សម្ដេចក្រឡាហោម ស ខេង បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មថ្មីប្រកបដោយភាពគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើយ៉ាងណាឱ្យជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋគ្រប់ៗរូបមានភាពងាយស្រួល លើសន្តិសុខទិន្នន័យ, កម្រៃសេវា, ការត្រួតពិនិត្យ និងអធិការកិច្ច និងទោសប្បញ្ញាត្តិជាដើម។
ថ្លែងក្នុងកិច្ចប្រជុំអន្តរក្រសួងឆ្លងសេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និង អត្តសញ្ញាណកម្ម នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុម ការងារតាក់តែងសេចក្ដីច្បាប់ស្ដីពីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលបាន ដឹកនាំ សហការ សម្របសម្រួលបំពេញភារកិច្ចតាក់តែងច្បាប់យ៉ាងល្អ ពិសេសការរៀបចំកិច្ចប្រជុំ សិក្ខាសាលាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាច្រើនលើក រហូតរៀបចំបានសេចក្ដីព្រាងច្បាប់ប្រកបដោយ ភាពគ្រប់ជ្រុងជ្រោយ។
សម្ដេចក្រឡាហោមបញ្ជាក់ថា សេចក្ដីព្រាងច្បាប់នេះ មានទំនាក់ទំនងជិតស្និទ្ធទៅនឹងជីវភាពប្រចាំថ្ងៃរបស់ ប្រជាពលរដ្ឋគ្រប់ៗរូប ជាពិសេសពាក់ព័ន្ធនឹងការចុះបញ្ជីព្រឹត្តិការណ៍កំណើន ការរៀបអាពាហ៍ពិពាហ៍ និងការទទួលមរណភាព។ សម្ដេចបន្ថែមថា បទបញ្ញត្តិកំពុងប្រើប្រាស់បច្ចុប្បន្នបានធ្វើវិសោធនកម្ម ច្រើនលើក និងប្រឈមភាពស្មុគស្មាញច្រើន ទើបរៀបចំសេចក្ដីព្រាងច្បាប់ថ្មី។
សូមបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម មាន១២ជំពូក និង១៨២មាត្រា។ សេចក្ដីព្រាងច្បាប់នេះចែងអំពីការចុះបញ្ជីអត្រានុកូលដ្ឋាន, ស្ថិតិអត្រានុកូលដ្ឋាន, ការចុះបញ្ជីស្នាក់នៅ, ការចុះបញ្ជីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, ប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន, ការប្រើប្រាស់ទិន្នន័យ ការការពារឯកជនភាពបុគ្គល និងសន្តិសុខទិន្នន័យ, កម្រៃសេវា, ការត្រួតពិនិត្យ និងអធិការកិច្ច និងទោសប្បញ្ញាត្តិជាដើម៕