រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តដល់វិនិយោគិនសហរដ្ឋអាមេរិក បន្តការវិនិយោគ ក៏ដូចជាកៀរគរវិនិយោគិនសំខាន់ៗមកកម្ពុជា ដូចជា៖ វិស័យចំណីអាហារ សុខាភិបាល ពិសេសគឺ ការចូលរួមក្នុងគម្រោងនានារបស់រាជរដ្ឋាភិបាលកម្ពុជា ។
ការលើកទឹកចិត្តរបស់ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានធ្វើឡើងក្នុងឱកាស ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ASEAN Business Council) ដែលដឹកនាំដោយ ឯកឧត្តមឯកអគ្គរដ្ឋទូត ម៉ៃឃើល មីឆាឡាក់ (Ambassador Michalak) អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងថ្នាក់តំបន់ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ។

កិច្ចប្រជុំនេះមានការចូលរួមពីក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ានតំណាងស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា រួមជាមួយនឹងតំណាងក្រុមហ៊ុនធំៗ និងល្បីៗរបស់សហរដ្ឋអាមេរិកមួយចំនួនដូចជា៖ ក្រុមហ៊ុន Abbott ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុន Ford ក្រុមហ៊ុន Mastercard ក្រុមហ៊ុន Attwood ក្រុមហ៊ុន RMA Group ក្រុមហ៊ុន Pfizer ក្រុមហ៊ុន Visa និងក្រុមហ៊ុន Vriens & Partners ។
នៅក្នុងជំនួបពិភាក្សានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ម៉ៃឃើល មីឆាឡាក់ ប្រធានគណៈប្រតិភូបានថ្លែង អំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងពាណិជ្ជកម្ម ដែលបានទទួលជួបក្រុមគណៈប្រតិភូ របស់លោក នាឱកាសនេះ បើទោះបីជាកម្ពុជាកំពុងតែមមាញឹកត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេម និងត្រៀមរៀបចំការបោះឆ្នោតថ្នាក់ជាតិនាខែកក្កដាក៏ដោយ។

ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន នឹងព្យាយាមពង្រឹងអាជីវកម្មដែលមានស្រាប់នៅកម្ពុជា និងទាក់ទាញការវិនិយោគបន្ថែមមកកម្ពុជា ពិសេសនឹងជួយគាំទ្រដល់ការកសាងសមត្ថភាព ធនធានមនុស្ស និងភាពជាអ្នកដឹកនាំ។
ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក បើទោះជាមានវិបត្តិកូវីដយ៉ាងណា ក៏នៅតែមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ពិសេស ការវិនិយោគ សាងសង់រោងចក្រតម្លើងរថយន្តរបស់ក្រុមហ៊ុន Ford និងក្រុមហ៊ុន RMA នៅខេត្តពោធិសាត់កាលពីឆ្នាំ កន្លងមក។

ការចូលរួមរបស់ក្រុមហ៊ុន Visa និងក្រុមហ៊ុន Mastercard លើវិស័យទូទាត់តាមប្រព័ន្ធ អេឡិចត្រូនិក នៅកម្ពុជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល និងអង្គការផ្សេងៗក្នុងការ បណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា។
ជាមួយគ្នានេះដែរការចូលរួមរបស់ក្រុមហ៊ុនអាហារូបត្ថម្ភអាមេរិក បាននិងបន្តសហការជាមួយបណ្តា មន្ទីរពេទ្យនានា ក្នុងការផ្សព្វផ្សាយនិងលើកកម្ពស់បញ្ហាសុខភាពដល់ប្រជាជនកម្ពុជាផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក-អាស៊ាន និងតំណាងក្រុមហ៊ុនទាំងអស់ ដែលបានចំណាយពេលវេលាចូលរួម ក្នុងកិច្ច ប្រជុំនេះ។ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការ ក៏បានស្នើអាមេរិក ឱ្យសិក្សាលទ្ធភាពវិនិយោគ លើវិស័យសុខាភិបាល ជាពិសេសមន្ទីរពេទ្យឯកជននៅកម្ពុជា ។
ជាកិច្ចបញ្ចប់គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ដល់ឯកឧត្តមរដ្ឋលេខាធិការ ពិសេសក្រសួងពាណិជ្ជកម្ម ដែលតែងតែយកចិត្តទុកដាក់ និងផ្ដល់កិច្ចសហប្រតិបត្តិការដល់គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាននៅកម្ពុជា គ្រប់ពេលវេលា ៕