Connect with us

ព័ត៌មានជាតិ

អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំស្ទឹងត្រង់ ត្រូវបានធ្វើពិធីក្រុងពាលីបញ្ចុះបឋមសិលា ចាប់ផ្តើមសាងសង

ប៉ៃលិន៖ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជន កម្ពុជាខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ បានអញ្ជើញធ្វើពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំស្ទឹងត្រង់ ដែលស្ថិតនៅភូមិអូរដូនតា ឃុំស្ទឹងត្រង់ ស្រុកសាលា ក្រៅ ខេត្តប៉ៃលិន ។

បន្ទាប់ពីធ្វើពិធីសុំម្ចាស់ទឹកម្ចាស់ដី តាមប្រពៃណីទំនៀមទម្លាប់ខ្មែររួចមក លោកជំទាវ បាន ស្រីមុំ បានមាន ប្រសាសន៍ថា៖ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដើម្បីបម្រើ ការងារបក្សនៅមូលដ្ឋានក្នុងឃុំស្ទឹងត្រង់ ឱ្យកាន់តែងាយស្រួល ប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀត ស្របទៅនឹងគោលនយោបាយការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺធ្វើអ្វីៗទាំងអស់ដើម្បីប្រទេសជាតិ និងប្រជាជន ហើយកន្លងមកគណបក្ស ត្រូវបានប្រជាជនបោះឆ្នោតគាំទ្រជានិច្ច ដើម្បីធ្វើការដឹកនាំប្រទេស ជាតិ ឱ្យមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យបន្តទៀត ។

លោកជំទាវប្រធានបញ្ជាក់ថា៖ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានអនុវត្តនូវគោល នយោបាយបង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាម ផ្សះផ្សារជាតិ តាមរយៈគោលនយោបាយឈ្នះៗ បានធ្វើឱ្យ ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ត្រូវបានរីកដុះដាល ឡើងនៅគ្រប់ទីកន្លែងទូទាំងប្រទេស ហើយជាក់ស្តែងនៅក្នុងខេត្តប៉ៃលិនយើងនេះ តាមរយៈក្រុមការងារ គណបក្សប្រជាជន ចុះជួយខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ និងភូមិ គឺមានការអភិវឌ្ឍលើគ្រប់វិស័យរួមមាន៖ សាលារៀន មន្ទីរពេទ្យ ស្ពាន ថ្នល់ វត្តអារាម អណ្តូងទឹកស្អាត ជាពិសេសការអនុវត្តន៍នូវគោលនយោបាយ កំណែទម្រង់ស៊ីជម្រៅ ពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ដោយយកចិត្តទុកដាក់បម្រើនិងផ្តល់សេវា សាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់សម្រាប់ការ គាំទ្រចំពោះ គណបក្សប្រជាជនកម្ពុជា ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ផ្តាំផ្ញើដល់ ក្រុមការងារចុះមូលដ្ឋាន ក្រុង/ស្រុក ឃុំ/សង្កាត់ និងភូមិទាំងអស់ ត្រូវខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យទទួលបានលទ្ធផល កាន់តែប្រសើរឡើង ដោយប្រកាន់ខ្ជាប់នូវគុណធម៌ សច្ចៈធម៌ មានការទទួលខុសត្រូវ មានស្មារតី សាមគ្គីភាព ឯកភាព ហើយត្រូវពិនិត្យតាមដានការរស់នៅ និងយល់ដឹងពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ មូលដ្ឋានឱ្យបានជាប់ជាប្រចាំ ដើម្បីបន្តរក្សាបាននូវប្រៀបឈ្នះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា នាពេលខាងមុខ ។

សូមបញ្ជាក់ថា៖ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំស្ទឹងត្រង់ ដែលបានកំពុងចាប់ផ្តើមសាងសង់ នេះ មាន បណ្តោយ ៣០ម៉ែត្រ ទទឹង ១៥ម៉ែត្រ និង របងព័ទ្ធជុំវិញ មានបណ្តោយ ១១០ម៉ែត្រ ទទឹង ៥០ម៉ែត្រ ដោយប្រើប្រាស់ថវិកាផ្ទាល់របស់ ឯកឧត្តម អ៊ី ឈាន និង លោកជំទាវ បាន ស្រីមុំ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook