Connect with us

ព័ត៌មានទាន់ហេតុការណ៍

រន្ធត់ណាស់! មនុស្សជិត១ពាន់នាក់ត្រូវជម្លៀស និង៥នាក់រងរបួស នៅក្នុងករណីឆេះរោងចក្រចម្រាញ់ប្រេងនៅឥណ្ឌូណេស៊ី

(ហ្សាការតា)៖ ក្រុមហ៊ុនប្រេងរដ្ឋឥណ្ឌូណេស៊ី ភើតាមីណា (Pertamina) បានប្រកាសនៅថ្ងៃចន្ទនេះថា ខ្លួនកំពុងតែព្យាយាមគ្រប់គ្រង អគ្គីភ័យដែលកំពុងឆាបឆាបយ៉ាងសន្ធោរសន្ធៅ នៅឯរោងចក្រចម្រាញ់ប្រេងមួយកន្លែង ស្ថិតនៅក្នុងទីក្រុងបាឡុងហ្គាន់ (Balongan) នៃខេត្តជ្វាខាងលិច (West Java) ខណៈមនុស្ស ០៥នាក់បានទទួលរងរបួស និង ៩៥០នាក់ទៀតត្រូវជម្លៀសចេញពីតំបន់ជុំវិញ។ នេះបើតាមបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១។

បើតាមអាជ្ញាធរក្នុងតំបន់ខាងលើនេះ គ្រោះអគ្គីភ័យបានចាប់ផ្តើមឡើង កាលពីយប់ថ្ងៃអាទិត្យ ហើយក៏មានសំឡេងផ្ទុះដ៏កក្រើកមួយ ត្រូវបានគេដឹងលឺផងដែរ។ បើតាមវីដេអូនានា ដែលត្រូវបានផ្សព្វផ្សាយក្នុងបណ្តាញសង្គម គេឃើញមានអណ្តាតភ្លើងយ៉ាងសន្ធោរសន្ធៅ និងផ្សែងហុយយ៉ាងខ្មួលខ្មាញ់ រោងចក្រចម្រាញ់ប្រេងរបស់ក្រុមហ៊ុន Pertamina នោះ។

សេចក្តីប្រកាសពីក្រុមហ៊ុន Pertamina បានឲ្យដឹងថា រោងចក្រដែលកំពុងឆាបឆេះនេះ អាចចម្រាញ់ប្រេងបាន ១២៥,០០០បារ៉ែល នៅក្នុងមួយថ្ងៃ ហើយវាបានឆាបឆេះអំឡុងពេលអាកាសធាតុមិនល្អ។ មូលហេតុនៃការឆាបឆេះ គឺមិនទាន់មាននរណាដឹងឡើយ ប៉ុន្តែអាជ្ញាធរបានអះអាងថា ហេតុការណ៍អគ្គីភ័យបានកើតឡើង នៅពេលមានភ្លៀងខ្យល់ និងផ្គររន្ទះ។ រោងចក្រខាងលើនេះ ស្ថិតនៅចម្ងាយ ២២៥គីឡូម៉ែត្រពីរដ្ឋធានីហ្សាការតា៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook