Connect with us

ព័ត៌មានជាតិ

កុមារាខ្មែរមួយរូបបានចូលជួបប្រធានាធិបតីកូរ៉េខាងត្បូងក្រោយការព្យាបាលបានជោគជ័យ

(សេអ៊ូល)៖ កុមារាខ្មែរមួយរូបដែលមានបញ្ហាបេះដូងធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រូពេទ្យកូរ៉េខាងត្បូង ជួយព្យាបាលឱ្យមានសុខភាពល្អប្រសើរ ឡើងវិញហើយ បន្ទាប់ពីព្យាបាលទទួលជោគជ័យ និងមានសុខភាពល្អ ប្រសើរហើយនោះ កុមារារូបនេះ ត្រូវបានអនុញ្ញាតឱ្យចូលជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង ឯកឧត្ត យូន ស៊ុក យូល (Yoon Suk Yeol) និងភរិយារបស់គាត់ គឺលោកជំទាវ គីម គ័ន ហ៊ី(Kim Keon Hee) មុននឹងរូបគេត្រឡប់មកកម្ពុជាវិញ ។ កុមារាខ្មែរ ដែលមានឈ្មោះថា រដ្ឋា បានជួបបញ្ហាបេះដូងធ្ងន់ធ្ងរ  គេបានជួបលោកលោកជំទាវ គីម គ័ន ហ៊ី (Kim Keon Hee) ជាភរិយាប្រធានាធិបតីកូរ៉េខាងត្បូង កាលពី ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងពេលលោកជំទាវ អមដំណើរស្វាមីចូលរួមកិច្ច ប្រជុំកំពូលអាស៊ានលើកទី៤០​និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធនៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ។

ដោយក្តីអាណិតអាសូរកុមារា រដ្ឋា ដែលមានបញ្ហាបេះដូងនោះ លោកជំទាវ ក៏បាននាំយកកុមារ រដ្ឋា ទៅព្យាបាលនៅប្រទេសកូរ៉េខាងត្បូង ក្រោមការយកចិត្តទុកដាក់លើការព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យសេអ៊ូលអាសាន  សុខភាពរបស់កុមារា រដ្ឋា ក៏មានភាពល្អប្រសើរឡើងវិញ ។

កុមាររា រដ្ឋា ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ និងត្រឡប់មកកម្ពុជាវិញផងដែរ ប៉ុន្តែមុនចាកចេញពីកូរ៉េខាងត្បូងត្រឡប់មកកម្ពុជាវិញ កុមារា រដ្ឋា និងក្រុមគ្រួសារ ត្រូវបានអនុញ្ញាតឱ្យចូលជួបឯកឧត្តមប្រធានាធិបតីកូរ៉េខាងត្បូង និងលោកជំទាវជាភរិយា ដើម្បីថ្លែងនូវសេចក្តីអំណរអរគុណ ដល់ឯកឧត្តមប្រធានាធិបតី និងលោកជំទាវ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ម្សិលមិញនេះ ។

ឯកឧត្តមប្រធានាធិបតីកូរ៉េខាងត្បូង បានអរគុណដល់អ្នកគ្រប់គ្នាដែលបានជួយកុមារា រដ្ឋា ដោយឡែកលោកជំទាវ គីម គ័ន ហ៊ី (Kim Keon Hee) បានអរគុណក្រុមហ៊ុនអាកាសចរណ៍កូរ៉េ ដែលបាននាំកុមារា រដ្ឋា មកប្រទេសកូរ៉េប្រកបដោយសុវត្ថិភាព ។

លោកជំទាវ ក៏បានថ្លែងអំណរគុណបុគ្គលិកពេទ្យនៃមន្ទីរពេទ្យ សេអ៊ូល អាសាន (Seoul Asan) ដែលបានវះកាត់ជំងឺបេះដូងដ៏លំបាករបស់កុមារា រដ្ឋា រហូតបានជោគជ័យ ។
លោកជំទាវ គីម គ័ន ហ៊ី (Kim Keon Hee) បាននិយាយថា លទ្ធផលនេះ បានកើតឡើងចាប់តាំងពីលោកជំទាវបានជួបកុមារា រដ្ឋា នៅកម្ពុជាក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ម្លេះ លោកជំទាវ គីម គ័ន ហ៊ី (Kim Keon Hee) ចាត់ទុកថា រឿងនេះ ដូចជាអព្ភូតហេតុមួយ ។

ក្នុងជំនួបនោះ ឯកឧត្តមប្រធានាធិបតីកូរ៉េខាងត្បូង បានផ្តល់បាល់មួយជូនទៅកុមារា រដ្ឋា ផងដែរ ឯកឧត្តមប្រធានាធិបតី បានណែ នាំ កុមារា រដ្ឋា ថាលេងកីឡាហាត់ប្រាណ ដើម្បីមានសុខភាពល្អ ។

ជាមួយនឹងគុណបំណាច់ជួយស្រោចស្រង់ជីវិតពីជំងឺប្រចាំកាយនេះ កុមារា រដ្ឋា បានសរសេរលិខិតថ្លែងអំណរគុណ នៅលើកាតប៉ុស្តិ៍ស្តាល់ តុបតែងដោយផ្កា រំលេចដោយពាក្យពេចន៍អរគុណ ជូនប្រធានាធិបតី និងភរិយារបស់គាត់ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook