Connect with us

ព័ត៌មានជាតិ

TYDA បាន​ត្រៀម​ពេទ្យ​ស្ម័គ្រចិត្ត​ប្រមាណ​៣៥០​នាក់​បន្ថែមទៀត ​ដើម្បី​ចូលរួមក្នុង​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​កូ​វីដ​១៩ ​ជាមួយ​ក្រសួងសុខាភិបាល

ភ្នំពេញ ៖ ​នៅ​ថ្ងៃទី​១៩ ខែមីនា ម្សិលមិញ​នេះ ​អំឡុង​ពេល​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ពិនិត្យមើល​ពី​ដំណើរការ​រៀបចំ​មន្ទីរ​ពេទ្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​ នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ លោកជំទាវ ពេ​ជ ចន្ទ​មុន្នី អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ និង​ជាប្រធាន​ក្រុម​ដឹកនាំ​គ្រូពេទ្យ​សម្តេច​តេ​ជោ ​ប្រឆាំង​កូ​វីដ​១៩ ​បាន​ឲ្យ​ដឹង​ថា​ ខណៈដែល​បច្ចុប្បន្ននេះ​ ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ​នៅ​កម្ពុជា ​កំពុង​ស្ថិត​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ​ហើយ​ចំនួន​ឆ្លង​ថ្មី​មានការ​កើន​ឡើង​នោះ​ TYDA បាន​ត្រៀម​ពេទ្យ​ស្ម័គ្រចិត្ត​ប្រមាណ​៣៥០​នាក់​បន្ថែមទៀត ​ដើម្បី​ចូលរួម​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​កូ​វីដ​១៩ ​ជាមួយ​ក្រសួងសុខាភិបាល និង រាជរដ្ឋាភិបាល​កម្ពុជា​។

​លោកជំទាវ ពេ​ជ ចន្ទ​មុនី អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ បាន​បញ្ជាក់ថា ​រយៈពេល​១​ឆ្នាំ​ជាង​មកនេះ TYDA ​មាន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ប្រឆាំង​កូ​វីដ​១៩​ ចំនួន​ប្រមាណ​៤០០​នាក់​ បាន​នឹង​កំពុងតែ​ចូលរួម​ការងារ​ជាមួយ​ពេទ្យ​ក្រសួង​សុខាភិបាល ទាំង​ការងារ​យក​សំណាក ​និង​ការព្យាបាល​ អ្នកជំងឺ​កូ​វីដ​១៩ ​ហើយ​ថ្មីៗ​នេះ​ដោយមាន​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​ ពី​ស​ម្តេច​តេ​ជោ​ ប្រមុខ​រាជរដ្ឋាភិបាល TYDA ​បាន​បណ្តុះ​បណ្តាល​ពេទ្យ​ស្ម័គ្រចិត្ត​៣៥០​នាក់ ​បន្ថែមទៀត​ ដើម្បី​ចូល​ប្រយុទ្ធ​ក្នុង​សមរភូមិ​កូ-​វីដ​ នាពេលខាងមុខ​។

ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ចាប់​តាំងពី​ជំងឺ​នេះ​ បាន​រាតត្បាត​នៅ​ក្នុង​ប្រទេស​កម្ពុ​ជានា​ឆ្នាំ​២០២០​មក លោកជំទាវ ពេ​ជ ចន្ទ​មុនី បាន​លើកឡើងថា ​គ្រូពេទ្យ​ទាំងអស់​បាន​បំពេញការងារ ​ដោយមាន​ការទទួលខុសត្រូវ​ខ្ពស់​ ដោយ​មិន​គិត​ការ​នឿយហត់ ​លះបង់​ពេលវេលា​ផ្ទាល់ខ្លួន​ និង​ជាមួយ​គ្រួសារ ដើម្បី​ប្រជាពលរដ្ឋ ​និង​ប្រយុទ្ធ​ជាមួយ​កូ​វីដ​១៩ ​ហើយ​លោកជំទាវ ក៏​អរគុណ​ចំពោះ​ក្រុម​គ្រូពេទ្យ​ទាំងអស់ ​និង​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​សហការ​កន្លង​មក ​ហើយក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​បន្ត​ការ​សហការ​នេះ ​បន្តទៀត​ ដើម្បី​អោយ​យើង​អាច​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ក្នុងពេល​ឆាប់ៗ​នេះ​។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ​ការប្រយុទ្ធ​ក្នុង​សមរភូមិ​កូ​វីដ ១៩ ​យើង​មាន​ទ័ព​អាវ​ស ​ជា​គ្រូពេទ្យ​របស់​ក្រសួងសុខាភិបាល ​និង គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ​ប្រឆាំង​កូ​វីដ​១៩ ​កំពុង​សស្រាក់សស្រាំ ហើយ​ជា​តំរូវ​ការ​បន្ថែម​ក្រសួង​ការពារជាតិ​ក៏បាន​រៀបចំ​កងទ័ព​យោធា​ហ្វឹកហ្វឺន​បន្ថែមចំនួន​៣៥០​នាក់ ស្មើនឹង​៣០​ក្រុម​ផងដែរ ​ដើម្បី​ចូលរួម​ជាមួយ​ក្រសួងសុខាភិបាល​ ។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook