Connect with us

កងកម្លាំងប្រដាប់អាវុធ

ក្រុមអ្នកជួសជុលខ្លោងទ្វារតាកាវបង្ហាញអារម្មណ៍រីករាយ ក្រោយ ពេលឃើញសំណង់បុរាណមួយនេះឈររឹងមាំឡើងវិញ

ស្ថាបត្យកម្ម អ្នកបុរាណវិទូនិងក្រុមជាងគ្រប់ផ្នែក ដែលបានចូលរួមជួសជុលសំណង់ខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ បានបង្ហាញអារម្មណ៍រីករាយ បន្ទាប់ពីឃើញខ្លោងទ្វារបុរាណមួយនេះ បង្ហាញសម្រស់ដ៏ល្អឯក ព្រមទាំងមានភាពរឹងមាំយូរអង្វែងតទៅទៀត។

អ្នកស្រី ហាន ម៉ាច អាយុ៦៦ឆ្នាំ ជាអ្នកភូមិស្រះស្រង់ខាងជើងដែលបានចូលរួមជួសជុលប្រាសាទជាច្រើននៅតំបន់អង្គរជាមួយអាជ្ញាធរជាតិអប្សរាជាង២០ឆ្នាំមកហើយ ក្នុងចំណោមកម្មករជាច្រើនទៀត ដែលបានទៅជួសជុលខ្លោងទ្វារតាកាវ មានប្រសាសន៍ថា កាលពីដំបូង ខ្លោងទ្វារតាកាវ បានរងការខូចខាតជាច្រើនកន្លែង ដូចជាថ្មក្រៀកចេញពីគ្នា ព្រមទាំងមានជ្រុះធ្លាក់មកដីផង ហើយនៅទីតាំងកំពូលមុខព្រហ្ម ដំរីក្បាលបី ចម្លាក់រូបទេវតា និងអសុរទាញព្រ័ត្រនៅស្ពានហាលជាដើមសុទ្ធតែជាកន្លែងគ្រោះថ្នាក់មិនអាចធ្វើដំណើរឆ្លងកាត់បានទេ។

អ្នកស្រី ហាន ម៉ាច មានប្រសាសន៍ដោយសប្បាយចិត្តថា មកដល់ពេលជួសជុលរួចរាល់ ឃើញថាសម្រស់ខ្លោងទ្វារតាកាវពិតជាស្អាតខ្លាំងណាស់ស្ទើរតែមិនជឿភ្នែកខ្លួនឯង។ «ការងារនេះមានតម្លៃខ្លាំងណាស់ ព្រោះអ្នកស្រីបានចូលរួមថែរក្សាប្រាសាទបុរាណខ្មែរយើង ឱ្យស្ថិតស្ថេរយូរអង្វែងបន្តទៀត»។

លោក ហឿង ឈ្លឿន អាយុ៣៩ឆ្នាំ អ្នកភូមិអូរទទឹង ជាកម្មករដែលបានចូលរួមជួសជុលខ្លោងទ្វារតាកាវម្នាក់ទៀត ឱ្យដឹងដែរថា រយៈពេល៣ឆ្នាំមកនេះ ខ្លោងទ្វារតាកាវ បានផ្លាស់ប្រែសភាពខុសប្លែកពីមុន ដែលធ្លាប់តែមានការបាក់បែក បែរជាត្រឡប់ទៅជារឹងមាំឡើងវិញ។ លោក ឈ្លឿន មានប្រសាសន៍បន្តថា ការជួសជុលខ្លោងទ្វារតាកាវបានជួបការលំបាកខ្លះៗ ដោយសារតែបាត់ថ្មជាច្រើន ដែលតម្រូវឱ្យថែមថ្មថ្មី។ ប៉ុន្តែលោកបានខិតខំបំពេញការងារដោយយកចិត្តទុកដាក់ដើម្បីរក្សាកេរមរតកដូនតាមួយនេះឱ្យបានគង់វង្សបន្តទៀត។

ជារៀងរាល់ថ្ងៃ មិនថាអ្នកស្រីហាន ម៉ាច និងលោក ហឿង ឈ្លឿន គឺក្រុមជាងធ្វើការនៅខ្លោងទ្វារតាកាវ ទាំងអស់តែងក្រោកពីព្រឹករៀបចំដាំបាយវេចខ្ចប់ ចាកចេញពីផ្ទះ ដើម្បីយកទៅហូបនៅការដ្ឋាន ហើយល្ងាចទើបត្រឡប់ទៅផ្ទះវិញ ដោយមិនដែលនឿយហត់នឹងការងារនោះឡើយ។

ខ្លោងទ្វារតាកាវបច្ចុប្បន្ន បានបង្ហាញសម្រស់ និងភាពរឹងមាំ ត្រចះត្រចង់ឡើងវិញឈរបង្អួតភ្ញៀវទេសចរយ៉ាងមោទនភាព ហើយប្រជាពលរដ្ឋក៏នឹងអាចធ្វើដំណើរឆ្លងកាត់ទីនេះដោយសុខសុវត្ថិភាពលែងមានការលំបាកដូចមុនទៀតហើយ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook