ហាញសាធារណជន សិស្សានុសិស្ស និងភ្ញៀវទេសចរជាតិ និងអន្តរជាតិបានស្វែងយល់ពីកេរ្តិ៍ដំណែល និងស្នាដៃដែលបានបន្សល់ទុក​ដោយ​បុព្វបុរស​ខ្មែរ​យើង ។

ឯកឧត្តម សែន គឹមស៊ុន នាយករងស្តីទីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីបាននិយាយថា សមុច្ច័យទាំងនេះមានប្រវត្តិនៅជាប់ជា មួយ នឹងបុព្វបុរសខ្មែរជាយូរយារណាស់មកហើយ ប៉ុន្តែមួយផ្នែកធំវាត្រូវបានបំផ្លិចបំផ្លាញដោយសាររបបប៉ុលពត ហើយបច្ចុប្បន្នមិនសូវមានអ្នកនិយមប្រើទេ ដូចជាហូលពិតានជាដើមនោះ ទើបធ្វើឱ្យវិស័យតម្បាញហូលពិតានបានធ្លាក់ចុះ ។

អ្នកជំនាញខាងទំនៀមទម្លាប់ និងវប្បធម៌បានពន្យល់ថា  ហូលពិតានមានលក្ខណៈពិសេសខុសពីហូលធម្មតា ព្រោះវាមានចងក្បាច់ជារូបផ្សេងៗយ៉ាងពិសិដ្ឋ ដែលផ្សារភ្ជាប់ទៅនឹងជំនឿសាសនា។ ពីបុរាណកាល អ្នកស្រុកមិនត្រូវបានអនុញ្ញាតឱ្យយកហូលប្រភេទនេះ ទៅប្រើឬស្លៀកដូចហូលធម្មតាទេ បើទោះបីជាហូលនោះនៅថ្មីមិនទាន់បានអភិសេកក៏ដោយ។ ក្បាច់នៅលើហូលពិតានខ្លះ ក៏មិនត្រូវបានអនុញ្ញាតឱ្យយកទៅត្បាញលើហូលសម្រាប់ស្លៀកពាក់ធម្មតាបានដែរ ។

ឯកឧត្តម គឹម ស៊ុន បានបញ្ជាក់ថា ការផលិតសូត្រពិតាននីមួយៗត្រូវចំណាយពេលយូរ ហើយត្រូវការកម្លាំងពលកម្មច្រើន និងបច្ចេក ទេសដ៏ប៉ិនប្រសប់ ក៏ដូចជាវត្ថុធាតុដើមដែលផលិតពីសរសៃសូត្រធម្មជាតិ និងថ្នាំជ្រលក់ធម្មជាតិដែលផលិតពីរុក្ខជាតិតាមបច្ចេកទេសបុរាណ។ សារធាតុគីមីមិនត្រូវបានប្រើនៅក្នុងផលិតផលនេះទេ ។

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីមានទីតាំងនៅភូមិបឹងដូនប៉ា តាមបណ្តោយផ្លូវសម្តេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ) សង្កាត់ស្លក្រាម ក្រុងសៀមរាប ។

សារមន្ទីរនេះបានដាក់អោយដំណើរការតាំងពីខែមេសា ឆ្នាំ២០១៤  ក្រោមកិច្ចសហការពីបណ្តាប្រទេសតាមដងទន្លេមេគង្គ ដូចជា កម្ពុជា ឥណ្ឌា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ដើម្បីរក្សានូវផលិតផលវាយនភណ្ឌប្រពៃណី ដែលជានិមិត្តសញ្ញានៃទំនាក់ទំនងរវាងអរិយធម៌ វប្បធម៌ និងពាណិជ្ជកម្មនៃប្រទេសសមាជិកដែលមានរយៈពេលជាច្រើនសតវត្សមកហើយ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook