ភ្នំពេញ៖ នារសៀលថ្ងៃច័ន្ទ ៨កើត ខែផល្គុន ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានរៀបចំសន្និសីទសារព័ត៌ស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ ឆ្នាំ២០២៣ ដឹកនាំដោយឯកឧត្ដម សោម សុគន្ធ រដ្ឋលេខាប្រចាំការ និងជាប្រធានអនុគណៈកម្មការរៀបចំទិវាវប្បធម៌ជាតិ ៣មិនា លើកទី២៥
ឆ្នាំ២០២៣។
រំលឹកដែរថារាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី៣ ខែមីនា រៀងរាល់ឆ្នាំជាថ្ងៃបើក ទិវាវប្បធម៌ជាតិ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាមអនុក្រឹត្យលេខ០៦ អនក្រ.បក ចុះថ្ងៃទី២៥ មករា ឆ្នាំ២០០៦។
ទិវាវប្បធម៌ជាតិឆ្នាំនេះ រៀបចំឡើងក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ដូចឆ្នាំមុនៗដែរ ដើម្បីជំរុញឲ្យយុវជនចូលរួមយ៉ាងសកម្មថែមទៀតលើកិច្ចការពារ ថែរក្សាវប្បធម៌ជាតិ និងដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មរតី និងអាយុជីវិតក្នុងការបង្កើត ថែរក្សាសម្បត្តិវប្បធម៌ដ៌មានតម្លៃ ហើយបានបន្សល់ទុកបន្តដល់កូនចៅជំនាន់ក្រោយ។
ទន្ទឹមគ្នានេះដែរ ទិវាវប្បធម៌ជាតិក៏ជាឱកាសដ៏មានតម្លៃ ដើម្បីបំផុសនូវស្មារតីស្រឡាញ់ជាតិ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងអត្តសញ្ញាណជាតិ ក្នុងចំណោមប្រជាជនខ្មែរគ្រប់រូប ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ស្របតាមគោលនយោបាយជាតិស្ដីពីវិស័យវប្បធម៌ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ដោយបានការណែនាំដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទិវាវប្បធម៌ឆ្នាំនេះ បានសម្រេចយកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៤ៈ៣០នាទីរសៀល ដើម្បីប្រារព្ធពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ និងពិធីពិសារអាហារសមគ្គីរវាងប្រមុខរាជរដ្ឋាភិបាល ជាមួយសិល្បករ សិល្បការិនី ប្រមាណជាង ៤០០០នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ (អគារ G H I J K L)។
ជំនួបនេះផងដែរមានសារៈសំខាន់ក្នុងការផ្សារភ្ជាប់រវាងប្រមុខរាជរដ្ឋាភិបាល ជាមួយសិល្បករ សិល្បការិនី គ្រប់ទម្រង់ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ព្រមទាំងអ្នកពាក់ព័ន្ធនឹងវិស័យសិល្បៈវប្បធម៌មកពីទូទាំងប្រទេស ដើម្បីទទួលបានអនុសាសន៍ល្អៗពីសម្ដេចតេជោ៕
