Connect with us

ព័ត៌មានកីឡា

កម្ពុជាហាមដាច់ខាតមិនឱ្យមានការប្រើប្រាស់ ឧបត្ថម្ភ ចែកចាយ ផ្សព្វផ្សាយផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក នៅក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ឡើយ

ភ្នំពេញ៖ ប្រទេសកម្ពុជាហាមដាច់ ខាតមិនឱ្យមានការប្រើប្រាស់ ឧបត្ថម្ភ ចែកចាយ ផ្សព្វផ្សាយផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក នៅក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ឡើយ ខណៈដែលបារីគឺជាឃាតកលាក់មុខសម្លាប់មនុស្សជារៀងរាល់ថ្ងៃ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីកីឡាគ្មានថ្នាំជក់ នារសៀលថ្ងៃទី ៣ខែមីនា ឆ្នាំ ២០២៣ នៅទីស្តីការ ក្រសួងទេសចរណ៍ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេស ចរណ៍ និងជាអនុប្រធានគណៈកម្មា ធិការពិធីបើក និងបិទនៃគណៈកម្មា ធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានមានប្រសាសន៍ថា នាខែឧសភា និងខែមិថុនាខាងមុខនេះ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន

ក្នុងការរៀបចំក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលក្នុងព្រឹត្តិការណ៍នេះ កម្ពុជានឹងបន្តអនុវត្តគោលការណ៍កីឡាគ្មានថ្នាំជក់យ៉ាងតឹងរ៉ឹងបំផុត ។
ឯកឧត្តមបញ្ជាក់ថា គោលការណ៍ទាំងនោះរួមមាន៖ ហាមឃាត់ការ ប្រើប្រាស់ផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក (វេប) នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិ ទីលានប្រកួតកីឡា និងតំបន់ស្នាក់នៅហូបចុករបស់ប្រតិភូកីឡា, ហាមឃាត់ការលក់ ការចែកចាយ និងការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក (វេប) គ្រប់ទម្រង់នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិ ទីលានប្រកួតកីឡា និងតំបន់ស្នាក់ នៅហូបចុករបស់ប្រតិភូកីឡាមិនទទួលការឧបត្ថម្ភនានារបស់ក្រុម ហ៊ុនថ្នាំជក់ និងក្រុមហ៊ុនបារីអេឡិច ត្រូនិក (វេប) ។

ឯកឧត្តមបន្តថា ដើម្បីឱ្យមានការយល់ដឹងកាន់តែច្រើន ក្រសួងបានរៀបចំការផ្សព្វផ្សាយឱ្យបានទូលំ ទូលាយតាមរយៈការត្រៀមបដា និងមានក្រុមយុវជនស្ម័គ្រចិត្តជួយអប់រំផ្សព្វផ្សាយពីបញ្ហានេះ ទាំងមុននិងក្នុងព្រឹត្តិការណ៍ចាប់ផ្តើម ពោលគឺធ្វើយ៉ាងណាឱ្យហាមឃាត់មិនឱ្យមាន ការប្រើប្រាស់ ការឧបត្ថម្ភ ការចែក ចាយ និងការផ្សព្វផ្សាយបារី និងបារីអេឡិចត្រូនិក (វេប)ឡើយ។ បើក្រុមហ៊ុន

ឬបុគ្គលណាមិនអនុវត្តបម្រាមនេះទេ ក្រុមការងារនឹងធ្វើការអប់រំ ហើយបើនៅតែបន្ត នឹងអនុវត្តវិធានរដ្ឋបាលយ៉ាងតឹងរ៉ឹង។ បើសិនជាកម្ពុជាអនុវត្តន៍ផែនការនេះបាន គឺពិតជាល្អប្រសើរ ព្រម ទាំងបានលើកមុខមាត់ប្រទេសជាតិក្នុងឆាកអន្តរជាតិ ព្រោះនេះជាព្រឹត្តិការណ៍សំខាន់។

លោកវេជ្ជបណ្ឌិតមុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខ ភាពកម្ពុជាបានមានប្រសាសន៍ថា ទោះក្នុងទម្រង់ឬគោលបំណងណាក៏ដោយ កីឡាគ្មានថ្នាំនឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើនរួមមាន៖ ការពារកីឡាករ គ្រូបង្វឹក ទស្សនិក ជន អ្នករៀបចំ និងអ្នកស្ម័គ្រចិត្ត ពីការស្រូបផ្សែងបារីពីគេប្រកបដោយគ្រោះថ្នាក់ ធានាបាននូវស្ដង់ដារសុខភាពខ្ពស់សម្រាប់អ្នកទាំងអស់ដែលពាក់ព័ន្ធនឹងការប្រកួតកីឡានេះ លើកទឹកចិត្តនិងគាំទ្រអ្នកជក់បារីឱ្យផ្តាច់បារី បង្ការអ្នកមិនជក់បារី ជាពិសេសយុវវ័យពីការចាប់ផ្តើមជក់បារី រួមចំណែកបង្កើតវប្បធម៌គ្មានថ្នាំជក់ កាត់បន្ថយចំណាយលើការសម្អាត និងហានិភ័យនៃអគ្គីភ័យ។

តាមរយៈបទបង្ហាញ លោក វេជ្ជបណ្ឌិត យ៉ិល ដារាវុធ តំណាងអង្គការសុខភាពពិភពបានគាំទ្រចំពោះការហើមមិនឱ្យការប្រើប្រាស់ ការឧបត្ថម្ភ ការចែកចាយ និងការផ្សព្វផ្សាយបារី និងបារីអេឡិចត្រូនិកក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ។

លោកបញ្ជាក់ថា កីឡាគឺជាការអបអរសាទរដើម្បីជីវិត និងដើម្បីសុខភាព ដូច្នេះមិនអាចយកថ្នាំជក់ដែលជាផលិតផលសម្លាប់មនុស្សមកផ្សាយ ឬប្រើប្រាស់នោះទេ។

ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី២២ ជាព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍គ្មានថ្នាំ ជក់លើកដំបូងដែលប្រារព្ធឡើងនៅឆ្នាំ២០០៣ នៅប្រទេសវៀតណាម ហើយការប្រកួតកីឡាអាស៊ីអាគ្នេយ៍ជាបន្តបន្ទាប់ទៀតក៏បានអនុវត្តតាមគោលការណ៍កីឡាគ្មានថ្នាំជក់ផងដែរ ដោយប្រទេសជាម្ចាស់ផ្ទះបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍កីឡាគ្មានថ្នាំជក់នេះ។

ព្រឹត្តិការណ៍កីឡាអន្តរជាតិធំៗ ដូចជាព្រឹត្តិការណ៍កីឡា “FIFA” ជាដើម សុទ្ធតែមានគោលការណ៍ហាមឃាត់យ៉ាងតឹងរ៉ឹងចំពោះការប្រើប្រាស់ ការ ផ្សាយពាណិជ្ជកម្ម និងការឧបត្ថម្ភ ក្នុងការប្រកួតទាំងមូល។

គួរបញ្ជាក់ថា នៅកម្ពុជាប្រជា ពលរដ្ឋ ១៥ ០០០ ស្លាប់ជារៀង រាល់ឆ្នាំ ដោយសារជំងឺដែលបង្កដោយថ្នាំជក់។ ជំងឺនាំមុខទាំង៥ មាន៖ (១) ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល (២) ជំងឺស្ទះសរសៃ ឈាមបេះដូង (៣) ជំងឺឆ្លងផ្លូវ ដង្ហើមផ្នែកខាងក្រោម (៤) ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ និង(៥) ជំងឺ មហារីកសួត ទងសួត និងបំពង់ខ្យល់៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook