Connect with us

ព័ត៌មានជាតិ

នឹងមានឧទ្យានជាតិដ៏ធំមួយនៅលើផ្ទៃប្រមាណ ៧៥ហិកតា នៅបឹងទំនប់កប់ស្រូវ ឬបឹងតាមោក ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ

ពិតជារឿងគួរអោយរីករាយណាស់ដោយារ​រាជធានីភ្នំពេញបានបង្ហាញថា​ ទឹកដីនេះនឹងមានឧទ្យានជាតិដ៏ធំមួយនៅលើផ្ទៃប្រមាណ ៧៥ហិកតា នៅបឹងទំនប់កប់ស្រូវ ឬបឹងតាមោក ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្នុងនោះគ្រោងដាំដើមឈើប្រមាណ ១០ម៉ឺនដើម និងរៀបចំជាសួនកម្សាន្តផ្សេងៗផងដែរ។

បានថ្លែងប្រាប់បណ្តាញព័ត៌មានមួយនៅថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអោយដឹងថា  «ឧទ្យានជាតិរាជធានីភ្នំពេញ» គឺជាគំនិតផ្តួចផ្តើម និងចង្អុលបង្ហាញដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

បើតាមលោកអភិបាលរាជធានីភ្នំពេញ ដែលកំពុងយកចិត្តទុកដាក់លើការបង្កើតគម្របបៃតងក្នុងរាជធានីរូបនេះ បានបន្ថែមថា ការបង្កើតឧទ្យានជាតិនេះ ដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញ ឱ្យមានភាពស្រស់បំព្រងមានជម្រកពណ៌បៃតងមានបរិស្ថានល្អ និងដើម្បីទុកជាកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយ។

លោក ឃួង ស្រេង បានបញ្ជាក់ថា «នេះជាការគិតគូរវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ការលើកកម្ពស់សោភ័ណភាព និងគម្របបៃតងក្នុងរាជធានីភ្នំពេញ ដែលជាបេះដូងនៃប្រទេសរបស់យើងសម្រាប់មនុស្សជំនាន់ក្រោយ»

បើតាមលោកអភិបាលរាជធានីភ្នំពេញ ឧទ្យានរាជធានីភ្នំពេញ នឹងមានការដាំដើមឈើចម្រុះ ហើយក៏មានការរៀបចំជាសួនកម្សាន្តសម្រាប់ ការលំហែរបស់ប្រជាពលរដ្ឋផងដែរ។

លោក ឃួង ស្រេង បានលើកឡើងថា ការដាំដើមឈើ ជាការរួមចំណែកយ៉ាងសំខាន់ ធ្វើឲ្យរាជធានីភ្នំពេញ មានភាពស្រស់ស្អាត ជាទីក្រុងបៃតង និងទទួលបាននូវការទាក់ទាញ។

លោក ឃួង ស្រេង ជាមេដឹកនាំក្នុងរាជធានីភ្នំពេញ ដែលគេកត់សម្គាល់ឃើញថា យកចិត្តទុកដាក់ខ្ពស់លើការបង្កើតគម្របបៃតងក្នុងរាជធានីភ្នំពេញ តាមរយៈការដាំឈើនៅតាមទីសាធារណៈនានា។

កន្លងមកនេះលោកអភិបាលបានចុះផ្ទាល់ដើម្បីដាំដើមឈើ និងណែនាំឱ្យមន្ត្រីពាក់ព័ន្ធដាំដើមឈើ។ មានដូចជាការដាំដើមឈើប្រមាណពី ១,៥០០ដើម ទៅ ២,០០០ដើម នៅអមសងផ្លូវ២១៧ ក្នុងខណ្ឌដង្កោ ដោយចាប់ផ្ដើមដាំពីស្ពាន ដែកចំការដូងរហូតដល់រង្វង់មូលគួរស្រូវជាប់ព្រំប្រទល់ខេត្តកណ្ដាល លើចម្ងាយផ្លូវប្រវែង ៧គីឡូម៉ែត្រសងខាង (ស្មើ ១៤គីឡូម៉ែត្រ)។

ដាំប្រភេទឈើធ្នង់សុទ្ធ នៅតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងខណ្ឌជ្រោយចង្វាចំនួន ១០០០ដើម, ដាំប្រភេទឈើននេលនៅលើផ្លូវហាណូយចំនួនជាង ១,៥០០ដើម, ដាំនៅលើឧទ្យានខាងលិចស្ពានជ្រោយចង្វាចំនួន ៣៦០ដើម។

លោក ឃួង ស្រេង ក៏បានចាត់ចែងដាំដើមឈើប្រភេទធ្នង់ គគីរ នៅតាមទីសាធារណៈជាច្រើនទៀត ដូចជា៖ នៅតាមផ្លូវសម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ) ដាំដើមធ្នុង គគីរ ១,៨០០ដើម, នៅតំបន់បឹងកក់ ជាង៧០០ដើម, នៅតាមផ្លូវ៦អា ជាង ១,០០០ដើម, នៅតាមផ្លូវចំការដូងជាង ២,០០០ដើម, នៅតាមផ្លូវជាតិលេខ៤ ជាង ៥០០ដើម, នៅវត្តភ្នៀត ជាង ៩០០ដើម, នៅវត្តគល់ទទឹងជាង ១,០០០ដើម, នៅក្នុងមន្ទីរពេទ្យកុមារជាតិជាង ២០០ដើម, នៅវិទ្យាល័យសុខាភិបាការពារជាតិ ជាង ៥០០ដើម និងនៅក្នុងវិទ្យាល័យដូនពេញ ជាង២០០ដើម។

លោក ឃួង ស្រេង តែងបានអំពាវនាវប្រជាពលរដ្ឋ និងមន្ត្រីរាជការមហាជនទូទៅ ត្រូវចេះស្រឡាញ់ដើមឈើឲ្យដូចស្រឡាញ់កូនចៅខ្លួនឯង និងត្រូវចូលរួមដាំបន្ថែម និងថែរក្សាដើមឈើឲ្យបានល្អ និងគង់វង់បង្កើនគម្របបៃតងឲ្យបានកាន់តែច្រើនដើម្បីរក្សាលំនឹងបរិស្ថាន និងធម្មជាតិសំរាប់ជីវិតមនុស្សសត្វ លើភពផែនដីឲ្យប្រកបដោយនិរន្តរភាព និងស្រស់បំព្រងគ្រប់រដូវកាល។

 

 

Click to comment

Leave a Reply

Your email address will not be published.

Facebook