ការដាំស្វាយចន្ទីដែលជោគ ជ័យទាមទារឱ្យកសិករត្រូវយល់ដឹងច្រើនពីការជ្រើសរើសដី និងបច្ចេកទេសក្នុងការថែ ទាំ ដើម្បីទទួលបានទិន្នផលល្អនិងមិនមានសត្វល្អិតចង្រៃបំផ្លាញ ជាពិសេសជួយលើក ស្ទួយជីវភាពគ្រួសារថែមទៀតផង ។
វិស័យកសិកម្ម គឺជាវិស័យអាទិភាពមួយដែលចូលរួមចំណែកធ្វើឱ្យកសិករខ្មែរ មានជីវភាពល្អប្រសើរឡើង ក្នុងនោះដំណាំស្វាយចន្ទី ក៏ជា ដំណាំមួយដែលធ្វើឱ្យខឿនសេដ្ឋកិច្ចជាតិ មានការរីកចម្រើនផងដែរ ។
លោក គង់ វិមាន ជាម្ចាស់ចម្ការស្វាយចន្ទី ស្ថិតនៅឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ បានលើកឡើងថា ចម្ការស្វាយចន្ទីរបស់លោក មានភាគច្រើនជាប្រភេទចន្ទីពូជ M 09 និងចន្ទីពូជ M 23 ដែលពូជ M 09 ផ្លែរបស់វាគឺមានពណ៌លឿងគ្រាប់ពណ៌ស ហើយល្អជាង M 23 ។

នៅក្នុងឃុំនេះ បើគិតជាមធ្យម គឺមានកសិករដាំដំណាំស្វាយ ចន្ទី ប្រហែលមិនក្រោមពី ២ ទៅ៣ពាន់ហិកតានោះទេ ហើយសម្រាប់ដំណាំស្វាយ ចន្ទី M 09 គឺមានតិចតួចប៉ុណ្ណោះ ដោយសារតែកសិករស្គាល់ច្រើនជាងគេ គឺពូជ M 23 ព្រោះវាមានលក្ខណៈអំណោយផលដល់ការដាំដុះ ។
លោកបានបន្តថា ដើម្បីឱ្យការដាំដុះដំណាំស្វាយចន្ទីទទួល បានទិន្នផលខ្ពស់នោះ គឺទាម ទារឱ្យកសិករមានការយល់ដឹងពីគន្លឹះមួយចំនួន រួមមាន ៖ ការរៀបចំដីឱ្យបានល្អ កាប់ឆ្ការព្រៃ រៀបចំផ្លូវ ប្រព័ន្ធទឹក របៀបនៃការដាំដុះ ការមើលថែ ការសម្អាតស្មៅនៅតាមរងនិងគល់ស្វាយចន្ទីជាប្រចាំ ការបំប៉ននិងដាក់ជី ទៅតាមកម្រិតនៃអាយុកាលរបស់ស្វាយចន្ទី ជាពិសេសដំណាំស្វាយចន្ទី គឺជាប្រភេទដែលសម្បូរដោយសត្វចង្រៃបំផ្លាញនិងជំងឺ ដូច្នេះកសិករត្រូវមើលថែឱ្យបានដិតដល់បំផុត ។

« ទន្ទឹមនឹងនោះបើយើងមិនចេះ ហើយចេះតែធ្វើ គឺពុំបានជោគជ័យទេ ការដាំនេះគេមើលពីក្រៅមកគឺថាមានលក្ខណៈងាយស្រួល តែវាមិនស្រួលប៉ុន្មាននោះទេ វាទាមទារដូចជា ទី១ ពាក់ព័ន្ធទៅនឹងដី ព្រោះស្វាយចន្ទីវាអត់ត្រូវការជាំទឹកទេ ប្រភេទដីជាំទឹកខ្លាំងស្វាយចន្ទីដាំអត់កើត ចឹងចន្ទីគឺត្រូវការដីរាងទួល ខ្ពង់រាប បើបានដីក្រហមទៀត ប៉ុន្តែមិនមែនក្រហមស្ងួតនោះទេ គឺក្រហមមានជាតិសំណើម គឺល្អហើយ ប៉ុន្តែមិនមែនល្អតែជើងក្រោមទេ វាបូកផ្សំទៅនឹងកត្តាអាកាសធាតុ បើអាកាស ធាតុអំណោយផល ពេលចេញ ផ្កាមកគឺយើងត្រូវប្រើប្រាស់ថ្នាំ ដើម្បីបង្ការសត្វល្អិតកុំឱ្យសត្វ ល្អិតវាបំផ្លាញ ទន្ទឹមនឹងសត្វ ល្អិតវាក៏ពាក់ព័ន្ធនឹងសន្សើមដែរវាមានសន្សើមប្រៃ សន្សើមស្អិតគឺធ្វើឱ្យស្វាយចន្ទីនឹងគាំងអត់ចេញក្ដឹប »។
សូមបញ្ជាក់ថា ខេត្តកំពង់ធំ មានផ្ទៃដីដាំដុះដំណាំស្វាយ ចន្ទី មានចំនួន ១៤៤.០០០ ហិកតា ផ្ទៃដីប្រមូលផលមានចំនួន ៩៨.០០០ហិកតា បរិមាណផលសរុបចំនួន ១៣ ម៉ឺនតោន ចំពោះតម្លៃចាប់ពី ៥.៤០០ ទៅ ៥.៥០០រៀលក្នុង១គីឡូក្រាម ៕