Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ និង ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញដឹកនាំកិច្ចពិភាក្សារវាងគណៈកម្មការ កិច្ចការ បរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងក្រសួងព័ត៌មាន ស្តីពី « កិច្ចការ ប្រពន្ធ័ផ្ស

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានអញ្ជើញដឹកនាំ កិច្ចពិភាក្សារវាងគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងក្រសួងព័ត៌មាន ស្តីពី « កិច្ចការប្រពន្ធ័ផ្សព្វផ្សាយនៅកម្ពុជា » ដើម្បីស្វែងយល់កិច្ចការប្រព័ន្ធ ផ្សព្វផ្សាយនៅកម្ពុជា។

ក្នុងកិច្ចពិភាក្សារវាងគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភានិងក្រសួងព័ត៌មានស្តីពី« កិច្ចការប្រពន្ធ័ផ្សព្វផ្សាយនៅកម្ពុជា » ដែលបានធ្វើឡើងនៅព្រឹកថ្ងៃ ទី២៥ ខែមករា ឆ្នាំ២០២៣ នាសាលប្រជុំរដ្ឋសភាជាតិ ឯកឧត្តម សួស យ៉ារ៉ា មានប្រសាសន៍លើកឡើងថា កិច្ចពិភាក្សារវាងគណៈកម្មការទី៥ នៃរដ្ឋសភា ជាមួយក្រសួងព័ត៌មាន នាឱកាសនេះ មិនមែនជាការ សួរដេញដោលនោះទេ តែជាការពិគ្រោះយោបល់ ដែលអាចផ្លាស់ប្តូរបទពិសោធន៍ ពិសេសក្នុងការ គ្រប់គ្រង កិច្ចការព័ត៌មាន ការចាត់ការចំពោះព័ត៌មានមិនពិត និងការត្រៀមអនុម័តច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន រួមទាំងផែនការជាក់ស្តែងមួយចំនួនទៀត ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ មានប្រសាសន៍ជម្រាបជូនពីកិច្ចការងាររួមដែល ក្រសួងព័ត៌មាន សម្រេចអនុវត្តបានក្នុងរយៈពេលកន្លងមក និងទិសដៅការងារសំខាន់ៗជាច្រើនទៀត សំដៅធ្វើយ៉ាង ណាឱ្យវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាកាន់តែរីកចម្រើន ពិសេសគឺការជំរុញដំណើរការ ផ្លាស់ប្តូរប្រពន្ធ័ផ្សាយពី អាន់ណាឡូក ទៅជាឌីជីថល ។

ឯកឧត្តម រដ្ឋមន្រ្តី បានជម្រាបជូនថា បច្ចុប្បន្ននេះ មានស្ថានីយ៍ទូរទស្សន៍កំពុងផ្សាយចំនួន ១៩ ស្ថានីយ៍ វិទ្យុ FM ២២១ ស្ថានីយ៍ ហើយទូរទស្សន៍ផ្សាយបន្តចំនួន ១៦៥ស្ថានីយ៍ ទូរទស្សន៍ផ្កាយរណបចំនួន ២ ទូរទស្សន៍ ផេក TV OTT ចំនួន២ ដែលប្រពន្ធ័នេះ បានដាក់បញ្ចូលគ្រប់ប៉ុស្តិ៍ទូរទស្សន៍ និងមានកុនថែម ទៀតផង តែត្រូវបង់លុយដល់ក្រុមហ៊ុន ដើម្បីអាចចូលមើលបាន ។

ក្រៅពីនេះក៏មានវិទ្យុឯកជន កាសែត TV Online មានចំនួនច្រើន ហើយក៏ទទួលរងនូវការរិះគន់ថា ហេតុអ្វីក៏អនុញ្ញាតឱ្យមានការផ្សាយច្រើនដូចនេះ? ប៉ុន្តែនៅក្នុងរដ្ឋធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ច្បាស់ថា សិទ្ធិសារព័ត៌មាន គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋ ដូច្នេះហើយអ្នកណាក៏មានសិទ្ធិ បើកបានដែរ មិនមានការហាមឃាត់នោះទេ លើកលែងតែតុលាការកំណត់ថា មនុស្សនេះ មិនមានសិទ្ធិ បើកសារព័ត៌មាននោះទេ។

ដូចនេះហើយ គេតែងមានការយល់ច្រឡំថា ការដែលក្រសួងព័ត៌មាន រៀបចំ ធ្វើច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន គឺសម្រាប់អ្នកសារព័ត៌មាន តែមិនមែនជាការពិតនោះទេ គឺជាច្បាប់សម្រាប់ ប្រជាពលរដ្ឋទាំងអស់គ្នា ហើយមានវិសាលភាពគ្របដណ្តប់ធំ លើគ្រប់ច្បាប់ទាំងអស់ ព្រោះយើងអាចមាន សិទ្ធិស្នើសុំផ្តល់ព័ត៌មាន នូវអ្វីដែលយើងចង់ដឹង។ សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន បានពិនិត្យ ពិភាក្សាគ្នាយ៉ាងលម្អិត អស់រយៈពេល៥ ឆ្នាំមកហើយ ឥឡូវបានបញ្ចប់ដាក់ទៅ គណៈរដ្ឋមន្រ្តីរួចហើយ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook