Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចបានចាត់ទុកប្រទេសជប៉ុនជាប្រទេសដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យសង្គមនៅកម្ពុជា

លោកស្រី Kamei Haruko ប្រធាន JICA និងសហការី បានអញ្ជើញជួបសំណេះសំណាលជាមួយ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

លោកស្រី Kamei Haruko មានប្រសាសន៍ថា លោកស្រីពិតជាសប្បាយរីករាយណាស់ ដែលឆ្នាំនេះជាខួបលើកទី ៧០ នៃទំនាក់ទំនងរវាងប្រទេសជប៉ុន និងកម្ពុជា ហើយលោកស្រីពិតជារំភើបដែលបានមកបំពេញបេសកកម្មនៅកម្ពុជា ហើយលោកស្រីបានស្នើសុំឱ្យក្រសួងសង្គមកិច្ចពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយ អ្នកជំនាញ JICA លើគម្រោងទាក់ទងនឹងការជួញដូរមនុស្ស ដូច្នេះគម្រោងនេះនឹងមានផលវិជ្ជមាននៅពេលអនាគត។

ឯកឧត្តម វង សូត មានប្រសាសន៍ថា ការជួញដូរមនុស្សគឺជាបញ្ហាស្មុគស្មាញដែលទាមទារឱ្យភាគីពាក់ព័ន្ធទាំងអស់ចូលរួម ព្រោះករណីជួញដូរមនុស្សមានលក្ខណៈជាប្រព័ន្ធពីប្រទេសមួយទៅប្រទេសមួយទៀត។ យ៉ាងណាក៏ដោយ ក្រសួងសង្គមកិច្ចបាននិងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ រួមទាំងអង្គការ JICA ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស។

ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កម្ពុជាបានចាត់ទុកប្រទេសជប៉ុនជាប្រទេសដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជាលើវិស័យជាច្រើន ដែលរួមមានការសាងសង់ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ និងការបណ្តុះបណ្តាលធនធានមនុស្ស។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការ JICA ដែលតែងតែផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជិតស្និទ្ធ ជាមួយនឹងលទ្ធផលជាវិជ្ជមាន ក្នុងការជួយជនរងគ្រោះដោយការជួញដូរមនុស្ស ស្របតាមគោលនយោបាយ និងគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook