Connect with us

ព័ត៌មានជាតិ

សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា ចង់ប្រែក្លាយកម្ពុជាទៅជាប្រទេសអធិរាជគ្រាប់ស្វាយចន្ទី

(ពោធិ៍សាត់)៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា នាពេលអនាគត សម្តេចចង់ធ្វើឱ្យកម្ពុជា ក្លាយទៅជាប្រទេសអធិរាជស្វាយចន្ទី ពោលគឺជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក ។

សម្តេច ហ៊ុន សែន ថ្លែងបញ្ជាក់បែបនេះ នៅពេលដែលសម្តេច ​អញ្ជើញពិនិត្យវឌ្ឍនភាពសាងសង់វារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ និងមានការសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារគម្រោង សាងសង់វារីអគ្គិសនី នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

សម្តេចតេជោបានបញ្ជាក់ថា៖ “ខ្ញុំចង់ធ្វើឱ្យប្រទេសកម្ពុជា ក្លាយទៅជាប្រទេសអធិរាជស្វាយចន្ទី ព្រោះឥលូវស្វាយចន្ទីបានផលិតច្រើនជាងគេទាំងអស់ គ្រាន់តែយើងមិនទាន់មានការកែច្នៃ ” ។

“ខ្ញុំបានមើលពិព័រណ៌នៅកំពង់ធំថ្ងៃមុន ប្រទេសកូតឌីវ័រមានត្រឹមតែ ១លាន ១សែនតោនទេ តែកម្ពុជាយើងមាន ១លាន ១សែន ៨ម៉ឺន តោន នេះមិនទាន់គិតដល់កំពុងមានការលូតលាស់ឡើង​ដែលមានប្រមាណ ៧០ម៉ឺនហិកតា ផង ” ។

“អ៊ីចឹងថ្ងៃក្រោយទៅប្រសិនជាថា ស្វាយចន្ទីនេះវាកាត់កង យកទៅចែកតាមទីផ្សារនៅលើពិភពលោកតែម្តង ប្រទេសណាក៏ត្រូវការដែរ ជាពិសេសក្នុងវិស័យទេសចរណ៍ហ្នឹងតែម្តង ត្រូវការគ្រាប់ស្វាយចន្ទី”

ក្នុងឱកាសជួបសំណេះសំណាលជាមួយពលរដ្ឋនៅខេត្តពោធិ៍សាត់នេះដែរ សម្តេច បានជំរុញឱ្យពលរដ្ឋក្នុងខេត្តនេះ ​ដាំស្វាយចន្ទី​ ​ដែលជាដំណាំយុទ្ធសាស្រ្តនេះផងដែរ ។

យោងតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា បច្ចុប្បន្នផ្ទៃដីដាំដុះស្វាយចន្ទីនៅកម្ពុជាមានប្រមាណជាង ៧០ម៉ឺនហិកតា និងផ្តល់ចំណូលបានប្រមាណជាង ១ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ ។

សមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងផងដែរថា ក្នុងឆ្នាំ២០២១ ផលិតកម្មគ្រាប់ស្វាយចន្ទីឆៅនៅលើពិភពលោក មានប្រមាណ ៥លាន តោន ក្នុងនោះកម្ពុជាផលិតបាន ១.១៨០.០០០ តោន ​ស្មើនឹង ២៤នៃការផលិតសរុប, ប្រទេសកូតឌីវ័រផលិតបាន១.១០០.០០០តោន ​ស្មើនឹង២២%នៃការផលិតសរុប ,ប្រទេសឥណ្ឌាផលិតបាន ៨០០.០០០តោន ​ស្មើនឹង១៦%នៃការផលិតសរុប ​,ប្រទេសវៀតណាម ផលិតបានប្រមាណ ៣៩៩.០០០ ​ស្មើនឹង៨%នៃការផលិតសរុប រួមនឹងប្រទេសផ្សេងៗទៀត មានប្រមាណ១.៥២៣.២២២តោន ៕     

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook