ប៉ៃលិន៖ ការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ ២០២២-២០២៣ បានបញ្ចប់ដោយជោគជ័យ នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២៣ នៅទីលាន កីឡដ្ឋានខេត្ត (ភ្នំចេក) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាល ខេត្តប៉ៃលិន ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្រោមការដឹកនាំ ដ៏ប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកកម្ពស់វិស័យកីឡា ជាពិសេសការសម្រេចចិត្តធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ក្នុងខែឧសភា ឆ្នាំ២០២៣ ក្នុងនោះក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការប្តេជ្ញាចិត្តខ្ពស់ និងខិតខំ ប្រឹងប្រែងកែទម្រង់គ្រប់ទិដ្ឋភាពទាំងក្នុងក្របខណ្ឌគោលនយោបាយ និងក្របខណ្ឌបច្ចេកទេស ដោយផ្អែក លើគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ផែនការឆ្ពោះទៅឆ្នាំ២០២៣ ដោយផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធកីឡាសម្រាប់ការហាត់ហ្វឹកហ្វឺន ការបណ្តុះបណ្តាលធនធាន មនុស្ស ទាំងបរិមាណ និងគុណភាព និងការរៀបចំប្រកួតកីឡាគ្រប់ប្រភេទប្រកបដោយស្តង់ដារ ។

លោកជំទាវអភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះប្រតិភូកីឡាករកីឡាការិនី មកពីតាមគ្រឹះស្ថានសិក្សា ទាំងបឋមសិក្សា និងមធ្យមសិក្សាទាំងអស់ ដែលបានចូលរួមក្នុងការប្រកួតនេះ ហើយបានគោរព គោលការណ៍ និងបទបញ្ជាបច្ចេកទេសនៃការប្រកួតកីឡាបានល្អត្រឹមត្រូវ និងមានស្មារតីស្រឡាញ់កីឡា ពិតប្រាកដ ដើម្បីទទួលលទ្ធផលបច្ចេកទេសស្របតាមសមត្ថភាពរបស់ខ្លួន ដោយមិនគិតតែពីការ ឈ្នះ ចាញ់ ជារឿងសំខាន់នោះឡើយ ពីព្រោះវិស័យអប់រំកាយ និងកីឡា ជាសមាសភាគមួយដ៏សំខាន់ ក្នុង ចំណោមសមាសភាគទាំងប្រាំនៃការអប់រំ សម្រាប់ពង្រឹងកាយសម្បទា និងសុខភាពអ្នកសិក្សា ដែលមិន អាចខ្វះមួយណាបានឡើយ ជាពិសេសចំពោះក្មួយៗកុមារា កុមារី ដែលកំពុងសិក្សានៅកម្រិតបឋមសិក្សា ព្រោះអាចអភិវឌ្ឍន៍ កាយសម្បទា គំនិត ប្រាជ្ញា និងស្មារតីរបស់កុមារឱ្យមានលទ្ធភាពទទួលយកការអប់រំ បានល្អ ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៏បានកោតសរសើរ ចំពោះមន្ទីរអប់រំ យុវជន និង កីឡាខេត្ត ជាពិសេសគណៈកម្មការបច្ចេកទេសទាំងអស់ ដែលបានខិតខំប្រឹងប្រែងតាំងពីថ្ងៃដំបូង រហូតមកដល់ថ្ងៃបញ្ចប់នេះ ដោយយកអស់កម្លាំងកាយចិត្ត មិនគិតពីការនឿយហត់ ស្តែងចេញនូវការ ទទួលខុសត្រូវខ្ពស់ ប្រកបដោយស្មារតីយុត្តិធម៌ អនុវត្តបានល្អប្រសើរ តាមនិយាមបច្ចេកទេសរបស់ គណៈកម្មការរៀបចំការប្រកួត និងជំរុញឱ្យការប្រកួតទាំងមូលមានដំណើរការល្អនិងទទួលបាន ជោគជ័យ។
បើតាមរបាយការណ៍របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានឱ្យដឹងថា៖ ការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២២-២០២៣ នេះ មានរយៈពេល ១០ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ខែមីនា ដល់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ដោយមានសមាស ភាព ក្រុមកីឡាករកីឡាការិនីបឋមសិក្សាចូលរួមប្រកួត ចំនួន ១១សាលា មាន០៤វិញ្ញាសា រួមមាន៖ បាល់ទាត់ប្រុស/ស្រីចំនួន ០៦ក្រុម , បាល់ទះប្រុស/ស្រីចំនួន ០៥ក្រុម , បាល់បោះប្រុស/ស្រីចំនួន ០៦ក្រុម និងអត្តពលកម្មប្រុស/ស្រីចំនួន ០៨ក្រុម ដែលមានកីឡាករ កីឡាការិនីសរុបចំនួន២៨៨នាក់ ស្រី ១២០នាក់ ។ចំណែកសមាសភាពក្រុមកីឡាករកីឡាការិនីមធ្យមសិក្សាចូលរួមការប្រកួតមាន ចំនួន ០៦សាលា មាន០៤វិញ្ញាសា រួមមាន៖ បាល់ទាត់ប្រុសស្រី ចំនួន០៤ក្រុម, បាល់ទះប្រុសស្រីចំនួន ០៦ក្រុម, បាល់បោះប្រុសស្រីចំនួន ០៤ ក្រុម និងអត្តពលកម្ម ចំនួន០៨ក្រុម ដែលមានកីឡាករ កីឡាការិនី សរុប ២៤០នាក់ ស្រី ១៣២នាក់៕