ភ្នំពេញ៖ អគ្គនាយកក្រុមហ៊ុន មីហ្ស៊ីដា គ្រុប ចង់វិនិយោគកែច្នៃ ដុតសំរាមទៅជាអគ្គិសនី បន្ថែមពីលើការងារដែលក្រុមហ៊ុនបាននិងកំពុងអនុវត្តបានល្អប្រសើរនោះ គឺការដឹក ជញ្ជូនប្រមូលសំរាមទៅចាក់នៅទីលានចាក់សំរាម ។
ការស្នើចង់វិនិយោគសំណល់ រឹង ទៅជាអគ្គិសនីរបស់លោក Shan Jian Ming អគ្គនា យកក្រុមហ៊ុន មីហ្ស៊ីដា គ្រុប
ខាងលើនេះ បានធ្វើឡើងក្នុងឱកាសជំនួបសំដែងការគួរសមជាមួយឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែមីនាឆ្នាំ២០២៣ នេះ នៅសាលារាជធានីភ្នំពេញ។
លោក Shan Jian Ming បានមានប្រសាសន៍លើកឡើងថា៖ ក្នុងជំនួបនេះ ក្រុមហ៊ុន មានគោលបំណង ពិភាក្សាអំពីលទ្ធភាពនៃការធ្វើវិនិយោគលើគម្រោងផ្សេងៗ និងការរួម ចំណែកលើការអភិវឌ្ឍរាជធានីភ្នំពេញឱ្យ កាន់តែស្រស់ស្អាត មានសោភ័ណភាព និងស័ក្ដិសមជាទីក្រុងទំនើប។
ក្នុងនោះទី១ ក្រុមហ៊ុនចង់ទទួលមតិយោបល់ ណែនាំពីចំណុចខ្វះខាតមួយចំនួនដែលក្រុមហ៊ុនកំពុងអនុវត្ត លើកិច្ចការងារប្រមូល ដឹកជញ្ជូនសំរាម នៅក្នុងរាជធានីភ្នំពេញ ។ ទី២ ក្រុមហ៊ុន មានគម្រោងចង់កែច្នៃ ដុតសំរាមទៅជាអគ្គិសនី។ លោកបានបញ្ជាក់ថា ឆ្លងកាត់ការប្រមូលដឹកជញ្ជូនសំរាម ក្រុមហ៊ុនមានទំនុកចិត្តទៅលើរាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញយ៉ាងខ្លាំង ។ ដូច្នេះក្រុមហ៊ុនមានបំណងចង់វិនិយោគលើគំរោងដុតសំរាមទៅជាអគ្គិសនីនៅរាជធានីភ្នំពេញបន្ថែមទៀត ។
ដោយសារតែនៅប្រទេសចិន ក្រុមហ៊ុនមីហ្ស៊ីដា គ្រុប មានរោងចក្រដុតសំរាមទៅជាអគ្គិសនីចំនួន៣៣រោងចក្រ។ លោកជឿជាក់ថា គម្រោងនេះនឹងទទួលបានការគាំទ្រពីសាលារាជធានីភ្នំពេញក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្ដម ឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា៖ ការធ្វើកំណែទម្រង់នៃការគ្រប់ គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញពិតជាទទួលបានលទ្ធផលគួរជាទីមោទនៈ ក្នុងនោះការដេញថ្លៃជ្រើសរើសក្រុមហ៊ុនថ្មី ដើម្បីផ្តល់សេវាប្រមូល សម្អាត និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ក៏បានធ្វើរួចរាល់ផងដែរ ដែលកន្លងមកក្រុមហ៊ុន ចំនួន ០៣ ត្រូវបានជ្រើសរើស
ហើយបានចាប់ផ្តើមប្រតិបត្តិការការងាររបស់ខ្លួនកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ន។ ជាលទ្ធផល មានការសាទរ និងវាយតម្លៃខ្ពស់ពីបងប្អូនប្រជាពលរដ្ឋ ដោយបានផ្លាស់ប្តូរគុណភាពសេវាគួរឱ្យកត់សម្គាល់ មិនមានគំនរសំរាមសេសសល់ដូចមុន ការប្រមូលបានទៀងទាត់ជាងមុន ស្អាតជាងមុន មធ្យោបាយ និងសម្ភារ: បរិក្ខារប្រើប្រាស់ថ្មីជាងមុន បុគ្គលិកកម្មករច្រើន និងមានការអប់រំជាងមុន ដែលប្រការនេះធ្វើឱ្យមានការសាទរ ពីគ្រប់មជ្ឈដ្ឋាន នៅរាជធានីភ្នំពេញ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រុមហ៊ុនក៏នៅមានចំណុចខ្វះខាតមួយចំនួន ដែលត្រូវបំពេញបន្ថែមផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញ មានសោភ័ណភាព បរិស្ថានល្អប្រសើរជាងមុន ។
ឯកឧត្ដមឃួង ស្រេង ក៏បានណែនាំឲ្យក្រុមហ៊ុន Mizuda Group Co., Ltd បន្តការខិតខំប្រឹងប្រែង បន្ថែមទៀត ដើម្បីដណ្តើមស្នាដៃ បន្តការវិនិយោគប្រមូលសំរាមនេះ នៅតាមបណ្ដាខេត្តផ្សេងៗទៀតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ដោយឡែកចំពោះក្រុមហ៊ុន ចង់វិនិយោគដុតសំរាមទៅជាអគ្គិសនីនោះ ឯកឧត្ដមឃួង ស្រេង បញ្ជាក់ថាការងារនេះ ជាការងារដែលសម្រេចដោយរាជរដ្ឋាភិបាលកម្ពុជា ។តែបើរាជរដ្ឋាភិបាលកម្ពុជា ផ្តល់លទ្ធភាពឱ្យរដ្ឋបាលរាជធានីភ្នំពេញជាអ្នកចាត់ចែង នោះរដ្ឋបាលរាជធានីភ្នំពេញនឹងផ្តល់ជូនក្រុមហ៊ុនមីសូដាមុនគេ៕