Connect with us

ព័ត៌មានកីឡា

កម្ពុជារក្សាជំហរប្រើប្រាស់ គុនខ្មែរ ក្នុងស៊ីហ្គេម ២០២៣ ដើម្បីគោលការណ៍ អត្តសញ្ញាណជាតិ ក្នុងនាមជាម្ចាស់ផ្ទះ

ភ្នំពេញ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣–បន្ទាប់ពីការប្រកាសជាផ្លូវការរបស់ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) លើការប្រើប្រាស់ពាក្យ «គុនខ្មែរ» ដោយលុបពាក្យ «Muay» សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ប្រជាពលរដ្ឋខ្មែរបានសារទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការរក្សាជំហរ ដើម្បីថែរក្សាគោលការណ៍អត្តសញ្ញាណជាតិ ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC មានប្រសាសន៍ថា ប្រទេសជាសមាជិក ស៊ីហ្គេម មានសិទ្ធិមិនចូលរួមប្រកួតលើប្រភេទវិញ្ញាសាកីឡាណាមួយ។ ចំពោះថៃមានសិទ្ធិមិនចូលរួមប្រកួតក្នុងគុនខ្មែរ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ស្របពេលកម្ពុជាក៏មានសិទ្ធិមិនចូលរួមប្រកួត Muay ក្នុងស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅថៃ ដែលជាម្ចាស់ផ្ទះស៊ីហ្គេម បន្តវេន បន្ទាប់ពីកម្ពុជា ។ ឯកឧត្តមថ្លែងបញ្ជាក់ថា៖ «ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាមានសិទ្ធិរក្សា និងប្រកាន់គោលការណ៍អត្ដសញ្ញាណជាតិរបស់ខ្លួន»។

ឯកឧត្តមអគ្គលេខាធិការរូបនេះបានអះអាងទៀតថា ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ គឺកម្ពុជាមានក្តីសោមនស្សរីករាយចំពោះការផ្លាស់ប្តូរឈ្មោះ ប្រដាល់គុនខ្មែរ ក្នុងនាមជាម្ចាស់ផ្ទះ និងក្នុងនាមជាម្ចាស់ក្បាច់បុរាណគុនខ្មែរ និងជាប្រភេទកីឡាជាអត្ដសញ្ញាណជាតិ។

ការប្រកាសជំហរដ៏រឹងមាំនេះទទួលបានការសាទរនិងស្របតាមក្តីប្រាថ្នាដ៏ធំរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ហើយចំពោះរឿងមិនពេញចិត្ត និងការមិនចូលរួមរបស់សមាជិកថៃ លើវិញ្ញាសានេះក្តី ក៏ដំណើរដើរឆ្ពោះទៅមុខ នៃការប្រើប្រាស់ «គុនខ្មែរ» ដោយលុបចោលពាក្យ Muay នៅតែដំណើរការដោយរលូន ព្រោះកម្ពុជាទទួលបានការគាំទ្រ និងចូលរួមចំនួន៦ប្រទេស លើប្រភេទគុនខ្មែរនេះ ដូចជា ឥណ្ឌូណេស៊ី, វៀតណាម, ហ្វីលីពីន, ឡាវ, មីយ៉ាន់ម៉ា និងម៉ាឡេស៊ី។

ឯកឧត្តម វ៉ាត់ ចំរើន បានអះអាងបន្ថែមថា តាមធម្មនុញស៊ីហ្គេម ដែលជាគោលការណ៍កំពូលនៃស៊ីហ្គេម ឲ្យតែមាន៤ប្រទេសចូលរួមគាំទ្រនិងចូលរួមប្រភេទកីឡាណាមួយនោះនឹងអាចរៀបចំការប្រកួតដោយស្របទៅនឹងគោលការណ៍ធម្មនុញ្ញនៃស៊ីហ្គេម។

ទោះយ៉ាងនេះ ដើម្បីត្រៀមរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣នេះឱ្យដំណើរការដោយរលូន កម្ពុជាបានរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ កាលពីចុងឆ្នាំ២០២២ កន្លងទៅ ក្នុងពិធីបុណ្យសមុទ្រ នៅខេត្តព្រះសីហនុ ដោយទទួលបានការគាំទ្រពីបណ្តាប្រទេសមួយចំនួនក្នុងអាស៊ីអាគ្នេយ៍។ ជាមួយគ្នានោះ សហព័ន្ធប្រដាល់គុនខ្មែរ ជាតិ និងអន្តរជាតិបានរៀបចំវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាលចៅក្រម ដើម្បីបង្កើនសមត្ថភាពត្រៀមដឹកនាំការប្រកួត និងកាត់សេចក្តី ប្រដាល់គុនខ្មែរ ក្នុងពេលប្រកួតស៊ីហ្គេម នាខែឧសភា ឆ្នាំ២០២៣ ឱ្យមានភាពយុត្តិធម៌ និងជោគជ័យផងដែរ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook