ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀប ចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២បានបន្តផ្សព្វផ្សាយសេចក្ដី ណែនាំ “ការហាមឃាត់ ការប្រើប្រាស់ ការឧបត្ថម្ភ ការចែកចាយ និងការផ្សព្វផ្សាយបារី និងបារីអេឡិចត្រូនិក (វេប) ទៅដល់អគ្គលេខាធិការ និងប្រធានគណៈកម្មការជំនាញនៃគណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ សហព័ន្ធកីឡាទាំងអស់ និងសាធារណជនទូទៅ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពី”ដំណើរឆ្ពោះទៅការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១៥ ឆ្នាំ ២០២៣ ជាព្រឹត្តិការណ៍ប្រកួត កីឡាគ្មានផ្សែងថ្នាំជក់ នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២៣នៅ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេស ចរណ៍ និងជាអនុប្រធានគណៈកម្មា ធិការពិធីបើក និងបិទនៃគណៈកម្មា
ធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានមានប្រសាសន៍ថា ការរៀបចំសិក្ខាសាលានេះឡើង មានគោល បំណងជួយលើកកម្ពស់ការយល់ដឹង និងលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ផ្នែកទាំងអស់ដើម្បីការពារសុខុមាលភាពរបស់អត្តពលិក ក្រុមយុវជនស្ម័គ្រចិត្ត និងសមត្ថកិច្ចពាក់ព័ន្ធនានា ការពារ

និងទប់ស្កាត់ការរងផ្សែងផលិតផលថ្នាំជក់ដែលបង្កឱ្យមានហានិភ័យសុខភាពដល់អ្នកនៅជុំវិញ និងកាត់បន្ថយផលប៉ះពាល់ដល់សុខភាពសេដ្ឋកិច្ចសង្គម និងបរិស្ថានដែលបណ្ដាលមកពីផលិតផលថ្នាំជក់តាមរយៈការផ្សព្វផ្សាយ និងការជំរុញអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់និងលិខិតបទដ្ឋានគតិយុត្តិនានា និងសេចក្តីណែនាំស្តីពីការអនុវត្តគោលការណ៍ “កីឡាគ្មានថ្នាំជក់ ឱ្យមានប្រសិទ្ធភាពក្នុងអំឡុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នាពេលខាងមុខនេះ។
លើសពីនេះទៀតសិក្ខាសាលានៅថ្ងៃនេះ នឹងជួយទាញការចាប់ អារម្មណ៍របស់យើងទាំងអស់គ្នាឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការកសាងបរិស្ថានមួយដែលគ្មានថ្នាំជក់ ដើម្បីឱ្យប្រទេសកម្ពុជារបស់យើងក្លាយជាគោលដៅទេសចរណ៍ស្អាត បៃតង និងមានសុវត្ថិភាព ។
ឯកឧត្តមបានអំពាវនាវដល់ថ្នាក់ ដឹកនាំគណៈកម្មាធិការជាតិ និងអនុគណៈកម្មាធិការជាតិរៀបចំការ ប្រកួតកីឡាអាស៊ីអាគ្នយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ សហព័ន្ធកីឡា

និងកីឡាជនពិការ កម្លាំងរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ និងយុវជនស្ម័គ្រចិត្ត ចូលរួមអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ លិខិតបទដ្ឋានគតិយុត្តនានា និងសេចក្តីណែនាំរបស់គណៈកម្មា ធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ ២០២៣ ស្តីពីការអនុវត្តគោល ការណ៍ “កីឡាគ្មានថ្នាំជក់ នៅការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅព្រះរាជា ណាចក្រកម្ពុជាឱ្យបានជោគជ័យ និងកាន់តែមានប្រសិទ្ធភាព។
គណៈកម្មាធិការជាតិរៀបចំការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ បានបញ្ជាក់នូវចំណុចសំខាន់ៗ៣ ត្រូវទទួលអនុវត្តរួមមាន៖ ហាមឃាត់ការប្រើប្រាស់ផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក (វេប) នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិ ទីលានប្រកួតកីឡា និងតំបន់ស្នាក់ នៅហូបចុករបស់ប្រតិភូកីឡា , ហាមឃាត់ការលក់ ការចែកចាយ និងការផ្សាយពាណិជ្ជកម្មផលិត ផលថ្នាំជក់ និងបារីអេឡិចត្រូនិក (វេប) គ្រប់ទម្រង់នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិ ទីលានប្រកួតកីឡា និងតំបន់ស្នាក់នៅហូបចុករបស់ប្រតិភូកីឡា, មិនទទួលការឧបត្ថម្ភនានារបស់ក្រុមហ៊ុនថ្នាំជក់ និងក្រុមហ៊ុនបារីអេឡិចត្រូនិក (វេប) ទោះក្នុងទម្រង់ឬគោល បំណងណាក៏ដោយ ។

លោកវេជ្ជបណ្ឌិតមុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខ ភាពកម្ពុជាបានមានប្រសាសន៍ថា កីឡាគ្មានថ្នាំនឹងផ្ដល់ផលប្រយោជ ន៍យ៉ាងច្រើនរួមមាន៖ ការពារកីឡាករ គ្រូបង្វឹក ទស្សនិកជន អ្នករៀបចំ និងអ្នកស្ម័គ្រចិត្ត ពីការស្រូបផ្សែងបារីពីគេប្រកបដោយគ្រោះ ថ្នាក់ ធានាបាននូវស្តង់ដារសុខភាពខ្ពស់សម្រាប់អ្នកទាំងអស់ដែលពាក់ព័ន្ធនឹងការប្រកួតកីឡានេះ លើកទឹកចិត្តនិងគាំទ្រអ្នកជក់បារីឱ្យផ្តាច់បារី បង្ការអ្នកមិនជក់បារី ជាពិសេសយុវវ័យពីការចាប់ផ្តើមជក់បារី រួមចំណែកបង្កើតវប្បធម៌គ្មានថ្នាំជក់ កាត់បន្ថយចំណាយលើការសម្អាត និងហានិភ័យនៃអគ្គីភ័យ។
លោកវេជ្ជបណ្ឌិតបន្តថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអគ្នេយ៍លើកទី២២ ជាព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍គ្មានថ្នាំជក់លើកដំបូងដែលប្រារព្ធឡើងនៅឆ្នាំ២០០៣ ហើយការប្រកួតកីឡាអាស៊ីអាគ្នេយ៍ជាបន្ត បន្ទាប់ទៀតក៏បានអនុវត្តតាមគោល ការណ៍កីឡាគ្មានថ្នាំជក់ផងដែរ ដោយប្រទេសជាម្ចាស់ផ្ទះបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍កីឡាគ្មានថ្នាំជក់នេះ។

ព្រឹត្តិការណ៍កីឡាអន្តរជាតិធំៗ ដូចជាព្រឹត្តិការណ៍ “FIFA” ជាដើម សុទ្ធតែមានគោលការណ៍ហាមឃាត់យ៉ាងតឹងរ៉ឹងចំពោះការប្រើប្រាស់ ការផ្សាយពាណិជ្ជកម្ម និងការឧបត្ថម្ភ ក្នុងការប្រកួតទាំងមូល។
គួរបញ្ជាក់ថា នៅកម្ពុជា ប្រជាពល រដ្ឋ ១៥ ០០០នាក់ ស្លាប់ជារៀង រាល់ឆ្នាំ ដោយសារជំងឺដែលបង្កដោយថ្នាំជក់។ ជំងឺនាំមុខទាំង៥ មាន៖ (1) ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល (2) ជំងឺស្ទះសរសៃ ឈាមបេះដូង (3) ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម (4) ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ (5) និងជំងឺមហារីកសួត ទងសួត និងបំពង់ខ្យល់៕