ភ្នំពេញ៖ ឯកឧត្ដមម៉ប់ សារិន
សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រៃ្តយ៍គណបក្សរាជធានីភ្នំពេញ បានជំរុញឱ្យសមាជិកគណបក្សប្រជាជនកម្ពុជា ថ្មី ត្រូវបំពេញតួនាទីជាយុវជនសសរទ្រូង ជាទំពាំងស្នងឫស្សី ជាសកម្មជនរបស់គណបក្ស និងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៣ កក្កដា២០២៣ ខាងមុខ នេះ ។
ការជំរុញបែបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៣ នេះ ខណៈដែលឯកឧត្តមអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណា លនិងប្រកាសបញ្ចូលសមាជិកគណបក្សថ្មីចំនួន៥៥០នាក់របស់សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យនៅមន្ទីរគណបក្សរាជធានីភ្នំពេញ។
ពិធីនេះ ក៏មានវត្តមាន ឯកឧត្ដមឃុត ចាន់ដារ៉ា តំណាងរាស្ត្រមណ្ឌលរាជធានី ឯកឧត្ដមម៉ម ម៉ាលី សមាជិកក្រុមប្រឹក្សារាជធានីនិងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់កាកាបទី១ និងលោកសក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យចូលរួមផងដែរ។
ឯកឧត្ដមម៉ប់ សារិន បានមាន ប្រសាសន៍លើកឡើងថា៖ សមាជិកគណបក្សប្រជាជនកម្ពុជា ថ្មី ដែលត្រូវប្រកាសបញ្ចូលនេះ មានចំនួន ៥៥០នាក់ មកពីសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ដូច្នេះ លោកស្នើឱ្យប្អូនៗសមាជិកបក្សទាំង៥៥០រូប ខិតខំបំពេញតួនាទី ជាយុវជនសសរទ្រូង ជាទំពាំងស្នង ឫស្សី ជាសកម្មជនរបស់គណបក្សនិងទៅបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជានៅថ្ងៃទី២៣ កក្កដា ២០២៣ ខាងមុខនេះ ដោយសមាជិកម្នាក់ ជាសន្លឹកឆ្នោតមួយសន្លឹករបស់គណបក្សកុំបីខាន។
លោកស្រីទៀប វណ្ណរឿង ប្រធានគណបក្សសង្កាត់ កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ក្នុងឱកាសនោះដែរ ក៏បានអានសេចក្តីសម្រេចយល់ ព្រម បញ្ចូលសមាជិកគណបក្ស ប្រជាជនកម្ពុជាសង្កាត់កាកាបទី១ ទាំង ៥៥០រូប ទៅតាមសំណើរបស់សាមីតំណាងដោយកញ្ញាអេង សៀងជូផងដែរ។
គួរបញ្ជាក់ថា ក្រោយបញ្ចប់ការសំណេះសំណាល ឯកឧត្តម ម៉ប់ សារិន បានឧបត្ថម្ភថវិកា របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជូនប្អូនៗទាំង៥៥០នាក់ ដោយម្នាក់ទទួលបាន២០០០០ រៀលផងដែរ៕